លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័ននិងរដ្ឋបាលនានា នៅថ្ងៃទី១២ ខែមិថុនានេះ បានប្រារព្ធទិវាប្រឆាំងនឹងពលកម្មកុមារ ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។
នៅក្នុងប្រទេសកម្ពុជា ពលកកម្មកុមារធ្លាប់កើតមាននៅតាមឡឥដ្ឋជាច្រើនដោយសារតែម្ដាយឪពុករបស់កុមារទាំងនោះជាប់ជំពាក់បំណុលថៅកែឡឥដ្ឋ ដែលជំរុញឲ្យកូនៗរបស់ពួកគេត្រូវជួយការងារនៅទីនោះដើម្បីបានប្រាក់ដោះបំណុល។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានឲ្យដឹងថា អង្គការរបស់លោកធ្លាប់រកឃើញថាមានករណីពលកម្មកុមារនៅឡឥដ្ឋចំនួន ២១ ទីតាំងកាលពីឆ្នាំមុន។ លោកថា ដំណោះស្រាយសម្រាប់បញ្ហានេះគឺត្រូវដោះស្រាយបំណុលកុំឲ្យមាននៅតាមឡឥដ្ឋ។
លោកថ្លែងថា៖ «ការងារនៅតាមសិប្បកម្មឡឥដ្ឋមិនមែនទទួលបានជាប្រាក់ខែទេ គឺបានតាមលទ្ធផលនៃច្រវ៉ាក់ផលិតកម្ម។ ដូច្នេះ កម្មករឲ្យកូនចៅគាត់ជួយធ្វើ ដែលនេះពាក់ព័ន្ធនឹងពលកម្មកុមារ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់កុមារផងដែរ។ ក្នុងរបាយការណ៍ចេញផ្សាយកាលពីខែវិច្ឆិកា យើងក៏បានស្នើឲ្យមានការបញ្ឈប់កុំឲ្យមានបំណុលនៅតាមឡឥដ្ឋ គឺកុំឲ្យកម្មករជំពាក់បំណុល»
លោកបន្តថា ទោះបីជាថៅកែឡឥដ្ឋមិនបានបង្ខំឲ្យក្មេងៗធ្វើការក៏ដោយ ប៉ុន្តែនៅពេលដែលឪពុកម្ដាយឲ្យកូនជួយការងារនៅតាមឡឥដ្ឋ ថៅកែក៏ត្រូវតែទទួលខុសត្រូវផងដែរ។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការងារបានបញ្ជាក់ថា តាមរយៈការចុះធ្វើអធិការកិច្ចចុងក្រោយនេះ មិនបានរកឃើញករណីពលកកម្មកុមារនៅតាមឡឥដ្ឋទៀតទេ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា៖ «អធិការកិច្ចនៃក្រសួងការងារបានចុះធ្វើអធិការកិច្ចនៅតាមឡឥដ្ឋ និងរោងចក្រសហគ្រាសនៅឆ្នាំ២០២៣ និង៥ខែឆ្នាំ២០២៤ រកពុំឃើញមានករណីប្រើប្រាស់ពលកម្មកុមារនោះទេ»។
លោកបន្តថា ក្រសួងបន្តអប់រំកម្មករនិយោជិត និងនិយោជក មិនត្រូវយកកុមារមកស្នាក់នៅកន្លែងធ្វើការ និងលើកទឹកចិត្តដល់ឪពុកម្តាយ អាណាព្យាបាលកុមារឲ្យគិតពីសុខភាព សុវត្ថិភាព និងការអប់រំកុមារ ជាពិសេសការចូលរៀនរបស់កុមារ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន អង្គការសង្គមស៊ីវិលឲ្យរាយការណ៍ទៅកាន់ក្រសួងការងារជាន្ទាន់ដើម្បីមានវិធានការ ក្នុងករណីមានករណីពលកម្មកុមារនៅទីកន្លែងការងារណាមួយ៕