ភ្នំពេញ៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលើកកម្ពស់ទីផ្សារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងសុខភាពសាធារណៈ ពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
កម្មវិធីនេះរៀបចំដោយ HEINEKEN, CAMBREW, WSBIDA, APISWA ដោយបានធ្វើការរួមគ្នារវាងភាគីពាក់ព័ន្ធសំខាន់ៗក្នុងឧស្សាហកម្មគ្រឿងស្រវឹងរបស់កម្ពុជា និងស្ថាប័នរដ្ឋាភិបាល ដើម្បីធានាការអនុវត្តការផ្សាយពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់គ្រឿងស្រវឹង។
គាំទ្រដោយប្រទេសហត្ថលេខីជាច្រើនពីគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់តម្លៃ រួមទាំងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយអន្តរជាតិ និងក្នុងស្រុក សម្ព័ន្ធនេះបានកៀរគរក្រុមហ៊ុនក្នុងឧស្សាហកម្មជាច្រើនឱ្យចូលរួមធ្វើទីផ្សារប្រកបដោយការទទួលខុសត្រូវ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកពិធីដោយសម្តែងការគាំទ្រចំពោះការបង្កើតក្រមសីលធម៌ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ។
លោក បានថ្លែងថា៖ «ខ្ញុំគាំទ្រដល់ការបង្កើតស្ដង់ដារួមមួយនៃអាជីវកម្មគ្រឿងស្រវឹង ក្នុងបំណងលើកកម្ពស់ការផ្សព្វផ្សាយប្រកបដោយការទទួលខុស ដើម្បីការរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាចូលរួមសុខភាពសាធារណៈ»។
លោក ភក្ដ្រា ជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ទទួលស្គាល់ថា ជាមួយការរីកចម្រើនគ្រឿងស្រវឹងនៅកម្ពុជា ដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ។
លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យឧស្សាហកម្ម ផលិត កែច្នៃស្បៀងអាហារ ភេសជ្ជៈគ្រប់ប្រភេទ រួមទាំង គ្រឿងស្រវឹង បានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធអាករ ការបង្កើតការងារដល់ពលរដ្ឋ ក៏ដូចជា ការចូលរួមសកម្មភាពសង្គមផងដែរ។
យ៉ាងណាមិញ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានទទួលស្គាល់ថា ឧស្សាហកម្មគ្រឿងស្រវឹងក៏បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណីជាតិផងដែរ តាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រែងតាមប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្ដាញទំនាក់ទំនងដោយខ្វះក្រមសីលធម៌ ដោយសារក្រុមហ៊ុនស្រាបៀរមានចំនួន និងធ្វើការប្រកួតប្រជែងទីផ្សារផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញអតិថិជនរៀងៗខ្លួន ដែលពេលខ្លះ វាជ្រុសហួសហេតុ។
លោកបានថ្លែងថា៖ «ពេលខ្លះ ការផ្សព្វផ្សាយគ្រឿងស្រវឹងខ្លះ ដែលជំរុញឱ្យអតិថិជន ជាពិសេស ស្រទាប់យុវវ័យកម្ពុជាឈ្លក់វង្វែងក្នុងការទទួលទានគ្រឿងស្រវឹងហួសហេតុ ដើម្បីផ្សងសំណាងយករង្វាន់ជាច្រើនលើសលប់។ ទាំងនេះបានបង្កជាគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់សុខភាព ដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ»។
លោកបានលើកឡើងពីការផ្សព្វផ្សាយដើម្បីតែផលប្រយោជន៍ និងចំណូលផ្ទាល់ខ្លួន ដោយមិនគិតពីប៉ះពាល់ផ្សេងៗ ដូចជា ការប្រើប្រាស់នារីរាំដោះអាវផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់ស្ដ្រីខ្មែរទូទៅ និងវប្បធម៌របស់ជាតិ។
ក្រុមហ៊ុនស្រាបៀរមួយចំនួនបានបំពានល័ក្ខខណ្ឌដោយបានដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិនបំពេញតាមបំណងនៃការផ្សព្វផ្សាយរបស់ខ្លួន។ វាជាទង្វើប្រាសចាកក្រមសីលធម៌សារព័ត៌មាន។
ដោយបានលើកឡើងពីការប្រើប្រាស់យុវវ័យគាស់ក្រវិលកំប៉ុងស្រាបៀរលើសៃវៀនប្រដាល់គុនខ្មែរដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងគ្រោះថ្នាក់ចរាចរណ៍សម្លាប់ជីវិតមនុស្សជាច្រើននៅគល់ស្ពានឬស្សីកែវ ដោយអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការរឹតបណ្ដឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងត្រូវបានធ្វើឡើង។
លោក ភក្ដ្រា បានបន្ដថា ការទទួលទានគ្រឿងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ការជំរុញឱ្យសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម។
នេះជាមូលហេតុដែលក្រុមគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងត្រូវបានបង្កើតឡើង ដោយក្រសួងព័ត៌មានជាប្រធាន រួមទាំង ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយទូរគមនាគមន៍ ទីស្ដីការគណរដ្ឋមន្ដ្រី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោករដ្ឋមន្ដ្រី បានថ្លែងថា៖ «ក្រសួងបានជួបប្រជុំជាមួយអ្នកតំណាងស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលកំពុងប្រតិបត្ដិការផ្សាយគ្រឿងស្រវឹងនៅកម្ពុជាដោយបានដាក់ចេញនូវគោលការណ៍ ៤ ចំណុចសំខាន់ៗ ដូចជា ហាមការទទួលទានគ្រឿងស្រវឹងលើឆាក ហាមពិធីករ ពិធីការិនី និងសិល្បករ សិល្បការិនី ឬអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមគាស់ក្រវិលកំប៉ុង និងជំរុញអ្នកដទៃទទួលទានគ្រឿងស្រវឹង រាល់ការផ្សាយគ្រឿងស្រវឹងត្រូវដាក់សារព្រមាន និងតម្រូវឱ្យពិធីករ ពិធីការិនីផ្សព្វផ្សាយសារអប់រំឱ្យបានច្រើន»។
លោក ភក្ដ្រា បានឱ្យដឹងថា រូបភាពនៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងមានទំហំធំ ខណៈសារព្រមានមានទំហំតូច ដែលទាមទារឱ្យមានកែសម្រួលឡើងវិញ ដើម្បីឱ្យមហាជនបានមើលឃើញច្បាស់រវាងផលិតផលគ្រឿងស្រវឹង និងសារព្រមាន។
លោក ពេជ្ជរិទ្ធ បានរំឭកពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតយន្តការ និងនីតិវិធី រួមទាំងបទប្បញ្ញត្តិ ច្បាប់ ការគ្រប់គ្រង និងការត្រួតពិនិត្យ ជាពិសេសពាក់ព័ន្ធនឹងបទប្បញ្ញត្តិនៃផលិតផលគ្រឿងស្រវឹង។
លោកបានអះអាងថា៖ «ផលិតផលគ្រឿងស្រវឹងក៏អាចបង្កជាភាពអវិជ្ជមាន បើសិនជាការប្រើប្រាស់ត្រូវបានធ្វើឡើងក្នុងកម្រិតមិនសមស្រប ប៉ះពាល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងសន្ដិសុខសង្គម »។
លោក Hewson Andy នាយកគ្រប់គ្រង Heineken Cambodia បាននិយាយថា ទោះមកពីក្រុមហ៊ុនផ្សេងគ្នា និងប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវគិតគូរអំពីការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ ការការពារអនីតិជន និងជាពិសេសក្រមសីលធម៌ផ្នែកទីផ្សារ។
លោក Ong Daren អគ្គលេខាធិការនៃសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ (WSBDA) បាននិយាយថា សមាគមដែលបានបង្កើតឡើងកាលពីឆ្នាំមុន បង្រួបបង្រួមក្រុមហ៊ុនស្រាបៀរ និងស្រា។
លោក Daren បានឱ្យដឹងថា៖ «យើងជឿជាក់ថា ការអនុវត្តក្រមសីលធម៌នេះនឹងការពារអ្នកប្រើប្រាស់របស់មនុស្សពេញវ័យ ហើយក្នុងពេលជាមួយគ្នានេះ អប់រំអនីតិជនក្រោមអាយុ ១៨ ឆ្នាំឱ្យជៀសវាងការទទួលទានផលិតផលគ្រឿងស្រវឹង»។
លោក Andy បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះទីផ្សារ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ លោកបានលើកឡើងពីយុទ្ធសាស្ត្រនិរន្តរភាព ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថា Brewing a Better World និងក្នុងស្រុកថា Brewing a Better Cambodia។
លោកបាននិយាយថា៖ «យើងក៏នឹងដើរតួជាអ្នកដឹកនាំយ៉ាងសកម្មក្នុងការលើកទឹកចិត្តក្រុមហ៊ុនដទៃក្នុងឧស្សាហកម្មតែមួយឱ្យរួមគ្នាជាមួយយើង ហើយយើងត្រូវតែកែលម្អជាមួយគ្នា»។
លោក Nopakunkajorn Akira នាយកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន Cambrew បានបន្ទរការគាំទ្រ ដោយបានលើកឡើងពីប្រតិបត្ដិការរបស់ក្រុមហ៊ុនដ៏យូរលង់នៅកម្ពុជា។
លោកបាននិយាយថា៖ «យើងជឿថា ផលិតផលល្អត្រូវគិតគូរបញ្ហាសង្គម។ នោះហើយជាមូលហេតុដែលយើងនៅទីនេះដើម្បីបង្កើតវប្បធម៌ស្រាបៀរវិជ្ជមាន និងវប្បធម៌គ្រឿងស្រវឹងនៅក្នុងសហគមន៍ដែលយើងបម្រើ រួមទាំង ទីផ្សាររបស់យើងនៅជុំវិញពិភពលោក»។
លោក Daren បានបន្ថែមថា ដោយភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ពួកគេសង្ឃឹមថា ការកំណត់អាយុអ្នកទិញគ្រឿងស្រវឹងស្របច្បាប់នឹងត្រូវបានបង្កើតឡើងជាផ្លូវការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងធ្វើកិច្ចការនេះដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយរបស់កម្ពុជា។ ប្រទេសកម្ពុជា ដូចដែលយើងដឹងហើយថា មានយុវជនក្នុងអត្រាដ៏ច្រើន ហើយយើងកំពុងធ្វើអ្វីៗតាមតែអាចធ្វើទៅបាន ដើម្បីអនាគតនៃប្រទេសកម្ពុជា»៕