ភ្នំពេញៈ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជាង១,៣លានដុល្លារអាមេរិកពីសប្បុរសជនចំនួនជាង១៣ម៉ឺននាក់ ក្នុងរយៈពេលប្រមាណ១០ថ្ងៃនៃការបើកយុទ្ធនាការកៀរគរថវិកាបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយដល់ជីវិតកុមារកម្ពុជា។
មូលនិធិបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «គិតត្រឹមម៉ោង១១:៣០ នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៣ ៨០០០នាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ក្នុងយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថវិកាបរិច្ចាគសរុបចំនួនប្រមាណ ១លាន ៣៩ ម៉ឺនដុល្លារអាមេរិក»។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់នាថ្ងៃទី១១ មិថុនាថា គណៈកម្មការទ្រទ្រង់មូលនិធិនេះប្រចាំក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងក្រុមហ៊ុន សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគដើម្បីចូលរួមគាំទ្រយុទ្ធនាការនេះរបស់មូលនិធិនេះ។
មូលនិធិនេះអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជា «អនាគតដ៏ភ្លឺស្វាង» របស់កម្ពុជា ជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគថវិកា។
មូលនិធិបង្ហោះសារក្នុងបណ្ដាញសង្គមនាថ្ងៃទី១១ មិថុនា ថា កុមារអាយុ១ឆ្នាំម្នាក់ត្រូវបានវះយកក្រលៀនមានដុំសាច់មហារីកចេញពីរាងកាយដោយជោគជ័យ និងមិនគិតថ្លៃ។
មូលនិធិបញ្ជាក់បន្តថា៖ «សូមបន្តចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការចូលរួមបរិច្ចាគរបស់លោកអ្នកពិតជាបានសង្គ្រោះជីវិតកុមារកម្ពុជាយ៉ាងពិតប្រាកដ។ ជាក់ស្ដែងនៅថ្ងៃនេះ [១១ មិថុនា] មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសអំពីជោគជ័យក្នុងការជួយសង្គ្រោះជីវិតកុមារម្នាក់អាយុទើបតែ១ឆ្នាំ តាមរយៈការវះយកក្រលៀនមានដុំសាច់មហារីកចេញ បន្ទាប់ពីក្រុមការងារពិនិត្យឃើញមានកោសិកាមហារីកកើតមានលើក្រលៀនខាងស្ដាំរបស់កុមាររូបនេះ»។
មូលនិធិបញ្ជាក់ថា៖ «បន្ទាប់ពីវះកាត់ជោគជ័យ កុមាររូបនេះត្រូវមកទទួលការព្យាបាលដោយចាក់ថ្នាំគីមីចំនួន៨ខែបន្តទៀតដោយមិនគិតថ្លៃ»។
លោកស្រី ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្ដួចផ្ដើមមូលនិធិនេះឡើងបានបង្ហោះសារក្នុងបណ្ដាញសង្គមនាថ្ងៃទី១១ មិថុនា ថា៖ «សូមបងប្អូនទាំងអស់គ្នាបន្តចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ។ យើងរួមគ្នាដើម្បីជួយដល់ជីវិតកុមារកម្ពុជា។
យុទ្ធនាការនេះមានរយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា។
លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ កាលពីថ្ងៃទី១ ខែមិថុនា ថា៖ «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»៕