ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​អំពី​សកម្មភាព​អសីលធម៌​​ក្នុង​ពិធី​មង្គលការ ដែល​ធ្វើ​ឡើង​ជា​ចម្បង​ដោយ​ពលរដ្ឋ​​កម្ពុជា​រស់នៅ​ប្រទេស​ជិត​ខាង។

សកម្មភាព​ពួកគេ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម ពួកគេ​បញ្ចេញ​ក្បាច់​រាំ​បែប​សិចស៊ី និង​ដាំដូង​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ ដែល​សកម្មភាព​ទាំង​នេះ​រង​នូវការ​រិះគន់​យ៉ាង​ខ្លាំង។ 

លោក ស៊ំ ម៉ាប់ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យដឹងថា៖​«កន្លង​មក ទាំង​ស្ថាប័ន​ពាក់ព័ន្ធ យើង​​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សិក្ខាសាលា​ សេចក្ដី​ជូន​ដំណឹង និង​បែប​បទ​ផ្សេងៗ ហើយ​នៅ​ក្នុង​វិស័យ​នេះ ពួកគេ​បាន​ជ្រួលជ្រៀប​អស់​ហើយ​ចំពោះ​ពិធីការ និងចរឹក​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​»។ 

លោក​បាន​បញ្ជាក់ថា ប៉ុន្ដែ​បញ្ហា​កើត​ចេញ​ពី​បុគ្គល​មួយ​ចំនួន ដែល​ប្រព្រឹត្ដិ​ជ្រុល​ហួស​ហេតុ​ដើម្បី​ភាព​ចំណេញ​ផ្ទាល់​ខ្លួន​។

លោក ម៉ាប់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ហេតុការណ៍​កើត​ឡើង​ថ្មីៗ​នេះ គឺជា​បង​ប្អូន​ខ្មែរ​យើង​នៅ​ប្រទេស​ជិត​ខាង ដែល​មិន​មែនជា​ទង្វើ​របស់​បង​ប្អូន​ក្នុង​ប្រទេស​នោះទេ។ ពួកគាត់​មិន​មាន​សកម្មភាព​ហួសហេតុ​បែប​នេះដែរ»។ 

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្ហាញ​ថា ថ្មីៗ​នេះ ក្រុមប្រឹក្សា​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ បាន​សង្កេត​ឃើញ​អំពី​ការ​ចែករំលែក​ក្នុង​បណ្តាញ​សង្គម ដើម្បី​ចូលរួម​រិះគន់​កែលម្អ ចំពោះ​សកម្មភាព​អសីលធម៌​របស់​ក្រុម​សិល្បៈ​សម្តែង​ក្នុង​ពិធីកាត់សក់​អាពាហ៍ពិពាហ៍​មួយ​ចំនួន ដែល​ធ្វើឱ្យ​អាប់ឱន​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ។

វាជា​អប្បកិរិយា​បង្ហាញ​ពី​កាយវិការ​ជ្រុល​ហួស​ហេតុ ខ្វះ​ចំណេះដឹង និង​ការអប់រំ ​ជា​សកម្មភាព​បែប​អាត្មានិយម និង​ប៉ះពាល់​ដល់​ប្រយោជន៍​សង្គម​ទាំងមូល។

ក្នុង​គោល​បំណង​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ក្រសួង​បាន​ចេញ​ការព្រមាន​យ៉ាង​ម៉ឺងម៉ាត់​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ដោយ​បាន​លើក​ឡើង​ថា៖ «ក្រុមប្រឹក្សា​ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ស្រាវជ្រាវ និង​កោះហៅ ក្រុម​សិល្បៈ​ទាំងនោះ មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព។ ក្នុង​ករណី នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អសីលធម៌​ទាំងនេះ វិធានការ​ច្បាប់​មួយ នឹងត្រូវ​ប្រកាន់​យកតាម​គោល​ការណ៍​ដែល មាន​ជា​ធរមាន»។

ក្រុមប្រឹក្សា​ក៏បាន​ចេញ​លិខិត​អំពាវនាវ​​ដល់​មាតាបិតា ដោយ​ជំរុញ​ឱ្យ​ពួកគេ​ជ្រើសរើស​ក្រុម​សិល្បៈ​ដោយ​ប្រុងប្រយ័ត្ន​សម្រាប់​ពិធី​មង្គលការ​របស់​កូនៗ ដើម្បី​ធានាថា​ការសម្ដែង​លើក​តម្កើង​តម្លៃ​សង្គម។​

សេចក្ដី​ប្រកាស​របស់​ក្រសួង​បាន​បន្ដថា​៖ «សូម​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន កុំ​ចូលរួម​ចែករំលែក​ឃ្លីប​វីដេអូ ឬ​រូបភាព​អវិជ្ជមាន​ណាមួយ​ដែលជា សកម្មភាព​អាស និង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​សង្គមជាតិ​»។​

លោក ដួង សុគា ជា​ពិធីករ និង​ជា​សិល្បករ​ក្នុង​ពិធី​មង្គលការ​ ជាពិសេស ពិធី​កាត់សក់​ បាន​ឱ្យ​ដឹង​ថា ក្នុង​នាមជា​សិល្បករ​ក្នុង​កម្មវិធី​មង្គលការ និង​ស្រឡាញ់​វប្បធម៌​ខ្មែរ លោក​មិន​ចង់​ឱ្យ​មាន​ការ​សម្ដែង​ក្នុង​ពិធី​កាត់​សក់​បែប​ប្រពៃណី​ក្នុង​ទម្រង់​អសីលធម៌​នោះទេ​ ទាំង​ការ​សម្ដែង និង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ ទោះបីជា​លោក​អះអាងថា លោក​មិន​មាន​សិទ្ធិ​ក្នុងការ​កាត់​សេចក្ដី​។ 

លោក សុគា បាន​និយាយថា​៖ «បើ​សង្កេត​ទៅ​មើល​ដូន​តាយើង ខ្ញុំ​គិត​ថា ​ពួកគាត់​លេង​អ៊ីចឹង​ទេ​។ ពួកគាត់​លេង​ដោយ​ការ​គោរពគ្នា និង​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ មិន​ប៉ះពាល់​គ្នា។ ក្រោយៗ​នេះ សូម្បីតែ​ការ​លេង​សើច​ជាមួយ​កូន​កំដរ​ យើង​ក៏គួរតែ​គិត​ដែរថា តើ​យើង​គួរ​លេង​សប្បាយ​ក្នុង​កម្រិត​ណាមួយ​ឱ្យ​សមរម្យ​ ដោយ​មិន​ប្រឡំ​ឱប​រឹត​អី»។ 

លោក​បាន​លើក​ឡើង​ថា ការ​បង្កើត​បរិយាកាស​សប្បាយ​តែង​មាន​ ប៉ុន្ដែ​ត្រូវ​គិត​អំពី​សីលធម៌​ ការ​អប់រំ ក្នុង​នាម​ជា​សិល្បៈ​ ដោយ​លោក​ថ្លែង​អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ផ្ទាល់​។ 

លោក សុគា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ចង់​សំណូមពរ​ដល់​ប្អូនៗ ក្មួយៗ​ ជាអ្នក​សិល្បៈ​ទាំងអស់​ ត្រូវ​ធ្វើ​យ៉ាង​មេច​ក្នុងសកម្មភាព​ថ្លៃថ្នូរ​ ត្រូវ​ចេះ​គោរព​ស្រឡាញ់​ដែល​មាន​ប្រយោជន៍​សម្រាប់​ជាតិ។ កុំ​សប្បាយ​ រហូតដល់​ភ្លេច ហើយ​កុំ​ឱ្យ​ប្លែក​រហូត​ដល់​ហួស។ បង​ប្អូន​យើង​មិន​ពេញ​ចិត្ដ ក្នុង​បណ្ដាញសង្គម​ គេ​រិះគន់​»។ 

លោក​ជឿជាក់​ថា អ្នក​លេង​សប្បាយ​ខុស​ទំនៀម​នឹង​ធ្វើ​ការ​កែខ្លួន ហើយ​យុវជន​ដទៃ​មិន​យក​គំរូ​តាម ខណៈ​ម្ចាស់​កម្មវិធី​គួរតែ​ព្រមាន​អ្នក​សិល្បៈ​ជាមុន​ក្នុង​ការ​លេង​សប្បាយ​ក្នុង​កម្មវិធី​មង្គល​របស់​កូន​ៗ​របស់​ពួកគេ៕