ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប» នៃក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​រក​ឃើញ​សារធាតុ​គីមី​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅ​ក្នុង​ផ្លែ​ទុរេន​នាំចូល​ពី​ប្រទេស​ជិត​ខាង។ 

បន្ទាប់ពី​មាន​របាយការណ៍​នៅលើ​បណ្តាញ​សង្គម​ដែល​ចោទ​ប្រកាន់​ការ​លក់​ទុរេន​នាំ​ចូល​ដោយ​ក្លែងក្លាយ​ថា​ជា​ផលិតផល​​ក្នុងស្រុក និង​ថែម​ទាំង​បាន​ប្រើ​ប្រាស់​សារ​ធាតុគីមី​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល បាន​ឱ្យ​អង្គភាព «ក.ប.ប» ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ចេញ​នៅ​ថ្ងៃទី ២១ ខែមិថុនា បាន​ឱ្យ​ដឹង​ថា៖ «នៅ​ពេល​ទទួលបាន​របាយការណ៍ មន្ត្រី​ជំនាញ​មក​ពី CCF ត្រូវ​បាន​បញ្ជូន​មក​ត្រួត​ពិនិត្យ​ទីផ្សារ និង​ច្រកព្រំដែន​ឆ្លង​កាត់​ប្រទេស​កម្ពុជា»។

លទ្ធផល​បឋម​បាន​បង្ហាញ​ថា ទោះ​បី​ជា​អ្នក​លក់​អះអាង​ថា ផ្លែ​ទុរេន​ដែល​អាជីវករ​​ដាក់​តាំង​លក់​គឺជា​ផលិតផល​ខ្មែរ ​មកពី​ខេត្តកំពត ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង ខេត្ត​ត្បូងឃ្មុំ យ៉ាង​ណា​ក៏ដោយ ក៏​ប៉ុន្តែ​តាម​ពិត​វាជា​ផ្លែ​ទុរេន​នាំ​ចូល​​ពី​ប្រទេសជិតខាង ក្រោមរូបភាព​តូចៗ នៅតាម​បណ្តា​ច្រកទ្វារ​ព្រំដែន​មួយ​ចំនួន​នៃ​ប្រទេស​។​

សេចក្តី​ប្រកាស​នោះ​បាន​ឱ្យ​ដឹង​ថា៖ «​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ក៏​បាន​សង្កេត​ឃើញ​ថា ផ្លែ​ទុរេន​ដែល​នាំ​ចូល​មួយ​ចំនួន ត្រូវ​បាន​ជ្រលក់​សារធាតុ​ម្យ៉ាង ដែល​មន្ត្រី​ជំនាញ​មិន​ទាន់​អាច​កំណត់​​អត្តសញ្ញាណ ​និង​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​បាន​នៅ​ឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និង​បន្តធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​សារធាតុ​នោះ ដោយ​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ»​។​

ដោយ​មើលឃើញ​ពី​ការ​រក​ឃើញ​ទាំងនេះ «ក.ប.ប» ជំរុញ​ឱ្យ​ពាណិជ្ជករ​ទុរេន​ទាំងអស់ ជៀសវាង​ការ​ប្រើប្រាស់​សារធាតុ​មិន​ស្គាល់​អត្តសញ្ញាណ និង​ធ្វើ​អាជីវកម្ម​ប្រកប​​ដោយ​សុចរិត​ភាព ដោយ​មិន​ក្លែង​បន្លំ​​​ប្រភព​នៃ​ផលិតផល។

យោងតាម​ទិន្នន័យ​ឆ្នាំ ២០២១ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ទុរេន​ចំនួន ៥២៨៩ ហិកតា ដែល​ផ្ដល់​ទិន្នផល​ផ្លែ​​ទុរេន​បាន​ប្រមាណ ៣៦៦៥៦​ តោន​ក្នុង​មួយឆ្នាំ​។​

លោក ឃឹម ហ្វី​ណង់​ អ្នកនាំពាក្យ​ក្រសួង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤​ ទិន្នផល​ទុរេន​ក្នុងស្រុក​មាន​ចំនួន ៦២២៨ តោន​»។​

ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​ជួប​ប្រទះ ឬ​សង្ស័យ​ថា​ មាន​អាជីវកម្ម​ក្លែង​បន្លំ ដូចជា​ការ​ប្រើប្រាស់​សារធាតុ​មិន​ស្គាល់​អត្តសញ្ញាណ ឬ​ប្រភព​ក្លែងបន្លំ ផ្តល់​ព័ត៌មាន​ទៅ​កាន់ Call Center នៃ​ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​លេខ ១២៦៦ ឬ​ទាក់ទង​ដោយ​ផ្ទាល់​មក​កាន់​អគ្គនាយកដ្ឋាន «ក.ប.ប» តាម​រយៈលេខ ០៩២ ៤៣០ ៥៥៥៕