ភ្នំពេញៈ ប្លង់​សាង​សង់​ស្ថានីយ​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់​ទាំងអស់​នៅ​ក្នុង​ ៥​ខេត្ត​របស់​ក្រសួង​បរិស្ថាន​ត្រូវ​បាន​បញ្ចប់​ការ​សិក្សា​រួច​រាល់ ហើយ​ការ​បណ្តុះកូន​ឈើ​ជាង​ ១០​លាន​ដើម​ក្នុង​១​ឆ្នាំៗ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ​នេះ។ 

ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ការ​សាងសង់​ស្ថានីយ​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និង​មណ្ឌលគិរី​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រោយ​ពី​ការ​សិក្សា​ប្លង់​សាងសង់​ត្រូវ​បាន​បញ្ចប់។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា​នេះ​ថា៖​«ចំពោះ​ស្ថានីយ​ទាំងអស់​ហ្នឹង យើង​បាន​បញ្ចប់​គម្រោង​ប្លង់​សាងសង់​ហើយ ហើយ​បាន​ប្រគល់​ផែនទី​សម្រាប់​ការ​សាងសង់​ហ្នឹង​បាន​ពីរ​ទៅ​ស្ថានីយ​នៅ​ភ្នំ​គូលែន និង មួយ​ទៀត​នៅ​ត្បូងឃ្មុំ។ ការ​បណ្តុះ​ផលិត​កូន​ឈើ​នឹង​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​ជា​បណ្តើរៗ​ហើយ»។ 

ក្រៅពី​ស្ថានីយ​ថ្នាក់​តំបន់​ធំៗ​ទាំង ៥ នោះ ក្រសួង​បរិស្ថាន​បាន​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ទាំង​ ២៤​ឱ្យ​ផលិត​កូន​ឈើ​ដើម្បី​ចែក​ជូន​ពលរដ្ឋ​តាម​ខេត្ត​រៀងៗ​ខ្លួន​ចាប់​ពី​ឆ្នាំ​២០២៤​នេះ​តទៅ​ផង​ដែរ។ 

លោក​បាន​ឱ្យ​ដឹង​ថា ជា​លទ្ធផល ក្នុង​រយៈពេល​ប្រមាណ​ជា ១០​ខែ​មក​នេះ កូន​ឈើ​ជាង​ ១​លាន​ដើម​ត្រូវ​បាន​បណ្តុះ​រួចរាល់ ហើយ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក​ អ៊ាង ​សុផល្លែត ក៏​បាន​ផ្តល់​កូន​ត្នោត​បន្ថែម​ប្រមាណ​ជា ៣០​ម៉ឺន​ដើម​ទៀត​ផងដែរ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «គោល​បំណង​សំខាន់​គឺ​ដើម្បី​ធានា​ជំរុញ​យុទ្ធនាការ​កូន​ដើមឈើ​យ៉ាង​តិច ១​លាន​ចាប់​ពី​ឆ្នាំ ២០២៤ នេះ​ទៅ និង​ដើម្បី​ជំរុញ​ការ​ឆ្លើយតប​ទៅ​នឹង​គោលដៅ​របស់​កម្ពុជា​យើង​ជា​ប្រទេស​អព្យាក្រឹត្យ​កាបូន ហើយ​នឹង​បង្កើន​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០​ភាគរយ​ក្នុង​ឆ្នាំ ២០៥០។ យើង​ក៏​ចង់​បង្កើន​ភាព​បៃតង​របស់​នៅ​កម្ពុជា​យើង។ យើង​ជំរុញ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឱ្យ​ស្រលាញ់​ភាព​បៃតង​តាម​រយៈការ​ដាំ​ដើម​ឈើ»។ 

លោក​បាន​បន្ថែម​ថា ក្នុង​យុទ្ធនា​ការ​ដាំ​ដើមឈើ​នេះ​ផងដែរ​ គឺ​ក្រសួង​មិនមែន​ចេះ​តែ​ចែក​ជូន​ឱ្យ​ពលរដ្ឋ​យក​ទៅ​ដាំ​ឱ្យ​រួច​ពី​ដៃ​នោះ​ទេ ប៉ុន្តែ​ក្រសួង​មាន​ផែនការ​គ្រប់គ្រង និង តាម​ដាន​ច្បាស់​លាស់ តាម​រយៈការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​ឈ្មោះ​ថា«App ចក្រា»។ កម្មវិធី​ទូរ​ស័ព្ទដៃ​នេះ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុង​ខែ​មិថុនា​នេះ ដើម្បី​តាម​ដាន​ចាប់​ពី​ការ​លូតលាស់ ឬ​ការ​ថែទាំ​របស់​ដើមឈើ​ក្រោយ​ពី​ដាំ​រួច។ 

លោក​បាន​បញ្ជាក់​ថា៖ «ពលរដ្ឋ​ទទួល​បាន​កូន​ឈើ​ហើយ ពួកគាត់​នឹង​ចុះ​ឈ្មោះ​នៅ​តាម​អែប«App ចក្រា»​នេះ ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​របស់​គាត់​ដែល​យក​កូន​ឈើ​ទៅ​ដាំ​ហ្នឹង ទាំង​​ពី​ការ​ដាំ​រហូត​ដល់​ការ​ថែទាំ ដើម្បី តាមដាន​ពី​ការ​លូតលាស់​របស់​ដើមឈើ​ទាំងអស់​នោះ»។

ក្រសួង​បរិស្ថាន​ក៏​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ និង ចែក​កូន​ឈើ​ក្រោម​មូលបទ «ពន្លក​បៃតង» ចាប់​ពី​ថ្ងៃ​ទី​ ១០-១៦ ខែ​កក្កដា ខាង​មុខ​នេះ នៅ​មុខ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ផងដែរ។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ដាក់​តាំង​បង្ហាញ និង​ចែក​កូន​ឈើ​ជូន​ពលរដ្ឋ យក​ទៅ​ដាំដុះ​នៅ​តាម​គេហដ្ឋាន សាលារៀន វត្ត​អារាម ទីក​ន្លែង​សាធារណៈ និង​ទីតាំង​ឯកជន​នានា ដោយ​ឥត​គិតថ្លៃ។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក៏ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ស្ថាន​ភាព​ជាក់​ស្តែង របស់​កម្ពុជា និង​និន្នាការ​បរិស្ថាន​ពិភព​លោក សម្រាប់​ឱ្យ​កិច្ច​ការពារ​ថែរក្សា និង​អភិរក្ស​ជីវៈចម្រុះ​និង​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ការពារ​ធម្មជាតិ ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​មាន​ចីរភាព នឹង​ជំរុញ​ដំណើរ​កម្ពុជា​ឆ្ពោះ​ទៅ​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ​នៅ​ឆ្នាំ ២០៥០។

លោក ខ្វៃ អាទិត្យា ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ​វេទិកា​ចែក​កូន​ឈើ​នេះ នឹង​ត្រូវ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃទី​ ១០​ខែ​កក្កដា ចាប់​ពី​ឆ្នាំ ២០២៤ នេះ​ត​ទៅ។

ទាក់ទង​ទៅ​នឹង​ការ​លើក​កម្ពស់​បរិស្ថាន​នេះ​ដែរ យុទ្ធនាការ​ទី​២ ”កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន”​កំពុង​តែ​ទទួល​បាន​ការ​ចូលរួម​ពី​ពលរដ្ឋ​យ៉ាង​ផុសផុល​ផងដែរ ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ខែ​ឧសភា​កន្លងមក។ 

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យុទ្ធនាការ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​យុទ្ធនាការ​ទី​១​«ថ្ងៃនេះ​ខ្ញុំ មិន​ប្រើ​ថង់​ប្លាស្ទិក» ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ជាង​ ៨​លាន​នាក់។ រហូតមក​ដល់​នឹង​ពេល​នេះ ពលរដ្ឋ​នៅ​ក្នុង​ឃុំ/សង្កាត់​ចំនួន ១១៤​ហើយ បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃទី​១៣ ខែ​មិថុនា​នេះ៕