ប្រទេសកម្ពុជា និង ថៃ គឺជាប្រទេសដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅលើដៃទន្លេមេគង្គ ឬដងទន្លេមេគង្គតិចជាងគេក្នុងចំណោមប្រទេសទាំង ៤ ដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC)។ បើតាមគណៈកម្មការនេះ មានគម្រោងសរុបចំនួន ៦១ នៅលើដៃ និងដងទន្លេនេះ។
ទន្លេមេគង្គមានប្រវែងសរុប ៤៣៥០គីឡូម៉ែត្រ គិតចាប់ពីខ្ពង់រាបទីបេ ហើយហូរកាត់ប្រទេសចំនួន ៦ រួមមានចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។ ប៉ុន្តែ នៅក្នុងប្រទេសសមាជិក MRC ដែលរួមមានថៃ ឡាវ កម្ពុជា និងវៀតណាម ទន្លេនេះមានប្រវែង ៣៦៦៣។
ទន្លេមេគង្គហូរកាត់ប្រទេសឡាវប្រវែង ១៩៨២គីឡូម៉ែត្រ ថៃប្រវែង ៩៦៨គីឡូម៉ែត្រ មេគង្គកម្ពុជាមានប្រវែងជាក់ស្ដែង ៤៨៩គីឡូម៉ែត្រ និងហូរកាត់វៀតណាមក្នុងចម្ងាយ ២២៤គីឡូម៉ែត្រ។ នេះបើតាមទិន្នន័យពី MRC ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន។
យោងតាមទិន្នន័យ MRC ប្រទេសដែលមានគម្រោងហេរដ្ឋារចនាសម្ព័ន្ធភ្ជាប់ទៅដៃទន្លេមេគង្គតិចជាងគេគឺប្រទេសថៃ ដែលមានតែ ២ ប៉ុណ្ណោះ រួមមានទ្វារទប់ទឹកជំនន់ Sri Song Rak ដែលទប់ទឹកក្នុងរដូវវស្សាសម្រាប់ការប្រើប្រាស់នារដូវប្រាំង និងគម្រោងអភិវឌ្ឍន៍អាងទន្លេ Huai Luang ដើម្បីទប់ទឹកជំនន់ និងបញ្ចៀសគ្រោះរាំងស្ងួតនៅខេត្តឧដុនឋានី និងខេត្តណង ខៃ។
នៅកម្ពុជា រហូតមកទល់ពេលនេះមានគម្រោងដែលបានអភិវឌ្ឍហើយតែ ៣ ប៉ុណ្ណោះ ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ នឹងក្លាយជាគម្រោងទី៤ ដែលពាក់ព័ន្ធទៅនឹងទន្លេមេគង្គតាមរយៈទន្លេបាសាក់ដែលជាដៃទន្លេមេងគង្គ។
គម្រោង ៣ ដែលបានអភិវឌ្ឍរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទន្លេវ៉ាគោ ស្ថិតនៅខេត្តកំពង់ចាម ព្រៃវែង និងស្វាយរៀង ដែលមានប្រភពទឹកពីទន្លេមេគង្គ, គម្រោងវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង (ដៃទន្លេមេគង្គ) និងគម្រោងស្ពានអ្នកលឿង (លើទន្លេមេគង្គ)។
ប្រទេសដែលមានគម្រោងនៅលើដៃទន្លេមេគង្គ ឬនៅលើដងទន្លេមេគង្គច្រើនជាងគេគឺប្រទេសឡាវ ដែលមានរហូតដល់ទៅ ៤០ គម្រោង ក្នុងនោះ ៣៧ គឺជាគម្រោងវារីអគ្គិសនី។ ក្នុងចំណោមគម្រោងទាំង ៤០នេះ មានគម្រោងចំនួន ៨ ជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងទន្លេមេគង្គ។
ចំណែកប្រទេសវៀតណាម មានគម្រោងនៅលើដៃ ឬ ដងទន្លេមេគង្គសរុបចំនួន ១៥ ដែលក្នុងនោះគម្រោងវារីអគ្គិសនីមានចំនួន ១១ ប្រព័ន្ធធារាសាស្ត្រមានចំនួន ២ និងស្ពានឆ្លងកាត់ទន្លេមេគង្គមានចំនួន២។
ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានចំណោទសួរនិងកង្វល់ពីភាគីវៀតណាម លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វៀតណាមមិនគួរមានកង្វល់នោះទេ ព្រោះកម្ពុជាមានគម្រោងតិចតួច ចំណែកប្រទេសដែលមានគម្រោងច្រើនគឺឡាវនិងវៀតណាមខ្លួនឯង។ លើសពីនេះទៀត គម្រោងនេះស្ថិតនៅលើដៃទន្លេមេគង្គប៉ុណ្ណោះ។
លោកបន្តថា កម្ពុជាមានអធិបតេយ្យភាពក្នុងការធ្វើអ្វីមួយនៅលើទឹកដីរបស់ខ្លួន ហើយគម្រោងនេះនឹងធ្វើឲ្យកម្ពុជាមានឯករាជ្យខាងនយោបាយភស្តុភាកម្មរបស់ខ្លួន។
លោកបន្តទៀតថា កម្ពុជាក៏មិនធ្លាប់បានបង្ករការរាំងស្ទះដល់ការអភិវឌ្ឍនៅក្នុងប្រទេស ៣ទៀតដែលជាសមាជិកគណៈកម្មការទន្លេមេគង្គនោះដែរ។
លោកថ្លែងថា៖ «ដូច្នេះ ខ្ញុំយល់ថា វៀតណាមមិនគួរមានក្ដីបារម្ភពេកទេ គួរតែមានសេចក្ដីសាទរដែលកម្ពុជាអាចអភិវឌ្ឍប្រទេសជាតិក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះជាសក្ដានុពលសេដ្ឋកិច្ចមួយដែលជះឥទ្ធិពលវិជ្ជមានដល់ប្រទេសជិតខាង»។
គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០គីឡូម៉ែត្រ ដែលមានតម្លៃសាងសង់ក្នុងទឹកប្រាក់ ១,៧ ពាន់លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ដោយមានការវិនិយោគពីអ្នកវិនិយោគិនក្នុងស្រុក ៥១ភាគរយ៕