ភ្នំពេញៈ អង្គការ​ទឹក​ស្អាត ១០០១ ក្រោម​កិច្ច​សហការ​ជាមួយនឹង​រាជ​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​បន្ថែម​ឱ្យ​បាន ៤០០​ស្ថានីយ ដើម្បី​ផ្គត់ផ្គង់​ទឹក​តាម​ស្តង់ដារ​កម្រិត​អន្តរជាតិ​ដល់​ពលរដ្ឋខ្វះ​ទឹក​ស្អាត​ ១​លាន​នាក់​ទៀត បើ​ទោះ​ជា​ ​កំពុង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ពលរដ្ឋ ១​លាន​នាក់ ដែល​រួម​មាន​ទាំង​សិស្ស ៣៧​ម៉ឺន​នាក់​ផង​ដែរ។

ចាប់​តាំង​ពី​សហការ​ជាមួយ​នឹង​ក្រសួង​អភិវឌ្ឍន៍ជនបទ កាល​ពី​ឆ្នាំ ២០០៥​មក អង្គការ​ទឹក​ស្អាត​ ១០០១ (Teuk Saat 1001) បាន​សាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​បាន​ចំនួន ៣៣២​ស្ថានីយ​ហើយ​​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១៨។ 

ស្ថានីយ​ទាំងនោះ​បាន​នឹង​កំពុង​តែ​ផលិត និង​លក់​ទឹក​ស្អាត​អូវី (O-we) ​ដល់​ប្រជាពលរដ្ឋ​ ១​លាន​នាក់​ក្នុង​តម្លៃ​សមរម្យ។ ប៉ុន្តែ​ចំពោះ​សិស្សានុសិស្ស​ប្រមាណជា​ ៣៧​ម៉ឺន​នាក់​វិញ គឺ​អង្គការ​ផ្តត់ផ្គង់​ដោយ​ឥត​គិត​ថ្លៃ។ នេះ​​បើ​យោង​តាម​ក្រសួង​បរិស្ថាន ដែល​បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ចង្វាក់​ផលិតទឹក​បរិសុទ្ធ​របស់​អង្គការ​ក្នុង​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ។ 

ក្នុង​ឱកាស​នោះ លោក ទិត្យ លីស៊រ័ មន្ត្រី​បណ្តុះ​បណ្តាល និង​ជ្រើសរើស​សហគ្រិន​របស់​អង្គការ​ទឹក​ស្អាត ១០០១​ថ្លែង​ថា អង្គការ​និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ចុះ​ MoU ជាមួយ​គ្នា ដើម្បី​ផលិត​ទឹក​ស្អាត​នេះ។

បន្ទាប់មក​ អង្គការ​សហការ​ជាមួយ​នឹង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ខេត្ត​គោលដៅ ដើម្បី​ជ្រើសរើស​ទីតាំង​សម្រាប់​ផលិត​ទឹក។ ពិសេស​គឺ​ ទីតាំង​នៅ​ជិត​សាលា​បឋម​សិក្សា​តែ​ម្តង។

លោក​បាន​បន្ត​ថា នៅពេល​ដែល​មាន​ទីតាំង​រួច​ហើយ អង្គការ​ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​ដី និង​ប្រភព​ទឹក​ទៀត។

លោក​បាន​បញ្ជាក់​ថា៖ «សម្រាប់​ទឹក​ពិសារ​អូវី យើង​យក ២​ប្រភព​មក​បន្សុទ្ធ​ទឹក។​ ទី១ យក​ប្រភព​ទឹក​លើ​ដី មាន​ទឹក​ស្រះ ត្រពាំង និង​ទឹកអូរ​ជាដើម។ ទី២ ប្រភព​ទឹក​ក្រោម​ដី​គឺ​ទឹក​អណ្តូង។ មុន​នឹង​យក​មក​បន្សុទ្ធ​ទឹក គឺ​យើង​មាន​ការ​ត្រួត​ពិនិត្យ​មើលសិន ថាតើ​ទឹក​ហ្នឹង​អាច​ផលិត​ជា​ទឹកសុទ្ធ​បាន ឬ​មួយ​ក៏​មិន​បាន»។ 

ក្រុម​ការងារ​របស់​អង្គការ​គឺជា​អ្នក​ជ្រើសរើស​សហគ្រិន​ក្នុង​ការ​ផលិតទឹក​ផ្ទាល់ ត្រួត​ពិនិត្យ​មើល​បច្ចេកទេស និង​គុណភាព​ទឹក ដើម្បី​ធានា​ថា​ ទឹក​ដែល​ផលិត​បាន​នោះ​មាន​គុណភាព​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ។

អ្នកស្រី សយ សារ៉េត អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ជា​សហគ្រិន​ផលិត​ទឹក​បរិសុទ្ធ​អូវី​ម្នាក់​ក្នុង​គម្រោង​អង្គការ​ទឹក​ស្អាត ១០០១ ក្នុង​ឃុំ ត្រពាំងធំ អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។

លោក​ស្រី​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ក្នុង​មួយ​ថ្ងៃ​លោកស្រី​អាច​ផលិតទឹក​បរិសុទ្ធ​បាន​ប្រមាណ​ជា ១០០​ធុង ដែល​ក្នុង​១​ធុង​មាន​ចំណុះ ២០​លីត្រ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ភូមិ​ចំនួន ១០​ក្នុង​ឃុំ​នេះ។ 

លោកស្រីបន្ត​ថា ក្នុង​១ថ្ងៃ​ៗ​ជួន​កាល​លោកស្រី​ផ្គត់ផ្គង់ ​ទឹក​អស់​​រហូត​ដល់​ទៅ ១០០​ធុង​ក៏​មាន​ដែរ។ ទឹក​ក្នុង​១​ធុង​លក់​ក្នុង​តម្លៃ ១ ៨០០​រៀល គិត​ទាំង​ថ្លៃ​ដឹក​ជញ្ជូន​ដល់​ផ្ទះ តែ​បើ​អតិថិជន​មក​ដឹក​ខ្លួន​ឯង​គឺ​មាន​តម្លៃ​តែ​ ១ ៥០០​រៀល​ប៉ុណ្ណោះ។  

លោកស្រី​បាន​និយាយ​ថា៖ «តែ​ចំពោះ​សិស្ស​វិញ​គឺ​ដឹក​ឱ្យ​បរិភោគ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សាលា​តែ​ម្តង។ បើ​ប្រៀប​​ធៀប​ជាមួយ​នឹង​ទឹក​ធម្មតា គឺ​ខុសគ្នា​ឆ្ងាយ​ណាស់។ ទឹកនេះ​ល្អ​ជាង មាន​រស់ជាតិ​ឆ្ញាញ់​ហើយ មិន​បង្ក​ជំងឺ​ដូច​ទឹក​ត្រពាំង»។

កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង អង្គការ​ទឹក​ស្អាត​​១០០១ ឆ្លើយតប​ទៅ​នឹង​ទស្សនវិស័យ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា ទិសដៅ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​កំណត់​ថា នៅ​ឆ្នាំ ២០២៣ នេះ ពលរដ្ឋ​នៅ​ជនបទ​ទទួល​បាន​សេវា​ទឹកស្អាត​ឱ្យ​បាន ៩០​ភាគរយ និង​នៅ​ឆ្នាំ​ ២០២៥ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជនបទ​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ និង​រស់​នៅ​ក្នុង​បរិស្ថាន​ប្រកប​ដោយ​និរន្ដរភាព។ 

ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំពុង​តែ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​ផ្គត់ផ្គង់​ទឹក ការ​សម្អាត និង អនាម័យ​ជនបទ​នៅ​ទូទាំង​ប្រទេស។ ក្រសួង​បាន​កំណត់​ថា នៅ​ឆ្នាំ​២០៣០ នឹង​ត្រូវ​សម្រេច​អត្រា​គ្រប​ដណ្តប់ ទឹកស្អាត និង​អនាម័យ​ឱ្យ​បាន ១០០​ភាគរយ​នៅ​ទូទាំង​ប្រទេស ខណៈ​បច្ចុប្បន្ន​សម្រេច​បាន​រហូត​ទៅ​ដល់​៨៦,៦​ភាគរយ​ហើយ។

អង្គការ​ទឹក​ស្អាត ១០០១ បាន​ប្រកាស​កាល​ពី​ចុង​ខែ​ឧសភាព​ផងដែរ​ថា ក្នុង​ឆ្នាំ ២០៤​នេះ កម្មវិធី​ទឹក​សាលា នឹង​ពង្រឹង​បន្ថែម​ទៅកាន់​ប្រមាណ ១៧​ឃុំ​ទៀត នៅតាម​ទី​ជនបទ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង។

អង្គការ​បញ្ជាក់​ថា៖ «ការ​ទទួល​បាន​ទឹក​ពិសា​ដែល​ប្រកប​ដោយ​សុវត្ថិភាព​គឺ​ពិត​ចាំ​បាច់​ណាស់​សម្រាប់​សុខភាព និង​សុខុមាលភាព​របស់​កុមារ​ដែល​កំពុង​រៀនសូត្រ ហើយ​កម្មវិធី​នេះ​មាន​គោល​បំណង​ធានា​ថា​សិស្ស​គ្រប់រូប​អាច​យក​ចិត្ត​ទុក​ដាក់ មាន​ស្មារតី​ល្អ និង​ផ្តោត​អារម្មណ៍​លើ​ការ​សិក្សា​អប់រំ​របស់​ពួកគេ»។

អង្គការ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បន្ត​ទៀត ដើម្បី​លើក​កម្ពស់​ជីវភាព និង​ការ​អប់​រំ​របស់​កុមារ​នៅ​ក្នុង​សហគមន៍​ជនបទ​នៅ​កម្ពុជា៕