សៀមរាបៈ ក្រសួងបរិស្ថានបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយ៍ខ្នាតធំនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម«ភ្នំគូលែន» ទំហំជាង៣ហិកតា ដែលអាចបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង១ឆ្នាំៗ ហើយសម្រេចសាងសង់កន្លែងបោះតង់សម្រាកលំហែតាមបែបរចនាបទខ្មែរចំនួន១០កន្លែងនៅភ្នំគូលែន ផងដែរ។
ការសាងសង់ស្ថានីយខ្នាតធំនេះ គឺជាការង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈផ្សេងៗជាដើម។ នេះបើយោងតាមក្រសួងបរិស្ថាន។
ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់នេះ គឺស្ថិតក្នុងចំណោមស្ថានីយ៍ធំៗចំនួន៤ផ្សេងទៀតនៅក្នុងខេត្ត ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដែលក្រសួងបរិស្ថានគ្រោងនឹង សាងសង់ឡើង សម្រាប់ បណ្តុះកូនឈើ និងចែកជូនពលរដ្ឋយកទៅដាំ តាមប្រភេទឈើនីមួយៗ ដើម្បីបង្កើនគម្របបៃតង តាមគេហដ្ឋាន តាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសារធារណៈមួយចំនួន និងតាមសហគមន៍តំបន់ការពារធម្មជាតិ។ ដើមឈើប្រភេទខ្លះសម្រាប់ផ្គត់ផ្គង់ដល់ការដាំ នៅតាមទីក្រុងផងដែរ ដើម្បីបង្កើតសោភ័ណទីក្រុងស្អាតឱ្យមានភាពបៃតង។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតមានប្រសាសន៍ពេលចុះទៅពិនិត្យគម្រោងសាងសង់ស្ថានីយបណ្តុះកូនឈើនៅភ្នំគូលែននាទី៧ ខែមិថុនានេះថា៖«ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់ នឹងទាក់ទាញឱ្យមានការគ្រប់គ្រងត្រឹមត្រូវ ការសិក្សាស្រាវជ្រាវ និងបង្កើតជាថ្នាលពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបានហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតង បន្ថែមទៀតនៅក្នុងតំបន់»។
នៅតំបន់ស្ថានីយបណ្តុះកូនឈើភ្នំគូលែននេះផងដែរ លោករដ្ឋមន្រ្តីក៏បាន លើកទឹកចិត្តឱ្យមន្រ្តីឧទ្យានុរក្សបណ្តុះកូនត្នោតបន្ថែមទៀត ហើយក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ឱ្យដាំដើមត្នោត ដែលជារុក្ខរបស់ជាតិគឺ តាមរយៈការចែកជូនកូនត្នោតដាំនៅឆ្នាំក្រោយ ប្រមាណជា១លានដើម។ ការដាំនេះគឺបន្ថែមទៅលើ ការដាក់ចេញនូវយុទ្ធនាការ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំជូនពលរដ្ឋ ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានគម្របព្រៃកើនឡើងជាង៦០ភាគរយ នៅឆ្នាំ២០៥០។
គម្រោងសាងសង់ស្ថានីយ៍បណ្តុះកូនឈើខ្នាតធំនៅក្នុងខេត្តត្បូងឃ្មុំមានទំហំជាង៣ហិតា មានសមត្ថភាពផលិតកូនឈើបានរហូតដល់ទៅ១,២លានកូនក្នុង ១ឆ្នាំៗ ដោយមានបំពាក់ប្រព័ទ្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលពន្លឺព្រះអាទិត្យទំនើប និងតំណក់ទឹកផងដែរ។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥។ ក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ, សហគមន៍ព្រៃធំពពេល, សហគមន៍ព្រៃភ្នំក្ដួច, សហគមន៍ព្រៃភ្នំម្នាស់ និងសហគមន៍ជប់តាសុខ ដែលស្ថិតក្នុងស្រុកស្វាយលើ។ តំបន់ទាំងនោះមានព្រៃឈើក្រាស់ និង ទេសភាពស្រស់ស្អាត ដែលទេសចរជាតិ អន្តរជាតិអាចបោះតង់ សម្រាកក្បែរមាត់ទឹក និងទស្សនាទឹកធ្លាក់ ប្រាសាទបុរាណ និងបុរាណស្ថាននានាផងដែរ។
ក្រៅពីស្ថានីយបណ្តុះកូនឈើនោះ ក្រសួងបរិស្ថានក៏បានសម្រេចសាងសង់កន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរនៅក្នុងធម្មជាតិ ចំនួន១០កន្លែង ក្នុងជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ផងដែរ។ លើសពីនោះ ក្រសួងក៏បានប្រកាសផងដែរពីគម្រោង រៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥នោះ។ គម្រោងនេះ ទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។
លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោងដែលផ្តល់ភាពជាម្ចាស់ដល់សហគមន៍ ព្រោះពលរដ្ឋអាចទទួលបានប្រយោជន៍ពីការផ្តល់សេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ។ លើសពីនោះ វាក៏ធានាបាននូវការការពារនិងអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។
លោករដ្ឋមន្រ្តីជឿជាក់ថាគម្រោងទាំងនេះ នឹងធ្វើឱ្យពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ។ ហេតុនេះ លោកបានស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ ហើយងាកមកប្រកបមុខរបរនាំភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម៕