ទោះបីជាមានយុទ្ធនាការលើកទឹកចិត្តឲ្យឈប់បរិភោគសាច់សត្វព្រៃ បូករួមទាំងការប្រើវិធានការច្បាប់ផងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក៏ដោយ ក៏អាហារដ្ឋានមួយចំនួននៅតាមខេត្តខ្លះនៅតែបន្តបម្រើមុខម្ហូបដែលគេមិនសរសេរនៅលើបញ្ជីរាយមុខម្ហូប។
នៅតាមផ្លូវទៅខេត្តកោះកុង មានអាហារដ្ឋានមួយកន្លែងដែលមានមុខម្ហូបធ្វើពីសាច់សត្វព្រៃ។ ទោះបីជាអ្នកបរិភោគមិនអាចវែកញែកថាសាច់ទាំងនោះគឺពិតជាសាច់ព្រៃ ឬគ្រាន់តែជាការបោកបញ្ឆោតរបស់អ្នកលក់ អ្នកបម្រើអហារនៅក្នុងអាហារដ្ឋាននេះអះអាងថា ពួកគេក៏មានសាច់ប្រើសផងដែរ ដែលជាប្រភេទសត្វកម្រ។
ទោះបីជាគ្មានតួលេខថាតើមានអាហារដ្ឋានប៉ុន្មាននៅទូទាំងប្រទេសដែលមានបម្រើសាច់សត្វព្រៃ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៣ ហាងលក់ម្ហូបអាហារជាង ៦០ បានប្រកាសស្ម័គ្រចិត្តចូលរួមជាមួយយុទ្ធនាការអន្ទាក់សូន្យដែលផ្ដួចផ្ដើមដោយក្រសួងបរិស្ថាន ហើយប្ដេជ្ញាឈប់បម្រើម្ហូបអាហារជាសាច់សត្វព្រៃ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការជួញដូរ និងបរិភោគសាច់សត្វព្រៃ បច្ចុប្បន្ននេះ មិនមានច្រើនដូចពីមុនទេ បន្ទាប់ពីមានយុទ្ធនាការជាបន្តបន្ទាប់ដូចជាយុទ្ធនាការអន្ទាក់សូន្យជាដើម បូករួមនឹងការអនុវត្តច្បាប់តឹងរ៉ឹង១០០ភាគរយដោយគ្មានការលើកលែង។
លោកថា ម្ចាស់អាហារដ្ឋានដែលធ្លាប់បានប្ដេជ្ញាឈប់លក់សាច់សត្វព្រៃ ក៏នៅតែបន្តអនុវត្តការសន្យារបស់ពួកគេដដែល។
លោកបន្តថា លើសពីនេះទៀត ក្រុមអ្នកស្រាវជ្រាវបានរកឃើញចំនួនសត្វព្រៃមានការកើនឡើង ដូចជានៅតំបន់ភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងសត្វជាច្រើនរយប្រភេទទៀតដែលត្រូវបានរកឃើញនៅតំបន់ឆ្នេរចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤នេះ។
បើតាមលោក អាទិត្យា ពលរដ្ឋកាន់តែច្រើនចូលរួមក្នុងយុទ្ធនាការការពារសត្វព្រៃដោយពួកគេបានយល់ដឹងអំពីសារៈសំខាន់នៃការអភរិក្សសត្វព្រៃ ក៏ដូចជាការអភរិក្សធនធានធម្មជាតិទាំងមូល។ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធក៏បន្តធ្វើសកម្មភាពជាច្រើនទៀតដើម្បីលើកកម្ពស់ជីវភាពប្រជាពរលដ្ឋ បង្កើនការដាំដើមឈើឡើងវិញ និងបង្ក្រាបការកាប់បំផ្លាញធនធានធម្មជាតិ។
គម្រោងមួយឈ្មោះ សកម្មភាពអនាគតបៃតងនៅកម្ពុជា ដែលទទួលបានមូលនិធិពី USAID ក៏កំពុងចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងការបរិភោគសាច់សត្វព្រៃ តាមរយៈការផ្លាស់ប្ដូរឥរិយាបថរបស់សាធារណជន។
អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងនេះបានថ្លែងថា គម្រោងរបស់លោកលើទឹកចិត្តឲ្យសាធារណជននិយាយថាទេចំពោះសាច់សត្វព្រៃ តាមរយៈយុទ្ធនាការ #Talk2ProtectOurWildlife។
លោកនិយាយថា ក្នុងពេលធ្វើការសាកល្បងសារសម្រាប់ធ្វើយុទ្ធនាការ លោកបានដឹងថា មនុស្សបរិភោគសាច់សត្វព្រៃដោយសារមូលហេតុផ្សេងៗដូចជា ការយល់ច្រឡំថា សាច់សត្វព្រៃធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែ ជាក់ស្ដែងសាច់សត្វព្រៃអាចបង្ករោគ ឬជំងឺមួយចំនួនដូចអ្នកដែលអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របានរកឃើញ។
លោកថ្លែងថា៖ «អ្នកខ្លះគ្រាន់តែចង់សាកល្បងអ្វីមួយដែលថ្មី។ នៅក្នុងស្ថានភាពខ្លះ ពួកគេទទួលរងសម្ពាធពីមិត្តភ័ក្រឲ្យសាកល្បងសាច់សត្វព្រៃ»។
លោកស្នើឲ្យពលរដ្ឋឈប់បរិភោគសាច់សត្វព្រៃ ព្រោះថា «បើមានតម្រូវការ វានឹងធ្វើឲ្យមានការផ្គត់ផ្គង់សាច់សត្វព្រៃ»៕