
ឈើប្រភេទលេខ ៣ ជាង ១៣ម៉ែត្រគុប ត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅជិតស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនានេះ។ រូបថតមន្ទីរបរិស្ថាន ខេត្តបាត់ដំបង
បាត់ដំបងៈ មន្ទីរបរិស្ថានខេត្តបាត់ដំបងបាននឹងកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់មួយករណី ក្រោយពីបង្រ្កាបបានឈើប្រភេទលេខ ៣ ជាង ១៣ម៉ែត្រគុបនៅជិតស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនានេះ។
កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានធ្វើការបង្រ្កាបរថយន្តសណ្ដោងធន់ធំដឹកឈើចំនួន១គ្រឿង។ រថយន្តនេះមានទិសដៅចេញពីខេត្តពោធិ៍សាត់ ហើយប៉ុនប៉ងឆ្លងចូលខេត្តបាត់ដំបងតាមស្នាក់ការរងច្រកចង្អៀត។ នេះបើយោងតាមមន្ទីរបរិស្ថានខេត្តបាត់ដំបង។
មន្ទីរបានបញ្ជាក់ថា៖ «ជាក់ស្ដែង ក្រុមល្បាតយើងបានត្រួតពិនិត្យមើលករណីរថយន្តសណ្ដោងធន់ធំបានបង្កប់ឈើចំនួន ៤សន្លឹក ហើយកម្លាំងសម្ថតកិច្ចយើងបានធ្វើការដកហូតវត្ថុតាងមានរថយន្ត ១គ្រឿងម៉ាកយីហ្វាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខខាងមុខ ត្បូងឃ្មុំ 3A-3400 និងខាងក្រោយ សីហនុ 4A-2829 ដែលដឹកឈើប្រភេទស្ពង់ ចំនួន ៤សន្លឹក ស្មើរនឹង ១៣,៨៣ម៉ែត្រគុប»។
វត្ថុតាងទាំងនេះត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានអះអាង កាលពីថ្ងៃទី១១ មិថុនា ថា គ្មានអ្នកណាម្នាក់ត្រូវបានឃាត់ខ្លួនបានទេ នៅក្នុងការបង្រ្កាបនេះ។
លោកអះអាងថា កម្លាំងមន្រ្តីឧទ្យានុរក្សបានឃើញអ្នកបើកបររថយន្តម្នាក់ចុះរត់គេចខ្លួនបាត់ នៅចម្ងាយប្រហែលជា ១០០ម៉ែត្រពីស្នាក់ការច្រកចង្អៀត។

ឈើប្រភេទលេខ ៣ ជាង ១៣ម៉ែត្រគុប ត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅជិតស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនានេះ។ រូបថតមន្ទីរបរិស្ថាន ខេត្តបាត់ដំបង
លោកបញ្ជាក់ថា៖ «នៅខ្វះ ១០០ម៉ែត្រទៀតដល់បារ៉ាស់ តៃកុងឃើញក៏ចុះរត់បាត់ ចាប់មិនបានទេ។ វាដឹងថាយើងកាក់វា វាឈប់ឡានរត់ចូលភូមិបាត់ទៅ។ ចំណុចដែលចាប់គឺត្រង់ព្រំដែនខេត្តពោធិ៍សាត់ និងបាត់ដំបង»។
លោកបានអះអាងបន្តថា ឈើប្រភេទនេះមិនមានក្នុងខេត្តបាត់ដំបងនោះទេ គឺមានតែនៅក្នុងតំបន់ព្រៃជ្រៅ ឬជ្រោះជ្រៅៗក្នុងទឹកដីខេត្តពោធិ៍សាត់។
លោកបានថ្លែងថា៖ «យើងមិនដឹងថា ឡានហ្នឹងចាប់ផ្តើមរត់ចេញពីចំណុចណាមកទេ។ យើងកំពុងតែស្រាវជ្រាវធ្វើតាមនីតិវិធីច្បាប់ទាំងអស់ ដោយមិនលើកលែងដាច់ខាត។ យើងនឹងរកអ្នកដែលនៅពីក្រោយបន្តទៀត»។
លោកបានបន្តថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មន្ទីរបរិស្ថានបានបង្រ្កាបបទល្មើសព្រៃឈើបានជាច្រើនករណី ប៉ុន្តែលោកមិនបានបញ្ជាក់ពីតួលេខនោះទេ។
តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានព្រៃឈើច្រើនបំផុតរបស់ប្រទេសកម្ពុជា ដែលមានផ្ទៃដី ៤០០ ០០០ហិកតា លាតសន្ធឹងទៅលើខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកោះកុង។ តំបន់នេះសម្បូរទៅដោយជីវៈចម្រុះ និងជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃជាច្រើនប្រភេទ។
ទោះបីជា បច្ចុប្បន្នជាង ៩៥ភាគរយ នៃធនធានធម្មជាតិនៅទីនេះត្រូវបានអភិរក្សយ៉ាងណាក៏ដោយ ក៏តំបន់ទេសភាពដ៏អស្ចារ្យនេះកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីការកាប់ព្រៃឈើ ការទន្ទ្រានដីព្រៃ និងការបរបាញ់សត្វព្រៃខុសច្បាប់។ នេះតម្រូវឱ្យមានការការពាររយៈពេលវែង ដែលគម្រោង USAID មរតកបៃតងកំពុងតែគាំទ្រ។ នេះបើយោងតាមគម្រោង USAID មរតកបៃតង៕