ខណៈដែល​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ​រក​ប្រាក់​នៅ​ប្រទេស​ជិត​ខាង​បន្ត​កើន​ឡើង ​ចំនួន​ក្មេងៗ​នៅ​តាម​វត្តអារាម​មួយ​ចំនួន​ក៏​មាន​ការ​កើន​ឡើង​ដែរ ដោយសារ​តែ​ពួក​គេ​ភាគច្រើន​គឺ​ជា​កូនៗ​របស់​ពលករ​ចំណាក​ស្រុក​ដែល​ភាគ​ច្រើន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

ទិដ្ឋភាព​គួរ​ឲ្យ​សង្វែក​ចុងក្រោយ​គឺ​នៅ​ពេល​ដែល​សាមណេរ​ក្មេង​មួយ​អង្គ​បាន​យំ​ឱប​ម្ដាយ​ នៅ​ពេល​ម្ដាយ​យក​មក​បំបួស ហើយ​បាន​លា​ដើម្បី​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១ ខែមិថុនា​កន្លង​ទៅ។ ករណី​នេះ​បាន​កើត​ឡើង​នៅ​វត្ត​សេរីវឌ្ឍនារាម ស្ថិត​នៅ​ភូមិ​ព្នៅ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

នេះ​គឺជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ករណី​ជាច្រើន​ទៀត​ដែល​ម្ដាយ​ឪពុក​ត្រូវ​ចាក​ចេញ​ទៅ​ធ្វើការ​ជា​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​ ជា​ពិសេស​ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង ១​លាន​នាក់​កំពុង​ធ្វើការ​នៅ​ទី​នោះ។

ព្រះតេជគុណ រ៉ិល ណៃ ព្រះចៅ​អធិការ​វត្ត​សេរីវឌ្ឍនារាម មាន​សង្ឃដិកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា សាមណេរ​អង្គនេះ​មាន​ឈ្មោះ ​នី រិទ្ធី ​ព្រះជន្ម​ ១០​ វស្សា មក​ពី​ភូមិ​ទួលធ្នា ឃុំ​បឹងបត់​កណ្ដោល ស្រុក​បាកាន។ បច្ចុប្បន្ន​នេះ​ឪពុក​របស់​សាមណេរ​អង្គនេះ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ​ចំណែក​ម្ដាយ​ដែល​បាន​លា​កូន​ទៅ​ថៃ ទើប​តែ​ត្រូវ​បាន​មជ្ឈមណ្ឌល​មែកឈើ​ទទួល​ឲ្យ​ធ្វើការ​ដើម្បី​កុំ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ថៃ។

បើតាម​ព្រះតេជគុណ រ៉ិល ណៃ បច្ចុប្បន្ន​នេះ មាន​ក្មេងៗ​ដែល​ម្ដាយឪ​ពុក​យក​មក​ផ្ញើរ​នឹង​វត្ត​ហើយ​បាន​បួស​ជា​សាមណេរ​ចំនួន ​៦ អង្គ។ នៅ​ពេល​ព្រឹក​សាមណេរ​ទាំង​នេះ​​ចូលរៀន​នៅ​ក្នុង​សាលាបឋម​សិក្សា​ដែល​នៅ​ក្បែរ​វត្ត ពេល​ថ្ងៃ​រៀន​ធម៌ ហើយ​ពេល​ល្ងាច​រៀន​ភាសា​អង់គ្លេស​ដើម្បី​ជា​ទុន​ទៅ​ថ្ងៃ​មុខ។

ព្រះ​តេជគុណ​មាន​សង្ឃដិកា​ថា៖ «សម្រាប់​ការ​ចំណាយ​ទៅ​លើ​ការ​ផ្គត់​ផ្គង់​ដល់​ក្មេង​ដែល​គ្មាន​ឪពុក​ម្ដាយ អាត្មាភាព​​បិណ្ឌបាត​ពី​ញាតិ​ញោម​ពុទ្ធបរិស័ទ្ទ»។

វត្តប្រាសាទ​នាង​ខ្មៅ ដែល​ស្ថិត​នៅ​ភូមិចារ​ ឃុំ​រវៀង ​ស្រុក​សំរោង ខេត្ត​តាកែវ ក៏​មាន​ករណី​ម្ដាយ​ឪពុក​យក​កូន​ទៅ​បួស ឬ​ផ្ញើរ​នឹង​វត្ត​ដើម្បី​ចាកចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ដែរ។

យោង​តាម​ព្រះតេជគុណ ថន ប៊ុនសុង ដែល​គង់​នៅ​វត្ត​ព្រះ​អង្គនា​ខ្មៅ បច្ចុប្បន្ន​នេះ​មាន​សាមណេរ​ចំនួន ៤១៥ អង្គ ហើយ​ក្មេងៗ​ចំនួន​ ៣៨ ​នាក់​ទៀត​កំពុង​ត្រៀម​បួស​ជា​សាមណេរ។

ព្រះតេជគុណ ប៊ុនសុង មាន​សង្ឃដិកា​ថា៖ «ពួក​គាត់​មក​បួស​នេះ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ទីទាល់​ក្រ រស់​នៅ​ដាច់​ស្រយាល ឬ​អត់​មាន​ឱកាស​រៀនសូត្រ ចឹង​គាត់​មក​ផ្ញើរ​ខ្លួន​ជាមួយ​នឹង​វត្ត​អារាម ដើម្បី​បាន​ឱកាស​សិក្សា និង​បួស​ជា​សង្ឃ»។

ព្រះ​តេជគុណ​មិន​បាន​កំណត់​ថា​មាន​សាមណេរ ឬ កូនសិស្ស​តូច​ប៉ុន្មាន​អង្គ​ឬ​នាក់​ទេ​ដែល​មាន​ឪពុក​ម្ដាយ​ធ្វើ​ចំណាក​ស្រុក ​គ្រាន់តែ​ថា​ករណី​បែប​នេះ​មាន​ចំនួន​ភាគ​ច្រើន​នៅ​វត្ត​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​ក្មេងៗ​ដែល​ឪពុកម្ដាយ​បាន​លែង​លះ​គ្នា ​ហើយ​ត្រូវ​បាន​ជីដូន​ជីតា​យក​មក​នៅ​វត្ត​នេះ​ពី​ខេត្ត​ផ្សេងៗ។

ចំណែក​នៅវត្ត​ប្រាសាទ​ស្រះកណ្ដាល​ខ្ចាស់​ ស្ថិត​នៅ​ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​ ក៏​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដែរ។ បើ​តាម​ព្រះតេជគុណ ​ចាន់ សុជន​ ព្រះចៅ​អធិការវត្ត​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ មាន​សាមាណេរ​ក្មេងៗ​ជាង​២០០​អង្គ​នៅ​វត្ត​នេះ ដោយ​ខ្លះ​ជា​ក្មេង​កំព្រា ខ្លះ​ឪពុកម្ដាយ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ជីដូន​យក​មក​បំបួស។

សាមណេរ​កំពុង​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ស្រះកណ្ដាល​ខ្ចាស់ នៅ​ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ។ រូបថត ព្រះតេជគុណ ចាន់ សុជន

ក្រៅ​ពី​នៅ​វត្ត​នេះ​ក៏​មាន​ក្មេងៗ​នៅ​ មជ្ឈមណ្ឌល​កុមារ​កំព្រា​វិសាខា​នៃ​ក្ដី​សង្ឃឹម​វត្ត​ខ្ចាស់ ​ចំនួន​​ជាង ១០០​នាក់​ទៀត។ មជ្ឈមណ្ឌល​នេះ​ទទួលបាន​ដី​សម្បទាន​ពី​វត្ត​ ដោយ​មាន​លោក ស សុខា បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ស្ថាបនិក។

នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​មាន​ការ​បង្រៀន​កុំព្យូទ័រ បង្រៀន​ធម៌​អប់រំចរិយា​និង​សីលធម៌ ប៉ុន្តែ​ក្មេងៗ​ក៏​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​ក្បែរ​មជ្ឈមណ្ឌល​ និង​នៅ​អនុវិទ្យាល័យ​ឆ្ងាយ​ពី​ទីនោះ។

ការ​ធ្វើចំណាក​ស្រុក​ទៅ​ថៃ

ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេង ដូចជា​ថៃ ម៉ាឡេស៊ី និង​ប្រទស​ជាច្រើន​ទៀត កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​ចំនួន​ចំណាកស្រុក​ចុងក្រោយ​នេះ​ក៏​មិនមាន​ការ​ថម​ថយ​ដែរ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ហៅ កាត់ថា ​សង់ត្រាល់។

លោក​និយាយ​ថា៖ «ការ​ធ្វើចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​អត់​មាន​ថយ​ទេ មាន​តែកើន ទាំង​ទៅ​ថៃ និង​ទៅ​ម៉ាឡេស៊ី​ កូរ៉េ​ខាង​ត្បូង​ ជប៉ុន ​ចិន។ ថ្មីៗ​នេះ​មាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​ថៃ​ជាង ៦០០​នាក់។ ដូច្នេះ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ថៃ​នៅ​តែ​កើន ទាំង​មាន​ឯកសារ​ និង​គ្មាន​ឯកសារ»។

លោក​ថា បញ្ហា​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ធ្វើ​ចំណាក​ស្រុក​គឺ​កត្តា​គ្មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់ ឬ​មាន​ការងារ​ដែរ​ប៉ុន្តែ​មិន​អាច​បាន​ចំណូល​គ្រប់​គ្រាន់​ដើម្បី​សង​បំណុល។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​តែ​ចំណាក​ស្រុក​ដោយ​ខ្លះ​មាន​ឯកសារ​ត្រឹមត្រូវ​ដែល​ទទួល​​បាន​ការធានា​ខុស​ត្រូវ ប៉ុន្តែ​ខ្លះ​ទៅ​ដោយ​គ្មាន​ឯកសារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​ជាមួយ​បញ្ហា​មួយ​ចំនួន​ដូចជា​ការ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ជាដើម។

វត្តអារាម​មាន​បន្ទុក​កាន់​តែ​ធ្ងន់

លោក ឈត ប៊ុនថង មន្ត្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំន​ង វប្បធម៌​ អប់រំ ​និង​ទេស​ចរណ៍​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា តាំងពី​ដើម​រៀង​មក វត្ត​អារាម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ទាំង​ផ្នែក​ព្រះ​ពុទ្ធសាសនា​ និង​ផ្លូវ​លោក និង​ធ្លាប់​ជា​កន្លែង​ព្យាបាល​ជំងឺ​ និង​កិច្ច​ការ​សង្គមកិច្ច។

លោក​បន្ត​​ថា វត្តអារាម​ក៏​កំពុង​រ៉ាប់​រង​បញ្ហា​សង្គម​ជាច្រើន​ទៀត នៅ​ពេល​ចំនួន​មនុស្ស​កាន់​តែ​កើន​ឡើង​ រួម​ផ្សំជាមួយ​នឹង​បញ្ហា​ក្នុង​សង្គម​កាន់តែ​ស្មុគ​ស្មាញ។ ដោយសារ​បញ្ហា​ទាំង​នេះ វត្ត​អារាម​ត្រូវ​រ៉ាប់រង​ទំនួល​ខុស​ត្រូវ​មិន​ប្រពៃណី​មួយ​ទៀត​គឺ​ទទួល​យក​ក្មេង​កំព្រា ឬ ក្មេង​ដែល​ឪពុក​ម្ដាយ​ធ្វើ​ចំណាក​ស្រុក។

លោក ប៊ុនថង យល់​ថា ក្រសួង​ពាក់​ព័ន្ធ​ដូចជា​ក្រសួង​អប់រំ ក្រសួង​ធម្មការ​និង​សាសនា ក្រសួង​សង្គម​កិច្ច គួរ​ពិនិត្យ​មើល​លទ្ធភាព​ធ្វើការ​រួម​គ្នា​ដើម្បី​ជួយ​គាំទ្រ​ដល់​វត្ត​អារាម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ក្រសួង​សង្គមកិច្ច ក្រសួង​កិច្ចការ​នារី ជាដើម គួរ​តែ​ជួយ​គាំទ្រ​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ពី​គោលការណ៍​ ភារកិច្ច​និង​តួនាទី​របស់​ក្រសួង​នីមួយៗ​ជាក់​ស្ដែង​យ៉ាង​ម៉េច​ទេ»។

លោក​បន្ត​ថា៖ «នៅ​ពេល​ក្មេងៗ​អត់​មាន​ឪពុក​ម្ដាយ ឬ​ឪពុក​ម្ដាយ​ក្រីក្រ​ត្រូវ​ទៅ​រក​ការងារ​នៅ​ឆ្ងាយ ហើយ​គាត់​អត់​ទីពឹង អ្នកណា​ទៅ​ជួយ​គាត់? បើ​ពឹង​លើ​វត្ត​អារាម​ គឺ​អាចជួយ​បាន​ តែ​មិន​មែន​ជា​កាតព្វកិច្ច​បែប​ប្រពៃណី​របស់​វត្ត​ទេ។ បើ​និយាយ​ពី​កាតព្វកិច្ច គួរ​តែ​មាន​ក្រសួង​ជាក់​លាក់​ដើម្បី​ជួយ​លើ​កិច្ច​ការ​ទាំង​អស់​នេះ។ នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ»៕