ភ្នំពេញៈ ដើមឈើ​ចម្រុះ​រាប់​ម៉ឺន​ដើម​នឹង​ត្រូវ​ធ្វើ​ពិធី​ដាំ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ នៅ​ក្នុង «រុក្ខទិវា» និង យុទ្ធនាការ «ពន្លក​បៃតង» ហើយ​និង​«ផ្ទះ​មួយ​ខ្នង ដើមឈើ​មួយដើម» ដើម្បី​បង្កើន​ភាព​បៃតង និង​គម្រប​ព្រៃឈើ​នៅ​កម្ពុជា។

ដើមឈើ​ប្រណិត​សរុប ៩ ៩៩៩​ដើម គ្រោង​នឹង​ដាំ​នៅ​លើ​ផ្ទៃដី ៣០​ហិកតា​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី «រុក្ខទិវា» ថ្ងៃទី​០៩ ខែ​កក្កដា ដែល​នឹង​រៀបចំ​ឡើង​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​បន្ទាយ​អង្គរ ដែល​ស្ថិត​ក្នុង​ភូមិ​ខ្នារ ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ក្រសួង​កសិកម្ម និង​គណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ។ 

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ ជាតិ-អន្តរជាតិ​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​កូន​ឈើ គ្រប់​ប្រភេទ ដើម្បី​ឱ្យ​ការ​រៀប​ចំ​ពិធី​រុក្ខទិវា ០៩ កក្កដា​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ដើម្បី​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​នៃ​ការ​លូតលាស់​វិស័យ​ព្រៃឈើ សត្វព្រៃ ជីវសាស្ត្រ​ចម្រុះ និង​នាំ​មក​នូវ​ការ​រីកចម្រើន​នៃ​រមណីយដ្ឋាន​ទេសចរណ៍​ជាដើម ។ 

«រុក្ខទិវា» គឺជា​មរតក​ដ៏​ថ្លៃថ្លា​របស់​ព្រះ​ករុណា​ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតនកោដ្ឋ។ កាល​ពី​នៅ​មាន​ព្រះជន្ម ព្រះ​អង្គ​តែង​បាន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ការ​ដាំ​ដុះ​ព្រៃឈើដ៏​​មាន​ផល​ប្រយោជន៍​សម្រាប់​មនុស្ស និង​សត្វ​នៅ​កម្ពុជា។

លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​បាន​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ ការ​រៀប​​​ចំ​កន្លែង​ប្រារព្ធ​ពិធី «រុក្ខទិវា» នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារព្រៃឈើ​បន្ទាយ​អង្គរ​នោះ​សម្រេច​បាន​ជាង​ ៨០​ភាគរយ​ហើយ។ 

លោកថ្លែងថា៖ «ការងារ​ដាំ​ដើម​ឈើ យើង​សហការណ៍​គ្នា​រៀបចំ​រួចរាល់​អស់​ហើយ។ នៅ​កន្លែង​ហ្នឹង​គឺ​យើង​នឹង​ដាំ​ដើម​ធ្នុង​នៅ​ដី​ចំការ​ឈើ​របស់​រដ្ឋ»។ 

ក្រសួង​កសិកម្ម​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ខេត្ត​តាកែវ ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​រុក្ខទិវា ០៩ កក្កដា ថ្នាក់​ជាតិ ចំនួន ៣​លើក​រួច​មក​ហើយ។ ក្នុង​នោះ លើក​ទី១ រៀបចំ​នៅ​ឆ្នាំ ១៩៩៣ នៅ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម​«ភ្នំតាម៉ៅ» លើក​ទី​២ ក្នុង​ឆ្នាំ​២០០៨ នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​បន្ទាយ​អង្គរ និង​លើក​ទី៣ ក្នុង​ឆ្នាំ ២០១៤ នៅ​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម​ភ្នំ​តាម៉ៅ។ រួម​ទាំង​ឆ្នាំ ២០២៤​នេះ​ផង ជា​លើក​ទី៤​ហើយ ដែល​«រុក្ខទិវា» នេះ​ត្រូវ​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្ត​តាកែវ។ 

ដោយឡែក រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏​គ្រោង​នឹង​បើក​យុទ្ធនាការ «ផ្ទះមួយ​ខ្នង ដើមឈើ​មួយ​ដើម» ដើម្បី​ដាំ​ដើមឈើ​ចំនួន ១​ម៉ឺន​ដើម​ផងដែរ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ 

អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ចុះ​ពិនិត្យ​កូនឈើ ១ម៉ឺនដើម ដែល​នឹង​ត្រៀម​យុទ្ធនាការ​ដាំ​ក្នុងក្រុង​បាត់ដំបង កាល​ពី​សប្តាហ៍​មុន។ រូបថត រដ្ឋបាលខេត្ត

អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ត្រៀម​បើក​យុទ្ធនាការ​នេះ​នា​ថ្ងៃទី​១៩ ខែ​មិថុនា​នេះ​ថា យុទ្ធនាការ ផ្ទះ​មួយខ្នង ដើមឈើ​មួយ​ដើម​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​ក្រុង​ស្រុក​ទាំង​​​១៤ ក្នុង​ខេត្ត​បាត់ដំបង។ ជំហាន​ដំបូង​គឺ​ផ្ដោត​ទៅ​លើ​ការ​ដាំ​នៅ​ទី​ប្រជុំជន ក្នុង​គោលបំណង​សំខាន់​បំផុត​គឺ​ដើម្បី​កំណត់​ឱ្យ​ច្បាស់​អំពី​ព្រំ​ដី​ចំណី​ផ្លូវ ចៀស​វាង​ការ​រំលោភ​បំពាន​ដី​ចំណី​ផ្លូវ។ លើស​ពី​នោះ គឺ​ដើម្បី​លើក​កម្ពស់​សម្រស់​នៅ​តាម​ទី​ប្រជុំជន​នៅ​តាម​ក្រុង​ស្រុក​ទាំង ១៤ នោះ​តែម្តង។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​យុទ្ធនាការ​នេះ នឹង​ចាប់​ផ្ដើម​ព្រមគ្នា​នៅ​ថ្ងៃទី​១១ ខែ​កក្កដា​ខាង​មុខ​នេះ។ ដូច្នេះ​ស្នើ​ឱ្យមាន​ការ​ចូលរួម​ពី​សំណាក់​មន្រ្ដី​រាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួម​យុទ្ធនាការ​នេះ នឹង​ចូល​រួម​ក្នុង​ការ​ថែ​រក្សា​ដើមឈើ​នេះ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ម្លប់ ជា​សម្រស់ និង​បង្ហាញ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​អំពី​ប្រភេទ​នៃ​ដើមឈើ​ប្រណិត​សំខាន់ៗ​មួយ​ចំនួន​នោះ​ផងដែរ»។

លោក​អភិបាល​ខេត្ត​សំដែង​ក្តី​សង្ឃឹម​ថា ក្រុង​បាត់ដំបង​នឹង​មាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត​បន្ទាប់​ពី​ដើមឈើ​ទាំង​នោះ​ លួត​លាស់ ដែល​ធ្វើឱ្យ​ក្រុង​បាត់ដំបង ក្លាយ​ជា​ទីក្រុង​បៃតង ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​មក​ទស្សនា កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

ក្រសួង​បរិស្ថាន​ក៏​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ​ក្រោម​មូលបទ «ពន្លក​បៃតង» ចាប់​ពី​ថ្ងៃទី​១០-១៦ ខែ​កក្កដា​ខាង​មុខ​នេះ នៅ​មុខ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ផងដែរ។ ក្នុង​កម្មវិធី​នេះ​នឹង​មាន​ការ​តាំង​បង្ហាញ និង​ចែក​កូន​ឈើ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ យក​ទៅ​ដាំដុះ​ផងដែរ នៅតាម​គេហដ្ឋាន សាលារៀន វត្តអារាម ទី​កន្លែង​សាធារណៈ និង​ទីតាំង​ឯកជន​នានា។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក៏​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា និង​និន្នាការ​បរិស្ថាន​ពិភពលោក សម្រាប់​ឱ្យ​កិច្ច​ការ​ពារ​ថែរក្សា និង​អភិរក្ស​ជីវៈចម្រុះ​និង​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​មាន​ចីរភាព នឹង​ជំរុញ​ដំណើរ​កម្ពុជា​ឆ្ពោះ​ទៅ​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ​នៅ​ឆ្នាំ​២០៥០៕