
មន្ត្រីបង្ហាញពូជត្រី នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន។ រូបថត សហការី
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ឲ្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ពិនិត្យទៅលើមេពូជត្រីដែលមានសក្តានុពល និងត្រីដែលជិតផុតពូជ និងប្រើប្រាស់ថាមពលព្រះអាទិត្យដែលមានការសន្សំសំចៃខ្ពស់។
លោកបានណែនាំដូច្នេះ ក្នុងពេលចុះពិនិត្យការភ្ញាស់កូនត្រី និងលទ្ធភាពនៃការបង្កាត់ភ្ញាស់ត្រីនៅវិទ្យាស្ថានដែលមានមូលដ្ឋាននៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាអនុសាសន៍របស់លោក ការពិនិត្យលក្ខណៈទៅលើមេពូជសក្តានុពល និងត្រីដែលជិតផុតពូជត្រូវធ្វើឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស ហើយធ្វើយ៉ាងណាការចិញ្ចឹមត្រីទាំងនោះមានលក្ខណៈសេដ្ឋកិច្ច ពោលគឺទទួលបានប្រាក់ចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ។
លើសពីនេះទៀត លោកក៏បានស្នើឱ្យវិទ្យាស្ថានពិនិត្យលទ្ធភាពបន្ថែមលើការបង្កាត់និងពង្រីកពូជត្រីលម្អ ដែលអាចមានទីផ្សារល្អ និងមានតម្លៃខ្ពស់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ចុះពិនិត្យការភ្ញាស់កូនត្រី និងលទ្ធភាពនៃការបង្កាត់ភ្ញាស់ត្រីនៅវិទ្យាស្ថានដែលមានមូលដ្ឋាននៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ។ រូបថត សហការី
ក្រសួងកសិកម្មបញ្ជាក់ដូច្នេះថា៖ «ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមឱ្យវិទ្យាស្ថានពិនិត្យលទ្ធភាពដាក់ប្រើប្រាស់ផ្ទាំងថាមពលសូឡា ដែលចំណាយតិច និងសន្សំសំចៃ ដើម្បីជួយសម្រួលដល់ដំណើរការនៃការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់ក្នុងវិទ្យាស្ថាន ជាពិសេសការពិសោធ»។
យោងតាមក្រសួងកសិកម្ម ការផលិតកូនត្រីពូជនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ចែកចេញជាពីរគឺ ត្រីស្រាវជ្រាវ និងត្រីផលិតកម្ម។ ត្រីសម្រាប់ស្រាវជ្រាវមាន ៥ ប្រភេទ គឺត្រីខ្យា ត្រីគ្រំ ត្រីត្រចៀកដំរី ត្រីខ្ជឹង និងត្រីក្រាយ។ ចំណែកត្រីសម្រាប់ផលិតកម្មមានចំនួន ៧ ប្រភេទ រួមមាន ត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីកាបស ត្រីកាបក្បាលធំ ត្រីរាហ៊ូ និងបង្កង៕