កំពង់ធំៈ ឧបទ្ទវហេតុលិចទូក ដែលបណ្តាលឱ្យស្លាប់សិស្សស្រីអាយុ១៣ឆ្នាំ ក្នុងស្រុកប្រាសាទសំបូរកាលពីចុងសប្តាហ៍មុនបានបញ្ចប់ត្រឹមស្រ្តីជាម្ចាស់ទូកបានផ្តល់ប្រាក់ប្រមាណជា៩លានរៀលដល់គ្រួសារកុមារីរងគ្រោះ ដោយមិនមានការបន្តនីតិវិច្បាប់ទៀតនោះឡើយ។
ក្រោយពីពិធីបុណ្យបូជាសពកុមារីរងគ្រោះឈ្មោះ អ៉ីន សុភ័ក្រ រៀនថ្នាក់ទី៧បានចប់នាថ្ងៃចន្ទ ទី១០ដើមសប្តាហ៍នេះ ភាគីម្ចាស់ទូក លោកស្រី សឿ យូនអាយុ៤០ឆ្នាំ និងគ្រួសាររងគ្រោះបានជួបគ្នានៅផ្ទះមេភូមិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន។
ក្នុងការជួបគ្នាដោះស្រាយឧបទ្ទវហេតុលិចទូកនេះ ខាងគ្រួសាររងគ្រោះមិនបានធ្វើការទាមទារសំណងអ្វីជាដុំកំភួននោះទេ។ ស្រ្តីជាម្ចាស់ទូកបានសម្រេចផ្តល់ប្រាក់ប្រមាណជា៩លានរៀលដល់ភាគីគ្រួសារសិស្សរងគ្រោះ ហើយឪពុកម្តាយនាងក៏យល់ព្រមទទួលយកការផ្តល់ឱ្យនេះ ដោយគ្មានការប្តឹងបន្តទៀតនោះទេ។ នេះបើយោងតាម លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ។
លោកអធិការបានបញ្ជាក់ថា៖«ខាងគ្រួសារជនរងគ្រោះអត់ប្តឹងទេ។ គេឱ្យជួយចេញលុយធ្វើបុណ្យធ្វើទានគេខ្លះ។ គេឱ្យ៩លានរៀល។ គ្មានពិបាកចចារគ្នាទេ គេឱ្យ ព្រមព្រៀងគ្នាយក។ និយាយទៅ ខាងគ្រួសាររងគ្រោះ គ្មានប្តឹងទេ ដោយសារតែគាត់យល់ថា វាជាឧបទ្ទវហេតុ ដែលកើតឡើងដោយចៃដន្យ និងជាអចេនាទេ គ្មានការគ្រោងទុកអីទេ»។
លោកបានបន្ថែមថា ស្រ្តីជាម្ចាស់ទូកក៏មិនមានជីវភាពធូរធាដែរ។ គាត់ខំប្រកបរបរបើកទូកចម្លងនោះ ដើម្បីចិញ្ចឹមកូន៣នាក់ និងម្តាយចាស់ជរា ខណៈពេលដែលប្តីនាងបានចេញទៅធ្វើចំណាកស្រុកបាត់រាប់ឆ្នាំមកហើយ។
លោកបានថ្លែងដូច្នេះថា៖«រឿងហ្នឹងចប់ត្រឹមហ្នឹងហើយ។ ស្រ្តីចម្លងទូក មានជីវភាពយ៉ាប់ដែរ។ គាត់ចម្លងសិស្សហ្នឹងយូរដែរហើយ តែទើបជួបគ្រោះអកុសលអញ្ជឹង។ ប្តីចេញទៅចំណាកស្រុកហ្នឹង មិនដឹងមានប្រពន្ធទៀតក៏មិនដឹង។ ឱ្យតែគេជួយចេញថ្លៃបុណ្យ មិនប្តឹង ចប់ហើយ។ ការលិចទូកនេះ នៅកន្លែងផ្សេងៗក៏ធ្លាប់មានលិចដែរ»។
លោកក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីឧបទ្ទវហេតុលិចទូកនោះមក ស្រ្តីជាម្ចាស់ទូកមានការខ្លាចរអា ហើយបានឈប់ប្រកបរបរចម្លងទូកបន្តទៀត ដោយបានផ្ទេរទូកនោះឱ្យទៅបងប្អូនរបស់គាត់ ដើម្បីកែលម្អបច្ចេកទេសទៅតាមស្តង់ដារ។
ក្រោយពីឧបទ្ទវហេតុនោះមក អាវពោងចំនួន៤០ត្រូវបានផ្តល់ដល់ទូកចម្លងចំនួន៤គ្រឿងសម្រាប់ឱ្យសិស្សានុសិស្សពាក់ពេលជិះទូកទៅមកសាលារៀន។ ក្រៅពីនោះក៏មានការសិក្សាសាងសង់ស្ពានមួយផងដែរនៅម្តុំកើតហេតុលិចទូកនោះដែរ។
ក្រោយពីមានឧបទ្ទវហេតុ ដោយសារតែសេវាកម្មទូកចម្លងមិនទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស រដ្ឋបាលខេត្តកំពង់ធំបានណែនាំដល់ម្ចាស់អាជីវកម្មទូកចម្លងទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ទូកឱប, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកដូចជាឈៀក, ពោងសុវត្ថិភាព, ខ្សែពួរ, ភ្លើងបំភ្លឺ, អាវពោង, កំណល់ជាដើម និងត្រូវមានប្រជាការពារម្នាក់ ដើម្បីប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។ លើសពីនោះ ត្រូវដាក់ស្លាកណែនាំពីសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹង នៅពេលធ្វើដំណើរឆ្លង ហើយអ្នកបើកបរទូកចម្លងត្រូវមានប័ណ្ណបើកបរទូកជាដើម។
កាលពីខែតុលា ឆ្នាំ ២០២២ ឧបទ្ទវហេតុលិចទូកក្នុងភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលបានបណ្ដាលឱ្យសិស្សចំនួន១១នាក់ស្លាប់។ អាជ្ញាធរបានរៀបចំទូកចម្លងថ្មីមួយដោយមានបំពាក់ឧបករណ៍សង្រ្គោះត្រឹមត្រូវ ហើយបានសន្យាសង់ស្ពានមួយផងដែរ។
លោកនៅ ទូច មេឃុំកំពង់ភ្នំបានប្រាប់ភ្នំពេញនៅថ្ងៃពុធទី១២ខែមិថុនានេះថា ស្ពានថ្មមួយត្រូវបានសាងសង់ឡើងកាលពីប្រមាណជាជាង៣ខែមុនដោយប្រើប្រាស់ថវិការរដ្ឋាភិបាលប្រមាណជា៤លានដុល្លារអាមេរិក ដើម្បីពលរដ្ឋឆ្លងកាត់ទៅកោះចំរើន។
លោកមេឃុំបានបញ្ជាក់ថា៖«ស្ពានកំពុងតែដំណើរការសាងសង់បណ្តើរៗហើយគឺ ស្ពានថ្មបេតុង រឹងមាំណាស់។ ស្ពាននេះសំខាន់ណាស់សម្រាប់ពលរដ្ឋធ្វើដំណើរ ដឹកកសិផលទាន់ពេលវេលា និងមានតម្លៃជាងមុន។ មាតាបិតាសិស្សគឺលោកលែងមានការព្រួយបារម្ភដូចមុនទៀត។ តែការបាត់បង់អាយុជីវិតសិស្សនោះនៅតែជាការសោកស្តាយ និងអាឡោះអាល័យ»។
លោកបានបន្តថា ស្ពាននោះប្រហែលជានឹងត្រូវសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៥ខាងមុខ៕