ភ្នំពេញៈ ក្រោយពេលដែលមានឧបទ្ទវហេតុលិចទូកបណ្តាលឱ្យសិស្សស្រី អាយុ ១៣ឆ្នាំស្លាប់ក្នុងខេត្តកំពង់ធំកាលពីសប្តាហ៍មុនមក អ្នកលេងបណ្តាញសង្គមបានកំពុងតែចែករំលែកវីដេអូជាច្រើនពីសកម្មភាពសិស្សជិះទូកដឆ្លង ទឹកទៅរៀនប្រកបដោយគ្រោះថ្នាក់ ហើយបានធ្វើការអំពាវនាវសុំឱ្យមានការជួយដោះស្រាយ ឬប្រើប្រាស់ទូកចម្លងប្រកបដោយសុវត្ថិភាព។
វីដេអូមួយរយៈពេលមួយនាទី ក្នុងចំណោមវីដេអូជាច្រើននោះ គឺត្រូវបានថតពេលសិស្សានុសិស្សប្រមាណជា ៥០ នាក់នៅសាលាបឋមសិក្សាមួយក្នុងខេត្តពោធិ៍សាត់ ខ្លះកំពុងតែជិះទូកតូចមួយឆ្លងស្ទឹងទៅត្រើយម្ខាង ខណៈពេលដែលសិស្សជាច្រើននាក់ផ្សេងទៀតកំពុងតែឈ និងអង្គុយរងចាំ។ សិស្សភាគច្រើនគឺមិនមានអាវពោង ដើម្បីពាក់ការពារសុវត្ថិភាពពេលមានគ្រោះអាសន្ននោះទេ។
អ្នកថតបានធ្វើអត្ថាធិប្បាយថា៖«នេះជាសកម្មភាពដែលសិស្សនៅសាលាបឋមសិក្សាភូមិតាដេស ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលធ្វើដំណើរឆ្លងទៅសាលារៀន។ មានគ្រូចាំចម្លង មើលចុះលំបាកណាស់បងប្អូនអើយ។ សូមថ្នាក់ដឹកនាំជួយផង ប្រឈមមុខនឹងគ្រោះថ្នាក់មែនទែន។ គ្រូចាំចម្លង ទំរាំតែហើយ ឡើងល្វីងមុខអស់ហើយ…»។
ទោះយ៉ាងណា ក្រោយពីបានធ្វើការស្រាវជ្រាវរកប្រភពដើមនៃវីដេអូនោះមកឃើញថា វីដេអូនោះគឺត្រូវបានបង្ហោះតាំងពីថ្ងៃទី៣០ ខែមិនាកន្លងមកម្ល៉េះ ពោលគឺជាង ២ខែមុន ពេលដែលមានឧបទ្ទវហេតុលិចទូកនៅក្នុងស្ទឹងសែន ខេត្តកំពង់ធំនោះ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានមានប្រសាសន៍ថា វីដេអូដែលគេកំពុងតែធ្វើការចែករំលែកតៗគ្នានេះ គឺជាវីដេអូចាស់ដែលខុសពីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ព្រោះថា ស្ពានយោលមួយឈ្មោះថា« ស្ពានយោលតាដេស»ត្រូវបានសាងសង់រួចរាល់នៅកន្លែងនោះ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ពលរដ្ឋកំពុងតែធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នជារៀងរាល់ថ្ងៃ។ ក្រៅពីនោះ ស្ពានដែកមួយទៀតក៏នឹងត្រូវសាងសង់នៅទីនោះផងដែរសម្រាប់ពលរដ្ឋប្រមាណជា ៣០០គ្រួសារប្រើប្រាស់។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «ស្ពានយោលសង់រួចហើយ នៅស្ពានដែកគេនឹងសង់តាមក្រោយ។ លូវបានផ្លូវដើរហើយ។ សង់ស្ពានយោលបានឆ្លងសិនទៅ»។
លោកបានថ្លែងថា ប្រសិនបើឃើញមានកន្លែងណាផ្សេងទៀតដែលពលរដ្ឋ ឬសិស្សានុសិស្សមានការលំបាកក្នុងការធ្វើដំណើរឆ្លងទឹកបែបនេះ នោះនឹងមានការសាងសង់ស្ពានឱ្យផងដែរ លើកលែងតែតំបន់ណាមានពលរដ្ឋតិចតួចពេក។
លោកអភិបាល និងក្រុមការងារបានចុះទៅពិនិត្យស្ពានយោលតាដេសនោះ កាលពីថ្ងៃទី២១ ខែឧសភាកន្លងមក ហើយលោកក៏បានណែនាំឱ្យមានការដាក់រនាំងសំណាញ់សងបន្ថែមផងដែរ ដើម្បីការពារសុវត្ថិភាពពលរដ្ឋពេលឆ្លងកាត់។
វីដេអូស្រដៀងគ្នានេះ ក៏ត្រូវបានចែករំលែកផងដែរ ដែលត្រូវបានអះអាងថា វាត្រូវបានថតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃទី១៣ ខែមិថុនា។
ទោះយ៉ាងណា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសារាចរណែនាំមួយកាលពីថ្ងៃទី១២ ខែមិថុនានេះ ដើម្បីពង្រឹងការរក្សាសុវត្ថិភាពនាវា និងទូកចម្លងដឹកអ្នកដំណើរ ពិសេសនៅក្នុងរដូវវស្សាដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំង។
ក្រសួងបានណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទថា ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃ ខុសបច្ចេកទេស, ត្រូវធានាថានាវា-ទូកចម្លងទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ, ត្រូវរៀបចំកន្លែងអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ សម្រាប់អ្នកដំណើរ និងត្រូវពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមនាវា-ទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិនត្រូវលើសសមត្ថភាពរបស់នាវា-ទូកជាដាច់ខាត។
លើសពីនោះ ក៏ត្រូវបំពាក់ឧបករណ៍សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើនាវា-ទូក ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោងជាដើម ហើយត្រូវដាក់ស្លាកណែនាំសុវត្ថិភាព ពិសេសត្រូវឱ្យអ្នកដំណើរពាក់អាវពោងឱ្យបានគ្រប់គ្នាមុនពេលចេញដំណើរ។
បន្ថែមទីនោះ អ្នកបើកបរនាវា-ទូកត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពផ្លូវទឹករំហូរទឹក និងព័ត៌មានស្តីពីអាកាសធាតុ ហើយក្នុងករណី អាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ទឹកហូរខ្លាំង ឬខ្យល់កន្ត្រាក់ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ ត្រូវផ្អាកការធ្វើដំណើរសិន និងត្រូវរកទីសំចតសុវត្ថិភាពភ្លាម និងត្រូវរង់ចាំដល់ពេលអាកាសធាតុមានភាពប្រសើរឡើងវិញទើបអាចបន្តដំណើរបាន។
ក្រសួងក៏បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងនាវា-ទូកលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យប្រកាន់ខ្ជាប់វិធានសុវត្ថិភាព នៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ៕