ភ្នំពេញៈ គ្រឿងញៀន​ជាង​៤តោន ក្នុង​ចំណោម​សរុប ៧ ៣៥០គីឡូក្រាម ដែល​មាន​សាលក្រម និង​សេច​ក្តី​សម្រេច​របស់​តុលាការ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នា​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា​នេះ​ក្នុង​ខណ្ឌ​ព្រែកព្នៅ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ថ្ងៃទី​២៦ មិថុនា ឆ្នាំ ២០២៤។ 

នាយ​ឧត្តមសនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រឿងញៀន​ដែល​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ធ្វើការ​បំផ្លាញ​ចោល​មាន​សរុប ៧ ៣៥០គីឡូក្រាម។ ក្នុង​នោះ​មាន​សារធាតុញៀន និង សារធាតុ​គីមី​ពាក់ព័ន្ធ​ដែល​អាច​ដុត​ចោល​បាន​ដោយ​អណ្តាត​ភ្លើង​មាន ៤ ១០០គីឡូក្រាម ត្រូវ​បាន​ធ្វើ​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃទី​១៤ ខែ​មិថុនា​នេះ។ ក្រៅ​ពី​នោះ​មាន​សារធាតុ​គីមី​ផ្សំ​ចំនួន ៣ ២៥៤គីឡូក្រាម​ផ្សេង​ទៀត ដែល​ត្រូវ​ធ្វើការ​បន្សាប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​សុវត្ថិភាព​នា​ពេល​ក្រោយ។

លោក​នាយ​ឧត្តមសនីយ៍​ដែល​ធ្វើ​អធិបតី​ក្នុង​ពិធី​នោះ​បាន​បញ្ជាក់​ថា៖ «ការ​បន្សាប​នោះ​ត្រូវ​ធ្វើ​ម្តង​ទៀត ត្រូវ​រក​កន្លែង រក​សារធាតុគីមី​មក​បន្សាប​ តែ​មាន​ការ​សម្រេច​ពី​តុលាការ​ហើយ​បើ​តុលាការ​មិន​សម្រេច​យើង​មិន​អាច​ធ្វើ​បាន​ទេ»។ 

ការ​ប្រារព្ឋ​ពិធី​ដុត​គ្រឿងញៀន​នេះ​គឺ​ធ្វើឡើង​នៅ​ក្នុង​ឡឥដ្ឋ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង​ខាងត្បូង ខណ្ឌ​ព្រែកព្នៅ ដែល​ខុស​ពី​ឆ្នាំមុនៗ ដែល​ធ្វើឡើង​នៅ​កោះពេជ្រ​កណ្តាល​រាជធានី​ភ្នំពេញ។ ការ​ប្តូរទី​តាំង​នេះ​គឺ​ដើម្បី​ចៀសវាង​ការ​បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​បំពុល​បរិស្ថាន។

ពិធី​ដុត​គ្រឿងញៀន​នៅ​ក្នុង​ឡឥដ្ឋ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង​ខាងត្បូង ខណ្ឌ​ព្រែកព្នៅ កាលពីព្រឹក​ថ្ងៃទីនេះ។ TVK

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​មិន​រៀបចំ​ពិធី​ដុត​នៅ​កណ្តាល​ក្រុង​ដូច​មុន ដែល​មាន​ប្រជាជន​រស់​នៅ​កុះករ​ឃើញ​​​​ទិដ្ឋភាព​មិនល្អ វា​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ បរិស្ថាន ទិដ្ឋភាព សោភណ្ឌភាព​ទីក្រុង​ភ្នំពេញ។ អញ្ជឹង​យើង​ធ្វើ​ដោយឡែក ហើយ​យក​រូបភាព​នោះ​មក​ដាក់​បញ្ជាំង ផ្សព្វផ្សាយ​នៅក្នុង​ពិធី​វិញ»។ 

នាយឧត្តមសនីយ៍​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ក្នុង​រយៈពេល ១៦៤ ថ្ងៃ​ក្នុង​ឆ្នាំ ២០២៤ នេះ ការ​បង្រ្កាប​គ្រឿងញៀន​ទូទាំង​ប្រទេស​មាន​ជាង ៤ ៣២៩​ករណី។ ក្នុង​នោះ​មនុស្ស​ចំនួន ១០ ៧៩៣ នាក់​ត្រូវ​បាន​ឃាត់ខ្លួន ហើយ គ្រឿង​ញៀន​ចំនួន ៤តោន និង ៧២៤ គីឡូក្រាម​ត្រូវ​បាន​ដកហូត​ផងដែរ។  

ក្នុងប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ របស់​កងកម្លាំង​នគរបាលជាតិ គិត​ចាប់​ពី​ដើម​ឆ្នាំ ២០២៤ រហូត​ដល់​​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០២៤ នេះ​បាន​បិទ​ទីតាំង​អាជីវកម្ម ដូចជា​ខារ៉ាអូខេ KTV ក្លិបកម្សាន្ត​ចំនួន ៧​កន្លែង។ ក្នុង​នោះ​មាន KTV ៥​កន្លែង ដែល​ស្ថិត​ក្នុង​ភ្នំពេញ ២កន្លែង បន្ទាយ​មានជ័យ​ ២កន្លែង និង​ព្រះសីហនុ ១កន្លែង។​ ក្រៅពី​នោះ​មាន ក្លិប​កម្សាន្ត​ចំនួន ២​កន្លែង ដែល​ស្ថិត​ក្នុង ខេត្ត​កណ្តាល​១កន្លែង និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ១កន្លែង។ នេះ​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃ​អគ្គស្នងការ​នគរបាលជាតិ ដែល​ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ ជាមួយ​នឹង​ស្ថានីយ៍​ទូរទស្សន៍​មហាផ្ទៃ (MOI-TV) កាល​ពី​ពេល​ថ្មីៗ​នេះ។ 

លោក​ឧត្តមសេនីយ៍ឯក​បាន​លើក​ឡើងថា៖ «នេះ​ជា​វិធានការ​បង្រួម​ទីផ្សារ នៃ​ការ​ចែកចាយ​គ្រឿងញៀន។ ហើយ​ក៏​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង ការ​ចែកចាយ​នៅ​តាម​រង្គសាល​តាម​អី​នេះ ហើយ​ការងារ​នេះ​យើង​នៅ​តែ​បន្ត​យ៉ាង​សកម្ម​ត​ទៅទៀត»