ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​នូវ​បច្ចេកទេស​ជំនាញ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​កម្ពុជា​កាន់តែ​រីក​ចម្រើន ជា​ពិសេស​ការ​ទប់ស្កាត់​ជំងឺឆ្លង។ 

ការ​បញ្ជាក់​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយក​ WHO ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច នា​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

លោក ព្យូកាឡា ថ្លែង​ថា៖ «WHO បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​នូវ​បច្ចេកទេស ជំនាញ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​កាន់តែ​រីកចម្រើន ជា​ពិសេស​ការ​ទប់ស្កាត់​នឹង​ជំងឺឆ្លង ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​នា​ពេល​អនាគត»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សំដី​លោក ព្យូកាឡា ថា ការ​ចូលរួម​គ្នា​ជា​ធ្លុង​មួយ​របស់​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​នឹង​ជួយ​ទប់ស្កាត់​ស្ថានភាព​ជំងឺ​ដែល​អាច​កើត​មាន​ឡើង។ ជាពិសេស ប្រជាពលរដ្ឋ​ចំនួន ១,៩ ប៊ីលាន​នាក់​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នេះ​នឹង​អាច​ទទួល​បាន​នូវ​សេវា​សុខាភិបាល​មួយ​ប្រកប​ដោយ​គុណភាព និង​តម្លៃ​សមរម្យ។ WHO នឹង​ចូលរួម​សហការ​គ្នា​រួម​ទាំង​កម្លាំង​កាយ ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទទួល​បាន​នូវ​សុខភាព​កាន់តែ​ល្អ​ប្រសើរ។

លោក ហ៊ុន ម៉ាណែត សង្ឃឹម​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង WHO និង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​នូវ​ប្រព័ន្ធ​សុខាភិបាល​មួយ​នៅ​កម្ពុជា​ប្រកប​ដោយ​ភាព​ធន់ ដែល​នឹង​ផ្ដល់​នូវ​សេវា​សុខាភិបាល​ក្នុង​តម្លៃ​សមរម្យ និង​មាន​គុណភាព​ខ្ពស់។ 

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ក្នុង​នោះ​វិស័យ​សុខាភិបាល​ជា​អាទិភាព​គន្លឹះ​មួយ ជាពិសេស​ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​រឹងមាំ ប្រកប​ដោយ​បញ្ញា​ស្មារតី និង​ទទួល​បាន​ការ​អប់រំ​ល្អ​ប្រសើរ។ 

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​តាម​រយៈ​ការ​កែលម្អ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ មណ្ឌល​សុខភាព ក៏ដូចជា​ការ​កសាង​នូវ​មន្ទីរពេទ្យ​តំបន់ ដែល​គ្រោង​នឹង​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​ចាប់ផ្ដើម​សាកល្បង​ដំណើរ​ការ​មន្ទីរពេទ្យ​តំបន់​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម។

លោក​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រីក​ការ​ផ្ដល់​សេវា​សុខាភិបាល​ឆ្ពោះ​ទៅ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ដែល​ផ្ដោត​លើ​ការ​ពង្រីក​ការ​គ្របដណ្ដប់​នៃ​ប្រព័ន្ធ​គាំពារ​សុខភាព​សង្គម និង​ការ​ពង្រឹង​សមត្ថភាព​ថែទាំ​បឋម​នៅ​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក រួម​ជាមួយ​ការ​លើក​កម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព។ 

កាល​ពី​ខែ​ឧសភា រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ចេញ​ឱ្យ​អនុវត្ត «ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ២០២៤-២០៣៥»៕