ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ដើម្បី​កសាង​កម្ពុជា​ទៅ​ជា​ប្រទេស​មួយ​ដែល​គ្រឿងញៀន​លែង​ជា​ឧបសគ្គ​សម្រាប់​​ប្រទេស​កម្ពុជា។

លោក​លើក​ឡើង​ក្នុង​សារលិខិត​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃ​ទី​២១ មិថុនា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្ងៃទី២៦ ខែ​មិថុនា ថា៖ «ក្នុង​នាម​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​និង​ពិធីសារ​នានា ខ្ញុំ​សូម​ធ្វើការ​ប្ដេជ្ញា​ចិត្ត និង​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​បំផុត ដោយ​តម្កល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​អាទិភាព​ខ្ពស់​មួយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃ​រដ្ឋសភា ដើម្បី​ឈាន​ទៅ​សម្រេច​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ការ​កសាង​កម្ពុជា ទៅ​ជា​ប្រទេស​មួយ​ដែល​គ្រឿងញៀន​លែង​ជា​ឧបសគ្គ​និង​បញ្ហា​របស់​សង្គម​ជាតិ»។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​២១ មិថុនា ថា ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ​ជា​រឿង​មួយ​ដែល​ប្រជាពលរដ្ឋ​រង់ចាំ​ជា​យូរ​មក​ហើយ​ដែល​ចង់​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ក្លាយ​ទៅ​ជា​ការ​អនុវត្ត​ពិតប្រាកដ ហើយ​នេះ​អាច​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​មួយ​ដែរ​ចំពោះ​ការ​ធ្វើ​ឱ្យ​មាន​ការ​ថមថយ​គ្រឿងញៀន​នៅ​ក្នុង​សង្គម​កម្ពុជា។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​យល់​ថា សម្រាប់​ប្រជាពលរដ្ឋ​គឺ​លោក​កំពុង​តែ​រង់ចាំ​មើល តាមដាន​មើល​អំពី​ការ​អភិវឌ្ឍ​នេះ។ សម្រាប់​ខ្ញុំ​ក៏​ជា​អ្នក​តាមដាន​កិច្ចការ​សង្គម​មួយ​ដែរ ក៏​រង់ចាំ​មើល​អំពី​ការ​វិវត្ត​ពី​វិធាន​ការ​ជាក់ស្ដែង​ដែល​រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​គ្រឿងញៀន​ហ្នឹង​អាច​សាបសូន្យ​ពី​សង្គម​កម្ពុជា»។ 

លោក​ យង់ គិមអេង បន្ថែម​ថា៖ «អ៊ីចឹង ខ្ញុំ​ថា ការ​លើកឡើង ការ​ប្ដេជ្ញា​ចិត្ត​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​វិធានការ​ជាក់ស្ដែង ​ហើយ​និង​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព ហើយ​យើង​ខ្ញុំ​ក៏​រង់ចាំ​មើល​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​នេះ​ផង​ដែរ»។

លោក ហ៊ុន ម៉ាណែត លើកឡើង​បន្ត​ថា កម្ពុជា​នៅតែ​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​សកម្មភាព​ពាក់ព័ន្ធ​គ្រឿងញៀន ដែល​បណ្ដាល​ឱ្យ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍​នៅតែ​បន្ត​កើត​មាន និង​រីក​រាលដាល​ដល់​ជនបទ​ផង​ដែរ។

លោក​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី ខេត្ត ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ «ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព» ដោយ​ត្រូវ​លុបបំបាត់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍។

លោក​ យង់ គិមអេង ថ្លែង​ថា ដើម្បី​រំដោះ​យុវជន​កម្ពុជា​រាប់​សិប​នាក់​ចេញ​ពី​អន្ទាក់​នៃ​គ្រឿងញៀន និង​ការពារ​កុំ​ឱ្យ​យុវជន​កម្ពុជា​រាប់​សិប​នាក់​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​គ្រឿងញៀន​នេះ គឺ​ទាមទារ​ចាំបាច់​នូវ​ការ​ចូលរួម​យ៉ាងសកម្ម​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ពាក់ព័ន្ធ។ 

លោកបន្ថែម​​ថា ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គឺ​គួរតែ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​មាន​ឱកាស​នៅ​ក្នុង​ការ​រាយការណ៍​អំពី​គ្រឿងញៀន​ដែល​ពួកគេ​បាន​ជួបប្រទះ​ដើម្បី​អាជ្ញាធរ​បាន​ចាត់វិធានការ​ទាន់​ពេលវេលា ហើយ​ក៏​ត្រូវតែ​មាន​ការ​ការពារ​ដល់​ពលរដ្ឋ​ដែល​ហ៊ាន​រាយការណ៍​អំពី​បញ្ហា​គ្រឿងញៀន​ផង​ដែរ។

លោក​ យង់ គិមអេង ​ថ្លែង​ថា៖ «មួយ​វិញ​ទៀត គឺ​ត្រូវតែ​មាន​ទំនាក់ទំនង​ក៏​ដូចជា​របៀប​នៃ​ការ​ធ្វើការ​ហ្នឹង​តាំង​ពី​ថ្នាក់​ឃុំ សង្កាត់​រហូត​ដល់​ថ្នាក់​លើ​ដើម្បី​បង្ការ ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ជា​ប្រចាំ។ លើស​ពី​នោះ​ទៅ​ទៀត​គឺ​ត្រូវតែ​មាន​ការ​អប់រំ ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​បំផុត ជា​ពិសេស​នៅ​តាម​កញ្ចក់​ទូរទស្សន៍​តាម​អី​ហ្នឹង​គឺ​ត្រូវតែ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម​អី​ឱ្យ​បាន​ច្រើន»។

នៅ​ក្នុង​សារលិខិត​ដដែល​នេះ លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​យល់ដឹង​ស៊ី​ជម្រៅ​កាន់តែ​ច្បាស់​អំពី​ផល​ប៉ះពាល់ គ្រោះថ្នាក់ និង​វិនាសកម្ម​នៃ​គ្រឿងញៀន និង​លើក​ទឹកចិត្ត​វិស័យ​ឯកជន​ទាំងអស់​ចូលរួម​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការងារ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​និង​អប់រំ​តាម​គ្រប់​មធ្យោបាយ​និង​គ្រប់​រូបភាព។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា៖ «ការ​ចូលរួម​វិនិយោគ​ពី​គ្រប់​វិស័យ​លើ​ការងារ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​និង​អប់រំ គឺ​ជា​កម្លាំង​ចលករ​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​បញ្ហា​គ្រឿងញៀន​លែង​ជា​ឧបសគ្គ​រារាំង​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ»។

ក្រៅ​ពី​នេះ លោក​ណែនាំ​ឱ្យ​បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ដើម្បី​លើក​កម្ពស់​ទំនុក​ចិត្ត ប្រសិទ្ធភាព​ការងារ អភិបាលកិច្ច​ល្អ និង​ភាព​ស្អាតស្អំ។

ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៣ និង​ដើម​ឆ្នាំ ២០២៤ បទល្មើស​គ្រឿងញៀន​ជា​ច្រើន​ពាន់​ករណី​ត្រូវ​បាន​បង្ក្រាប និងចាប់​បាន​។ គ្រឿង​ញៀន និង​ឧបករណ៍​ពាក់ព័ន្ធ​គ្រប់​ប្រភេទ ព្រមទាំង​សារធាតុគីមី​ផ្សំ​ជា​ច្រើន​តោន​ត្រូវ​បាន​ចាប់​យក។ ជន​សង្ស័យ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់៕