ភ្នំពេញ៖ នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហា​ផ្ទៃ ​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​លួង​លោម​ពី​ជន​មិនស្គាល់​មុខ​ឲ្យ​ទៅ​បើក​គណនី​ធនាគារ ឬ​សេវា​ផ្ទេរ​ប្រាក់​នានា​ដើម្បី​ទទួល​ផល​កម្រៃ​ពី​ជន​ល្មើស​ឆបោក​តាម​អនឡាញ។

នាយកដ្ឋាន​នេះ​បាន​បង្ហោះ​ករណី​ឃាត់​ខ្លួន​ជន​ជាប់​ពាក់​ព័ន្ធ​៣​នាក់ ជាជន​ជាតិ​ខ្មែរ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ ដែល​បាន​ទទួល​ផល​នៃ​បទ​ល្មើស​ឆបោក​តាម​អនឡាញ។ បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ ​ការ​ឃាត់​ខ្លួន​ធ្វើ​ឡើង​តាំងពី​ថ្ងៃទី​១២ ខែមិថុនា ហើយ​ជន​សង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំងពីរ​នេះ​ មាន​ជន​សង្ស័យ​ឈ្មោះ ស.ក.ឡ ​ភេទ​ស្រី ​គឺ​ជា​អ្នក​ទទួល​ប្រាក់​នៃ​បទ​ល្មើស​ឱ្យ​ឧក្រិដ្ឋជន ដែល​បាន​ប្រព្រឹត្ត​ការ​ឆបោក​តាមរយៈ​ការ​លួងលោម​ស្នេហា​ ឬ​ឆបោក​បែប​មនោសញ្ចេតនា ដែល​ជា​ករណី​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​សមត្ថកិច្ច​សិង្ហបុរី។

ចំណែក​ករណី​មួយ​ទៀត​មាន​ជន​សង្ស័យ​ជនជាតិ​ខ្មែរ​ពីរ​នាក់​ភេទប្រុស​ មាន​ឈ្មោះ​ហៅ​កាត់​ថា​ រ.ត.ន និង​ម.ម ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ផល​នៃ​បទ​ល្មើស​ជំនួស​ឲ្យ​ឧក្រិដ្ឋជន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី។

នាយកដ្ឋាន​ដដែល​បញ្ជាក់​ថា៖ «នាយកដ្ឋាន​សូម​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ សូម​ប្រុង​ប្រយ័ត្ន​ក្នុង​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ក្រោម​ការ​អូស​ទាញ​គ្រប់​រូប​ភាព និង​គ្រប់​ទម្រង់ ដើម្បី​ឱ្យ​មាន​ភាព​ជឿ​ជាក់ រហូត​ឈាន​ដល់​ការ​ខាត​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

នាយកដ្ឋាន​ដដែល​បន្ត​ថា៖ «ជាង​នេះ​ទៅ​ទៀត​ការ​អូស​ទាញ​របស់​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ឱ្យ​បើក​គណនី​ធនាគារ​ ឬ​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ដើម្បី​ទទួល​ប្រាក់​ពី​បរទេស ​ដែល​មាន​ប្រព័ន្ធ Western​ Union, Ria …ជាដើម ដោយ​ទទួល​បាន​កម្រៃ​ពី​អំពើ​ទាំង​នោះ ​គឺ​ជា​ចំណែក​ក្នុង​ការ​ប្រព្រឹត្តិបទ​ល្មើស ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក ​ប្លង់ សុផល អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​ ៣​នាក់​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​គិត​ត្រឹម​រសៀល​ថ្ងៃទី២១ ខែមិថុនា​នេះ។

លោក ង៉ែត មូសេ ​អ្នកប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល ពន្យល់​ថា​ការ​ឆបោក​​មនោសញ្ចេតនា​ (Romantic scam ឬ Internet Love Scam) កើត​ឡើង​តាម​រយៈ​ឧក្រិដ្ឋជន​​បង្កើត​គណនី​បណ្តាញ​សង្គម​ក្លែងក្លាយ​មួយ​ ដោយ​ប្រើ​ប្រាស់​រូបភាព​ដែល​ពួក​យក​ពី​អ៊ីនធឺណិត ​ដូចជា​រូបថត​មនុស្ស​ដែល​មាន​គេ​ស្គាល់​ច្រើន ​ឬ​មនុស្ស​ណា​ម្នាក់​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ជន​រង​គ្រោះ។​ បន្ទាប់​មក​ពួក​គេ​កសាង​ទំនាក់​ទំនង​បែប​មនោសញ្ចេតនា ជាមួយ​ជន​រងគ្រោះ​បន្ដិច​ម្តងៗ​​រហូត​ដល់​ជន​រងគ្រោះ​ជឿ​ទុក​ចិត្ត។

ជាចុង​ក្រោយ ពួក​គេ​បង្កើត​រឿងរ៉ាវ​បន្ទាន់​ណា​មួយ​ ហើយ​សុំ​ឲ្យ​ជន​រងគ្រោះ​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ ជាញឹក​ញាប់ ហើយ​​ទម្រង់​នៃ​ការផ្ញើ​លុយ​នោះ​គឺ​តាមរយៈ​ការ​ផ្ញើ​តាម​ធនាគារ ​និង​តាម​សេវាកម្ម​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក។

ការឆបោក​បែប​នេះ​មាន​នៅ​លើ​ប្រទេស​នានា​ក្នុង​ពិភពលោក​ រួម​ទាំង​នៅ​កម្ពុជា​ផងដែរ ​ដោយ​ភាគ​ច្រើន​ជន​រងគ្រោះ​គឺជា​ស្ត្រី ​ហើយ​ជន​ល្មើស​មាន​ទាំង​ខ្មែរ និង​បរទេស។

នៅ​ឆ្នាំ ២០២០ អាជ្ញាធរ​បាន​ចាប់​ជនជាតិ​ខែ្មរ​១​នាក់ និង​ជនជាតិ​នីហ្សេរីយ៉ា ៣​នាក់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម ដោយ​លួង​លោម​បោក​បញ្ចោត​មនោសញ្ចេតនា។ លោក​ថា ករណី​នោះ ជនជាតិ​ខ្មែរ​គឺ​ជាអ្នក​ដើរ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​ភូមិ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ខ្លួន​ទៅ​បង្កើត​ធនាគារ​ ហើយ​លក់​គណនី​ធនាគារ​នោះ​ឲ្យ​មក​ខ្លួន។

ក្រៅ​ពី​នេះ​ក៏​មាន​ការឆបោក​មនោសញ្ចេតនា ​ដោយ​ជន​ល្មើស​សន្យា​ផ្ញើរ​របស់​របរ​មាន​តម្លៃ​ដូចជា​ កាបូប​ ប្រាក់ ​និង​មាស​ជាដើម។

លោក​បន្ត​ថា៖ «ឧក្រិដ្ឋជន​មាន​ដៃ​ជើង​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ។​ ករណី​ខ្លះ ជនជាតិ​ខ្មែរ​ដែល​ជា​ដៃ​ជើង​របស់​ឧក្រិដ្ឋជន ​បាន​ក្លែង​បន្លំ​ជា​មន្ត្រីពន្ធ​គយ​ ផ្ញើសារ​ទៅ​ជន​រង​គ្រោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ឬ​តេឡេក្រាម ដោយ​ប្រាប់​ថា​មាន​គេ​ផ្ញើ​អីវ៉ាន់​មក​ឲ្យ​ តែ​ត្រូវ​បង់​ពន្ធ​ជាមុន​សិន»។

ចំពោះ​ករណី​ទាំង​ពីរ​ខាង​ចុង​ក្រោយ​​នេះ លោក​ថា ស្រដៀង​ទៅ​នឹង​ករណី​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​គឺ​ជនល្មើស​លួងលោម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ថរិកា​យក​អត្ត​សញ្ញាណប័ណ្ណ​របស់​ខ្លួន​ទៅ​បើក​គណនី​ធនាគារ​ រួច​ហើយ​គេ​ទិញ​យក​គណនី​នោះ​ដើម្បី​ធ្វើការ​ផ្ញើ​លុយ​ចេញ។

លោក​ថា៖ «ប៉ុន្តែ​ក្នុង​ករណី​ថ្មី​នេះ គឺ​ឧក្រិដ្ឋជន​ និង​ដៃ​ជើង​របស់​ពួក​ដែល​នៅ​ក្នុង​ស្រុក​ បាន​ផ្លាស់​ប្តូរ​របៀប​ក្នុង​ការ​ផ្ញើ​លុយ​ក្រោយ​ពេល​ទទួល​លុយ​ពី​ជន​រងគ្រោះ​នៅ​ក្នុង​ស្រុក​ រួច​ហើយ​ផ្ញើ​ចេញ​ទៅ​ខាង​ក្រៅ​ប្រទេស​ ដោយ​ប្រើ​ប្រាស់​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ ​ដូចជា ​Western Union ​និង​ Ria​ ជាដើម»។

លោក​បន្ត​ថា ការ​ធ្វើ​ការ​ផ្ទេរ​ប្រាក់​បែប​នេះ ​ធ្ធើ​ឲ្យ​អជ្ញាធរ​ពិបាក​ស្វែង​រក។ ចំណែក​ឯ​ជន​រង​គ្រោះ​ ឬ​អ្នក​​លក់​គណនី​ធនាគារ​ និង​អ្នក​ទិញ​គណនី ​ហើយ​ផ្ញើ​លុយ​ទៅ​ឲ្យ​ឧក្រិដ្ឋ​ជន​ គឺ​ជាជន​ជាតិ​ខ្មែរ​ទាំង​អស់។ នៅ​មាន​ករណី​ដែល​ស្មុគស្មា្ញញ​ជាង​នេះ​ទៀត​ នោះ​គឺ​ការ​ផ្ទេរ​ប្រាក់​របស់​ឧក្រិដ្ឋជន​តាម​ហិរញ្ញវត្ថុ​ Crypto ​ដែល​រឹតតែ​ធ្វើ​ឲ្យ​អជ្ញាធរ​មាន​សមត្ថកិច្ច​ពិបាក​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ពិត​ប្រាកដ។

ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម Western Union និង Ria ​ជនរងគ្រោះ​អាច​ធ្វើការ​រាយការណ៍​និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមហ៊ុន​ទាំងពីរ​នេះ៕