ភ្នំពេញ៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​ឱ្យប្រជាកសិករ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សមត្ថភាព​បំផ្លិច​បំផ្លាញ​របស់​ពពួក​ដង្កូវ​ហ្វូង​លើ​ដំណាំ​ស្រូវ ដំណាំ​បន្លែ​បង្កា និង​ដំណាំ​ឧស្សាហកម្ម ខណៈ​ប្រភេទ​ដង្កូវ​នេះកំពុង​តែ​វាយ​លុយ​ដំណាំ​ប្រជាកសិករ​​ក្នុង​បណ្ដា​ខេត្ដ​ជា​ច្រើន​។ 

ផល​ប៉ះពាល់​ពីការ​បំផ្លាញ​របស់​ដង្កូវ​ហ្វូង​ទៅលើ​ប្រមាណ ១០ ខេត្ដ​ទាំង​ដំណាំ​ស្រែ និង​ដំណាំ​ឧស្សាហកម្ម។​ 

​យោង​តាម​ទិន្នន័យ​របស់​លោក ឃឹម ហ្វីណង់ អ្ន​កនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍ ទទួល​បាន​កាលពី​ថ្ងៃទី ២០ ខែ​មិថុនា បាន​បង្ហាញថា​​ ៥ស្រុក នៃ​ខេត្ដ​តាកែវ និង ៣ស្រុក​​កំពង់ធំ រង​នូវ​ការ​ប៉ះពាល់ខ្លាំង​ជាងគេ រួម​ទាំង​​ប្រភេទដង្កូវ​មូរស្លឹក និង​មមាចខ្នងស​ ​ដីស្រែ​ច្រើន​ជាង​គេ គឺ ៥៨៥៩​ហិកតា និង​៣៨៧៣ ហិកតា​។

ដី​ស្រែ​នៅ​ខេត្ដ​កំពង់ធំ ត្រូវបាន​សង្គ្រោះពី​ការ​បំផ្លាញរបស់​ដង្កូវ​ហ្វូង​បាន​ប្រមាណជិត ២ពាន់​ហិកតា។ 
យោងតាម​ទិន្នន័យ​ បាន​ឱ្យដឹងថា​៖ «​ខេត្ដ​ប៉ៃលិន រង​ផលប៉ះពាល់ពីការ​បំផ្លាញរបស់​ដង្កូវហ្វូង​​លើ​ប្រភេទ​​ដំណាំ​ឧស្សាហកម្ម​ ២២៤០ ហិកតា​ ខណៈ​ខេត្ដ​ព្រះវិហារ​ប៉ះពាល់​ដំណាំ​ឧស្សាហកម្ម ៥០៥ ហិកតា​ និង​ដី​ស្រែ ៣៨៦​ហិកតា​»។ 

ស្រុក ៤ នៃ​ខេត្ដ​សៀមរាប​ក៏​រង​ផល​ប៉ះពាល់​ទាំង​ដំណាំ​ស្រូវ និង​ឧស្សាហកម្ម ៣៣៣ ហិកតា និង ១៥០ ហិកតា​។ នៅ​ខេត្ដ​ស្ទឹងត្រែង ដង្កូវ​ហ្វូង​បាន​បំផ្លាញ​ដំណាំស្រូវ ១១៤ ហិកតា ដំណាំ​រួមផ្សំ ៥២ ហិកតា និង​ដំណាំ​ឧស្សាហកម្ម ៩៥ ហិកតា។ 

មន្ត្រីជំនាញ​កសិកម្ម​ចុះ​ពិនិត្យ​មើល​ស្រូវ​ប្រជាពលរដ្ឋ​ដែល​រង​ការ​បំផ្លិច​បំផ្លាញដោយ​ហ្វូង​ដង្កូវ។ រូបថត ហ្វេសប៊ុក

នៅមាន​បណ្ដា​ខេត្ដ​មួយ​ចំនួន​ទៀត ដូចជា កំពង់ចាម លើ​ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម ១០ ហិកតា នៃ​ស្រុក​ស្ទឹង​ត្រង់​ កំពង់ឆ្នាំង ប៉ះពាល់​ដីស្រែ ២ ហិកតា​ នៃ​ស្រុក​ទឹក​ផុស​ ខណៈខេត្ដ​ត្បូងឃ្មុំ ប៉ះពាល់​ដំណាំ​ស្រូវ ១២០ ហិកតា និង​ដំណាំ​ឧស្សាហកម្ម ៦៤ហិកតា។ 

លោក ឃឹម ហ្វីណង់ បាន​ឱ្យដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​ផ្ទុះ​ការរាត​ត្បាត​ដង្កូវ​ហ្វូង​នេះថា៖ «​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុងឆ្នាំនេះ និង​អូស​បន្លាយពេល​យូរ បានធ្វើឱ្យ​វដ្ត​ជីវិត​របស់​ដង្កូវ​ហ្វូង​កាន់តែ​ខ្លី ពង​ឆាប់​ញាស់ ​ស៊ី​​ច្រើន ឆាប់​ធំ និង​បង្ក​កំណើត​ក្នុង​ល្បឿន​លឿន​»។ 

លោក​បាន​បន្ដថា ក្រៅពី​​​ការបាត់​លំនឹង​ជីវចម្រុះ​ដោយសារ​កត្តា​អាកាសធាតុ ដែល​បានធ្វើឱ្យ​បាត់បង់​នូវ​ប្រភេទ​សត្វ​​​ដើរតួនាទី​បំផ្លាញ​ពពួក​ដង្កូវ​ទាំងនេះ ចំនួន​ដង្កូវ​ហ្វូង​ក៏​ចាប់ផ្តើម​ផ្ទុះឡើង​ក្នុង​បរិមាណ​ច្រើន​មួយ​រំពេច​។

មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​ក៏​កំពុង​ប្រញាប់ប្រញាល់​ចុះ​តាមដាន​ការរីក​រាលដាល ផ្សព្វផ្សាយ​ពី​វិធានការ​ឆ្លើយតប និង​អន្តរាគមន៍​ផ្ទាល់​ក្នុងករណី​ចាំបាច់​ផងដែរ​។​

លោក​ ហ្វីណង់ បាន​រំឭក​ថា ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ធ្លាប់បាន​កើតឡើង​រួចមកហើយ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ ដែល​ពពួក​ដង្កូវ​ហ្វូង​នេះ​បាន​បំផ្លាញ​ដំណាំ​របស់​​ប្រជាកសិករ​អស់​ជាច្រើន​នៅក្នុង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ចាម​។ 

លោក​បាន​ឱ្យដឹងថា​៖ «ហេតុដូច្នេះ សូម​បងប្អូន​ប្រជាកសិករ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ តាមដាន​ត្រួត​ពិនិត្យ​មើល​ដំណាំ​ស្រែចម្ការ​របស់ខ្លួន​ជាប្រចាំ​ និង​ឱ្យបាន​ទៀងទាត់ និង​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា ជៀសវាង​នូវ​ការខាតបង់​ធ្ងន់ធ្ងរ​មកលើ​ផលដំណាំ​»។ 

ផល​ប៉ះពាល់​ពីការ​បំផ្លាញ​របស់​ដង្កូវ​ហ្វូង​ទៅលើ​ប្រមាណ ១០ ខេត្ដ​ទាំង​ដំណាំ​ស្រែ និង​ដំណាំ​ឧស្សាហកម្ម។​ រូបថត ហ្វេសប៊ុក

លោកបាន​ណែនាំ​វិធានការ​មួយ​ចំនួន ​វិធានការ​ការពារ​ ដែល​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ការសម្អាត​ស្មៅ​នៅតាម​ភ្លឺស្រែ ឬ​គម្ពោធ​ព្រៃ​នៅ​ជុំវិញ​ស្រែ​ដែលជា​ជម្រក​របស់​ដង្កូវ​ហ្វូង ឬ​សមាសភាព​ចង្រៃ​ផ្សេងៗ​ ក៏ដូចជា​ជីក​ចង្អូរ​មាត់​លើ​ដែលមាន​មុខកាត់ ៣០​សង់ទីម៉ែត្រ​ និង​ជម្រៅ ២០​សង់ទីម៉ែត្រ​ រួច​រោយ​ផេះ ឬ​កន្ទក់​នៅ​បាត​រណ្តៅ​ដើម្បី​បង្អាក់​ការធ្វើដំណើរ​របស់​ដង្កូវ​ហ្វូង​។​

ចំពោះ​វិធានការ​កម្ចាត់​ លោក ហ្វីណង់ បាន​ឱ្យដឹងថា ព្រលែង​សត្វ​ទា​ចូលទៅក្នុង​ស្រែ​ដើម្បីឱ្យ​ហ្វូង​ទា​ទាំង​នោះ​ស៊ី​ដង្កូវ​ដែល​នៅក្នុង​ស្រែ​ ហើយ​បើ​មាន​ប្រភពទឹក គួរ​បង្ហូរទឹក​ចូលទៅក្នុង​ស្រែ​ឱ្យ​លិច​សន្ទូង ឬ​សំណាប​រួច​បង្ហូរទឹក​ចេញ​វិញ​ហើយ​យក​ស្បៃ​មុង ឬ​ថ្នង​ដងត្រី​ត្រង យក​ដង្កូវ​ហ្វូង​កំទេចចោល​។​

លោក ឌី សំអាន អនុប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​សារ​វីដេអូ​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​។ 

លោក​បាន​និយាយថា​ ដង្កូវហ្វូង ឬដង្កូវទ័ព ឬដង្កូវ​រយ​ទាំង​នេះ​កើត​ចេញពី​មេអំបៅ​របស់វា​ ដែល​ពង​នៅលើ​ស្លឹក​ ហើយ​រយៈ​ពេល​ ២-៣ថ្ងៃក្រោយ ពង​អាច​ញាស់ជា​ដង្កូវ​ដ៏​ច្រើន​អនេក​។ វត្ដជីវិត​របស់​ដង្កូវ​មាន​អាយុ​ចន្លោះពី ៣៥ ទៅ ៥៥ ថ្ងៃ​។ ដូច្នេះ ពួកវា​បាន​ស៊ី​សន្លឹក​ដំណាំ​គ្រប់​ប្រភេទ ទាំង​ស្រូវ និង​បន្លែ​ សណ្ដែក​ ដំឡូង​មី​។

ដោយ​មាន​វាយ​ប្រហារ​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក សំអាន បាន​បង្ហាញ​អំពី​វិធី​ទប់​ស្កាត់​សត្វ​ល្អិត​ចង្រៃ​នេះ ដោយ​ចាប់ផ្ដើម​ពីការ​ដាក់​អន្ទាក់​ជូរ​ផ្អែម​ក្នុងការ​ទាក់​មេអំបៅ​ដែល​មាន​សមត្ថភាព​ពង​បាន​ចន្លោះ​ពី ៧០០ ទៅ ៣៦០០គ្រាប់​ចំពោះ​មេ​មួយ​ក្បាល។ 

លោក​បាន​និយាយថា​៖ «​ប្រជាកសិករ​គួរ​លាយ​អន្ទាក់​ជូរអែម​ ដោយ​​​លាយល្បាយ​​ទឹក​ ស្រាស ទឹក​ខ្មេះ និង​ស្ក​ល្ងូរ រួច​ច្របល់​ចូល​គ្នា​ ដោយ​រក្សា​ទុក​រយៈ​ពេល ៣-៤​ម៉ោង​ មុន​ពេលបន្ថែម​ថ្នាំ Fipronil មួយ​សង់ទីលីត្រ​ក្នុង​ល្បាញ​​​ទឹក​នោះ​មួយ​លីត្រ​ ដើម្បី​កម្ចាត់​មេអំបៅ​ពេញ​វ័យ»​។ 

ក្នុងករណី​បណ្ដា​វិធានការ​មេកានិក​ខាងលើ​ពុំ​អាច​ទប់ទល់​បាន លោក សំអាន ណែនាំ​ឱ្យ​ប្រើ​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​មួយចំនួន ​ដូចជា​ ថ្នាំ Thuricide ឬ Dipel ក្នុង​កម្រិត​ប្រើ ១ គីឡូក្រាម លើ​ផ្ទៃដី ១ ហិកតា​​ ថ្នាំ​សម្លាប់​សត្វ​ល្អិ​ត​ក្នុង​ក្រុម Pyrethroid ដូចជា Cypermethrin ឬ Deltamethrin ក្នុង​កម្រិត​ប្រើ ១​លីត្រ លើ​ផ្ទៃដី ១ ហិកតា​ និង​​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​ក្រុម Carbomate ដូចជា Carbaryl ក្នុង​កម្រិត​​ប្រើ​ដូចខាងលើ៕