កំពតៈ ក្រុមមន្រ្តីជំនាញកំពុងសិក្សាពីការប្រទះឃើញប្រភេទសត្វផ្សោតគ្មានព្រុយខ្នងមួយក្បាលជាលើកដំបូងក្នុងដែនសមុទ្រកម្ពុជា ក្រោយពេលដែលវាបានជាប់មងស្លាប់នៅក្នុងសហគមន៍នេសាទ ត្រពាំងរពៅ ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ កាលពីថ្ងៃទី១០ មិថុនានេះ។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានឱ្យដឹងនាថ្ងៃទី១១ ខែមិថុនាថា ប្រជាសហគមន៍នេសាទ ត្រពាំងរពៅបានរាយការណ៍ទៅខណ្ឌរដ្ឋបាលជលផលខេត្តពីផ្សោតជាប់មងមួយក្បាល កាលពីថ្ងៃទី១០ ខែមិថុនានេះ។ ក្រោយពីក្រុមការងារជលផល និង អង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានចុះទៅពិនិត្យឃើញថា ផ្សោតញីវ័យជំទង់មួយក្បាលនោះ ជាប្រភេទផ្សោតគ្មានព្រុយ (Neophocaena phocaenoides) ដែលជាកំណត់ត្រាជាលើកដំបូងក្នុងដែនសមុទ្រប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ប្រភេទផ្សោតអត់ព្រុយខ្នងហ្នឹង ជាប្រភេទថ្មី ដែលការសិក្សាស្រាវជ្រាវរបស់យើងជាច្រើនឆ្នាំ មកហើយមិនដែលបានឃើញទេនៅតំបន់យើង។ ក្រុមការងារយើងបានធ្វើអត្តសញ្ញាណវាទៅឃើញថា វាជាប្រភេទផ្សោតពូជថ្មីមួយទៀតក្រៅពីប្រភេទផ្សោតក្បាលត្រឡោក និងផ្សោតផ្កាឈូក»។
ក្រុមការងារកំពុងតែធ្វើការសិក្សាបន្តទៀត ដើម្បីឱ្យដឹងថា ផ្សោតគ្មានព្រុយខ្នងមួយក្បាលនេះ បានបំលាស់ទីមកពីណា។
លោកថ្លែងថា៖«ដោយសារតែនៅតំបន់យើងហ្នឹងមានលក្ខណៈជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ីល្អប្រសើរ សម្បូរចំណី វាអាចមកពីតំបន់ផ្សេងចូលមករកចំណីនៅទីនេះ។ យើងកំពុងសិក្សាឱ្យដឹងថា វានៅក្នុងតំបន់ហ្នឹង ឬតំបន់ផ្សេងមករកចំណី»។
ទោះយ៉ាងណា លោកក៏បានឱ្យដឹងដែរថា ផ្សោតនោះបានស្លាប់បាត់ទៅហើយ ដោយសារតែជាប់មងយូរពេក។ ប្រសិនបើវានៅរស់ ក្រុមការងារអាចធ្វើការប្រលែងវាទៅវិញ ដើម្បីធ្វើការតាមដានពីប្រភពរបស់វា។ សាកសពរបស់ផ្សោតនោះត្រូវបានកប់នៅក្នុងសហគមន៍នេសាទត្រពាំងរពៅផងដែរ ក្រោយពីការពិនិត្យរួចរាល់។
លោកបន្តថា នៅក្នុងសហគមន៍នេសាទត្រពាំងរពៅនោះមិនទាន់មានការហាមឃាត់ពីការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទដូចជាមង ឬលបនោះទេ។ រដ្ឋបាលជលផលក៏កំពុងតែរៀបចំធ្វើការសិក្សាផងដែរ ដើម្បីកំណត់តំបន់អភិរក្សនៅក្នុងសហគមន៍នោះ។
អង្គការ MCC បានលើកឡើងផងដែរថា កំណត់ត្រាផ្សោតថ្មីនោះ វាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេស ប្រភពអាហារ និងជម្រកសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់ផ្សេងៗទៅរស់នៅក្នុងតំបន់អភិរក្សជលផលសមុទ្រកម្ពុជាផងដែរ។
ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលំទូលាយ និងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ។
កាលពីចុងខែឧសភា កន្លងមក កូនផ្សោតក្បាលត្រឡោកថ្មីមួយក្បាលក៏ត្រូវបានប្រទះឃើញវត្តមានផងដែរ នៅពេលដែលវាកំពុងតែហែលជាមួយនឹងផ្សោតឃ្លៀចនៅព្រែកត្នោតក្នុងក្រុងបូកគោ។ ក្រុមការងារអង្គការ MCC និងខណ្ឌរដ្ឋបាលជលផលបានធ្វើការតាមដានពីវត្តមាននៅជាមួយគ្នាយ៉ាងចម្លែក រវាងផ្សោតទាំង ២ប្រភេទនេះ។
ទោះយ៉ាងណា លោក ស សារិន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការតាមដានមិនទាន់ទទួលបានលទ្ធផលបន្ថែមទៀតនោះទេ៕