ភ្នំពេញៈ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៧ ខែមិថុនានេះ ហើយក៏គ្រោងនឹង ពង្រីកការផ្ដល់សេវាលិខិតឆ្លងដែននេះទៅកាន់ខេត្តត្បូងឃ្មុំ និងសៀមរាបទៀតយ៉ាងយូរនៅក្នុងត្រីមាសទី៣ ឬ ទី៤ ឆ្នាំនេះ។
អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងការសាកល្បនូវការសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ ប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR។ ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួចមក សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតម្រាមដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ និងឯកសារយោង។
សេចក្តីជូនដំណឹងដែលចេញផ្សាយជាសាធារណៈនាថ្ងៃទី១៩ ខែមិថុនានេះបានបញ្ជាក់ថា ការអនុវត្តនេះ«គឺជាគោលដៅមួយក្នុងការបង្ខិតសេវាសាធារណៈ ឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ និងកាត់បន្ថយពេលវេលារង់ចាំនៅទីតាំងផ្តល់លិខិតឆ្លងដែន»។
អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មបានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយ ពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ លើសពីនោះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីទទួលសេវា។
លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឱ្យដឹងថា បន្ទាប់ពីអនុវត្តសាកល្បងមួយរយៈពេលមក អគ្គនាយកដ្ឋាននឹងជំរុញការងារនេះឱ្យអនុវត្តពេញលេញនៅគ្រប់កន្លែងតែម្តង។
ក្នុងការសាកល្បងតាមប្រព័ន្ធអនឡាញ ពលរដ្ឋតម្រូវឱ្យដាក់ពាក្យបំពេញបែបបទតាមអនឡាញប៉ុណ្ណោះ ប៉ុន្តែក្រោយមក ពួកគាត់ត្រូវទៅផ្តិតមេដៃ និងថតរូបដោយផ្ទាល់បន្តទៀត។
លោកបានថ្លែងថា៖ «ការងារនេះសំខាន់នៅក្នុងការគ្រប់គ្រងទិន្នន័យ ព្រោះបើមិនអញ្ជឹងទេអាចមានការក្លែង ឯកសារ។ មិនមែនអនឡាញ ១០០ភាគរយទេ តែយើងបានកាត់បន្ថយដំណើរការច្រើន កាត់បន្ថយការរង់ចាំពលរដ្ឋច្រើន។ សង្ឃឹមថាក្នុង រយៈពេល ២ ទៅ ៣ខែនេះ យើងដកស្រង់បទពិសោធ ហើយជំរុញកិច្ចការនេះឱ្យអនុវត្តបានកាន់តែទូលំទូលាយថែមទៀត»។
ក្រៅពីនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏គ្រោងពង្រីកការផ្ដល់សេវាលិខិតឆ្លងដែនចំនួន២ខេត្តទៀត នៅខេត្តត្បូងឃ្មុំ និងសៀមរាប ដែលនេះ គឺជាគោលដៅមួយក្នុងការបង្ខិតសេវាសាធារណៈ ឱ្យនៅជិតប្រជាពលរដ្ឋ។
នាពេលបច្ចុប្បន្ននេះ កម្ពុជាមានកន្លែងផ្តល់សេវាធ្វើលិខិតឆ្លងដែនចំនួន ៥ កន្លែងរួចហើយ ដូចជានៅអគ្គនាយកដ្ឋានលិខិតឆ្លងដែនក្នុងខណ្ឌច្បារអំពៅ ផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ ខេត្តកោះកុង បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ឯក តុប នេត បានបញ្ជាក់ថា៖«សព្វថ្ងៃយើងមាន ៥ទីតាំងហ្នឹង ហើយយើងគ្រោងពង្រីក២កន្លែងទៀតគឺនៅ ត្បូងឃ្មុំ និង សៀមរាប។ យើងកំពុងតែរៀបចំឧបករណ៍ សម្ភារៈបច្ចេកទេស និងគោលការណ៍មួយចំនួនដើម្បីអនុវត្តនេះ គឺអាចថានៅក្នុងត្រីមាសទី៣ ឬទី៤យ៉ាងយូរ យើងនឹងចាប់ផ្តើមផ្តល់សេវាផ្តល់លិខិតឆ្លងដែន ២កន្លែងហ្នឹងទៀតហើយ»។
លោកបានគូសបញ្ជាក់ថា៖«អញ្ជឹងនេះគឺជាគោលដៅសកម្មភាពមួយបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ពេលនេះយើងមាននៅគ្រប់តំបន់ហើយ ពលរដ្ឋនៅខេត្តឆ្ងាយៗមិនចាំបាច់ធ្វើដំណើរមកធ្វើនៅភ្នំពេញទេ…សេវាលិខិតឆ្លងដែនយើងមានតាមតំបន់មួយៗអស់ហើយ។ នេះជាទិសដៅលើការងារផ្តល់សេវានេះ»៕