ពោធិ៍សាត់ៈ មេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ​ក្នុង​ខេត្ត​ពោធិ៍សាត់​ឈ្មោះ កោះ សុភី ហៅ​តាហយ កំពុង​តែ​គេច​ខ្លួន​ក្រោយ​ពី​តុលាការ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​រឿង​បទល្មើស​ព្រៃឈើ​ដុះស្លែ​រាប់​ឆ្នាំ​មក ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្រ្តី​ផ្សេង​ទៀត​ជាច្រើន។ នេះ​បើ​យោង​តាម​អភិបាល​ខេត្ត​ពោធិ៍សាត់​លោក ខូយ រីដា។

ចំណាត់ការ​របស់​តុលាការ​ខេត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​សំបុក​បទល្មើស​ព្រៃឈើ​ដ៏​ធំ​មួយ​នៅ​ដែន​ជម្រក​សត្វ​ព្រៃឱរ៉ាល់​ស្ថិត​ក្នុង​ស្រុក​ភ្នំក្រវាញ និង​កន្លែង​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​បាន​លោក​អភិបាល​ខេត្ត​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បង្រ្កាប​ក្រោម​ការ​ស្នើសុំ​អន្តរគមន៍​ពី​សមាគម​យុវជន​ស្រលាញ់​ធម្មជាតិ។ ជា​លទ្ធផល​យ៉ាង​ហោច​ណាស់​ឈើ ៤០​ម៉ែត្រ​ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា៖ «យើង​បាន​រក​ឃើញ​ឈើ​ដែល​បង្កប់​លាក់​នៅ​ក្នុង​ឱរ៉ាល់​យើង ស្រុក​ភ្នំ​ក្រវាញ​ហ្នឹង។ យើង​នៅ​កំពុង​តែ​បន្ត​ប្រមូល​វត្ថុ​តាង និង​កំពុងតែ​អនុវត្ត​ច្បាប់​ហើយ​តុលាការ​បាន​ចេញ​ដីកា​ហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​តាម​ការ​ចោទ​ប្រកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ»។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «មុខ​សញ្ញា​នេះ​យើង​រក​យូរ​មក​ហើយ ដែល​លួច​លាក់ និង​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​មន្រ្តី​មួយ​ចំនួន។ យើង​មិន​ទាន់​ដឹង​ថា មុខ​សញ្ញា​ណា​ខ្លះ​ដែល​ពាក់ព័ន្ធ​នោះ​ទេ។ យើង​កំពុង​តែ​ហៅ​ទី១ សាម៉ី​ខ្លួន​មក​សិន។ សាម៉ី​ខ្លួន​គេច​ខ្លួន​បាត់​ហើយ ប្រហែល​ជា​ដីកា​ហ្នឹង​មិន​ទាន់​ដល់​សាម៉ី​ខ្លួន​ទេ។ គេ​ដាក់​មេធាវីអី​ដែរ.. មក​ដោះស្រាយ​ទៅ អាហ្នឹង ផ្លូវច្បាប់​គេ​អនុវត្ត​ហើយ»។ 

លោកអភិបាល​ខេត្ត និង​ប្រធាន​សមាគម​យុវជន​ស្រលាញ់​ធម្មជាតិ​លោក តាន់ គឹសួរ បាន​អះអាង​ថា ឈ្មួញ​ឈើ​រូប​នោះ ឈ្មោះ​កោះ សុភី ហៅ​តាហយ​(ហ៊យ)។ 

លោក តាន់ គឹមសួរ បាន​អះអាង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អណាធិបតេយ្យ​តាម​រថយន្ត​កែច្នៃ​ប្រមាណ​ជា ៣​គ្រឿង​នៅ​តំបន់​ដំណាក់​ត្រយឹង ស្ថិត​ក្នុង​ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ នៅ​ថ្ងៃទី​២៧ ខែ​ឧសភា​កន្លងមក។ ក្រោយ​មក​បាន​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ទៅ​រក​មើល​ដោយ​មាន​មន្រ្តី​ឧទ្យានុរក្ស​ចំនួន ២​នាក់​ផងដែរ។

រថយន្ត​កែច្នៃ​មួយ​គ្រឿង​លាក់​ទុក និង​បាន​សម្រេច​ប្រមូល​មែក​ឈើ ដើម្បី​ដុត​រថយន្ត​នោះ​កំទេច​ចោល​ដោយក្រុម​មន្ត្រី​ល្បាត។ រូបថត សហការី

នៅពេល​ទៅ​ដល់​ទីតាំង​នោះ មិន​ឃើញ​មាន​ជន​សង្ស័យ​នោះ​ទេ។ ប៉ុន្តែ​វត្ថុ​តាង​ជាច្រើន​ត្រូវ​បាន​បន្សល់​ទុក ដូចជា​ឈើឃ្លុំ (ឈើម្រេញ) ៤​កំណាត់​ធំៗ ឈើ​ក្តារអារ​ច្រៀក​រួច​ជា​បន្ទះៗ​រាប់​រយ​បន្ទះ ដើមឈើ​មូល​ជាច្រើន​ដើម ដែល​សរុប​ទៅ​ប្រមាណ​ជា ៣០​ម៉ែត្រ​គូប ដែល​គេ​ត្រៀម​រៀបចំ​ដឹក​ជញ្ជូន​ចេញ។ ក្រៅ​ពី​នោះ ក៏​ឃើញ​មាន​រោង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ជា​ច្រើន​របស់​ជនល្មើស ផ្លែ​រណា​អារ​ឈើ ម៉ាស៊ីន​អារ៉ៃ ម៉ាស៊ីន​អូស​ម៉ាស៊ីនរ៉ៃ ម៉ាស៊ីន​អារច្រៀក​ឈើ​ផ្សេង​ទៀត កង់យោង និង​គំនរ​កំទេច​អាចម៌​រណា​យ៉ាង​ក្រាស់​ផងដែរ។ 

លោក​និយាយ​ថា៖ «ពួក​យើង​មិន​ដែល​ឃើញ​សោកនាដកម្ម​ព្រៃឈើ​ដ៍​ធំ​សំបើម​ថ្នាក់​នេះ​ទេ​កន្លងមក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ធ្វើ​កិច្ចការ​នេះ...ខ្ញុំ​មាន​អារម្មណ៍​ថា​សោកស្តាយ ស្រណោះ​ព្រៃឈើ​នៅ​តំបន់​នោះ​មែនទែន។ ពី​ភ្នំ​មួយ​ទៅ​ភ្នំមួយ​ឃើញ​ថា​មាន​ការ​កាប់​ទន្រ្ទាន​ខ្លាំង មាន​គន្លង​ឡាន​ [ដឹកឈើ] ដោយ​ឈ្មោះ​ហ៊យ»។

នៅពេល​ជិត​យប់​ពួក​លោក​ក៏​បាន​ចុះ​មក​វិញ ហើយ​បាន​ទាក់ទង​តាម​រយៈទូរស័ព្ទ​ទៅ​អភិបាល​ខេត្ត​ពោធិ៍សាត់​លោក ខូយ រីដា ដើម្បី​សុំ​អន្តរាគមន៍​បន្ថែម។ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា លោក​អភិបាល​ខេត្ត​បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ​ជា ៣០​រូប​ទៅ​ជួបជុំ​គ្នា​ជាមួយ​នឹង​ក្រុម​ល្បាត​លោក គឹមសួរ ​នៅ​ចំណុច​ជើង​ភ្នំ​មួយកន្លែង។

លោក​អភិបាល​បាន​ធ្វើ​ការ​ណែនាំ​ដល់​កងកម្លាំង​ដែល​មាន​អាវុធ​ស្ទើរ​គ្រប់ដៃ​នោះ​ពី​របៀប​នៃ​ការ​ដើរ​ក្នុង​ព្រៃ និង​ឡើង​ភ្នំ​ជាដើម។ ក្រុម​ល្បាត និង​កម្លាំង​ចម្រុះ​បាន​ដេក​នៅ​ក្នុង​ព្រៃ​មួយ​យប់ ដើម្បី​បន្ត​រុករក​រថយន្ត​បន្ត​ទៀត ទៅ​តាម​ស្នាម​រថយន្ត ហើយ​ក៏​បាន​ឃើញ​រថយន្ត​កែច្នៃ​មួយ​គ្រឿង​លាក់​ទុក។ ដោយ​ខ្វះ​មធ្យោបាយ​រឹបអូស​យក​ទៅ​រក្សាទុក ពួកគេ​ក៏​បាន​សម្រេច​ប្រមូល​មែក​ឈើ ដើម្បី​ដុត​រថយន្ត​នោះ​កំទេច​ចោល​តែ​ម្តង ព្រោះ​ខ្លាច​ជនល្មើស​យក​ទៅ​វិញ។

ឈើ​ដែល​រក​ឃើញ​ហើយ​រឹបអូស​ជា​បឋម មាន​ចន្លោះ​ពី ៣០ ទៅ ៥០​ម៉ែត្រ​គូប។ រូបថត សហការី

បេសកម្ម​ជាមួយ​នឹង​កម្លាំង​ចម្រុះ​បាន​ដេក​នៅ​ក្នុង​ព្រៃលើ​ភ្នំ​នោះ​ រហូត​ដល់​បាន​បញ្ចប់​ការ​រុក​រក​បទ​ល្មើស​នៅ​ក្នុង​ព្រៃឈើ​ភ្នំ​នោះ។ 

លោក គឹមសួរ បន្ត​ថា លោក​បាន​ចំណាយ​ពេល​ចំនួន ២ថ្ងៃ ដើម្បី​សាកសួរ​ប្រជាជន​នៅ​តំបន់​នោះ​ពី​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំង​នេះ និង​ជិះរក​មើល​កន្លែង​ដែល​ឡាន​ដឹកឈើ យក​ទៅ​ស្តុក​នៅ​ឃ្លាំងឈើ និង​ការ​ចរាចរ​ឡាន​ដឹក​ឈើ។​ជា​លទ្ធផល លោក​បាន​ក្ដោប​បាន​ទីតាំង​បទល្មើស ដែល​មាន​តាហយ​ជា​អ្នក​ប្រព្រឹត្ត​រាប់សិប​ឆ្នាំ​មក​ហើយ។​

លោក​បាន​សង្កេត​ឃើញ​ថា៖ «គ្រប់ភ្នំ​តែ​ម្តង​គឺ​បន្សល់​នូវ​ស្លាកស្នាម​នៃ​គល់​ឈើ និង​បទល្មើស។ នេះ​យើង​ជា​ស្នាដៃ​របស់​តាហយ ដោយ​មិន​មាន​ការ​ខ្វាយខ្វល់​ពី​មន្រ្តី​ពាក់ព័ន្ធ​នោះ​ទេ។ ខ្ញុំ​ជឿជាក់​ថា តាហយ​តែ​ម្នាក់​ឯង​គឺ​មិន​អាច​ធ្វើ​រឿង​ដ៏ធំ​បែប​នេះ​បាន​នោះ​ទេ លុះត្រា​តែ​មាន​ឃុបឃិត​ពី​មន្រ្តី​មូលដ្ឋាន​មួយ​ចំនួន​ធំ​តែ​ម្តង»។

បេសកកម្ម ៦យប់ ៧​​ថ្ងៃរបស់​ក្រុម​ល្បាត​ជាមួយ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ចងក្រង​ជា​សង្ខេប​ខ្លី​ក្នុង​វីដេអូ​មួយ​ដែល​មាន​រយៈជិត​កន្លះ​ម៉ោង​ផងដែរ។

លោក គឹមសួរ បាន​និយាយ​ថា៖ «ពួកយើង​បាន​ប្រឹងប្រែង​ណាស់​ហើយ​ក្នុង​ការ​ចូលរួម​កំទេច​ខ្មូតស៊ីឈើ ដែល​មាន​អាយុ​កាល​រាប់​សិប​ឆ្នាំ។  មន្ត្រី​ដែល​ពាក់ព័ន្ធ​ឃុបឃិត​បើកដៃ​ឱ្យ​មាន​ការ​ចរាចរណ៍​បទ​ល្មើស​ព្រៃឈើ​នេះ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​មុខ​ច្បាប់។ សង្ឃឹម​យុត្តិធម៌​សម្រាប់​ព្រៃឈើ​នៅ​តំបន់​នេះ​នឹង​មាន»។

លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្រ្កាប​បទល្មើស​នេះ​ ជាញឹកញាប់​ហើយ​ថែម​ទាំង​បាន​ដាក់​កម្លាំង​បង្កប់​ចាប់​បាន​ច្រើន​ផងដែរ។ ប៉ុន្តែ ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​នៅ​តែ​ព្រហើន​បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែល។ ឈើ​ដែល​រក​ឃើញ​ហើយ​រឹបអូស​ជា​បឋម មាន​ចន្លោះ​ពី ៣០ ទៅ ៥០​ម៉ែត្រ​គូប ដែល​រួម​ទាំង​ឈើ​សន្លឹក និង​ឈើ​ហ៊ុប​ជាដើម។ លើស​ពី​នោះ​នៅមាន​ឈើ​ជា​បន្តបន្ទាប់​ទៀត ហើយ​នៅ​មួយ​រយៈ​មុន​នោះ ឈើ​ខ្លះ​​ក៏​ត្រូវ​បាន​គេ​លួច​រំដោះ​ចេញ​នៅ​ពេល​យប់​ផងដែរ។
លោក​បន្តថា បទល្មើស​នេះ​បាន​បង្កប់​លាក់ខ្លួន​នៅ​ក្នុង​ភ្នំ​ឱរ៉ាល់ និង​មាន​ខ្សែ​រយៈ​របស់​ពួកគេ​ជា​ហូរហែ​រហូតមក។ 

លោក​ថា បទល្មើស​ខ្លះ​មាន​រូបភាព​ដឹក​តាម​ម៉ូតូ និង គោយន្ត​ដែល​អាច​ថា​ជា​លក្ខណៈ​គ្រួសារ តែ​តាម​ពិត​ការ​ដឹក​បែប​នេះ​គឺ​ដូចជា​កណ្តៀរ​ពូន​ដី​ដូច​នោះ​ដែរ គឺ​យូរ​ទៅ​វា​ប្រមូល​ផ្តុំ​ឈើ​បាន​ច្រើន​ហើយ។ 

លោក​បន្ថែម​ថា៖«អញ្ចឹង​ជន​នេះ​គឺ​រៀបចំ​គ្រប់​រូបភាព​ទាំងអស់​ដើម្បី​ដឹក​ឈើ​ហ្នឹង។ ឈើ​ធំៗ​ដឹកឡាន​ ហើយ​វា​ច្បាស់​លាស់​ណាស់​បាន​ចេញ​មក។ យើង​រុញ​កម្លាំង​ទៅ​ដល់​គោលដៅ​ហ្នឹង កន្លែង​ដែល​យើង​យក​មក​មិន​បាន​កំទេច​ចោល​ទៅ..​តាហ្នឹង​មេក្លោង​ហើយ តាហ្នឹង​ប្រព្រឹត្ត​បាន​ចឹង​មាន​សមត្ថកិច្ច​ជំនាញ​ខ្លះ​ពាក់ព័ន្ធ​នៅហ្នឹងហើយ មិន​អត់​ទេ។ ចាំមើល​តុលាការ​ហៅ​បុគ្គល​ហ្នឹង​មក​ស្រាវជ្រាវ​ជា​បន្តបន្ទាប់»។

លោក​អភិបាល​បាន​លើក​ឡើង​ថា កិច្ច​ការងារ​បង្រ្កាប​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើឡើយ​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ពង្រឹង​ច្បាប់​ព្រោះ​ថា​ ប្រសិន​បើ​មាន​ការ​បណ្តោយ​ឱ្យ​ក្រុម​នេះ​ធ្វើ​កម្មភាព​តទៅ​ទៀត នោះ វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​យន្តការ​នៃ​ការ​ដឹកនាំ​របស់​អាជ្ញាធរ។ 

លោក​មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​មុខ​សញ្ញា​នេះ​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត​ជាខ្លាំង ដោយសារ​តែ​មនុស្ស​មួយ​ក្រុម​នេះ បង្ក​បញ្ហា​ច្រើន​មិន​ឱ្យ​អ្នក​ផ្សេង​បាន​សុខ​នោះ​ទេ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​រវល់​គ្រប់​​បែប​យ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ជាង ៥០​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត។​ លើស​ពី​នោះ ខាង​តុលាការ​ក៏​បាន​ពិនិត្យ​ឃើញ​ផងដែរ​ថា ទ្រព្យ​សម្បត្តិ​ដែល​បុគ្គល​នោះ​មាន​គឺ​ក៏​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​ផងដែរ។ 

ឈើ​ដែល​រក​ឃើញ​ហើយ​រឹបអូស​ជា​បឋម មាន​ចន្លោះ​ពី ៣០ ទៅ ៥០​ម៉ែត្រ​គូប។ រូបថត សហការី

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «មុខ​សញ្ញា​ហ្នឹង​មួយ​ធំ​ជាង​គេ​ហើយ​ក្នុង​ខេត្ត ហើយ​បើ​តាម​ឮព័ត៌មាន​មិនមែន​តែ​ខេត្ត​ពោធិ៍សាត់​ទេ គឺ​ធ្វើ​ច្រើន​ខេត្ត​មក​ហើយ​បុគ្គល​ម្នាក់​នេះ។ ខាង​តុលាការ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ទ្រព​សម្បត្តិ​របស់​គាត់​ហ្នឹង​គឺ​បាន​ពី​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ លាង​លុយ។ ចាំ​មើល​គេ​ពិនិត្យ​មើល​ទៀត មិនឱ្យ​បំផ្លាញ​ជាតិ​ទៀត​ទេ...​ហ្នឹង​ជា​ឧក្រិដ្ឋកម្ម​​ព្រៃឈើ»។ 

លោក ឃៀង សុមុនី ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​លោក​ជាប់​រវល់​ចូលរួម​សិក្ខាសាលា​នៅ​ភ្នំពេញ។ 

អ្នកស្រី ផាន់ សុគន្ធថង អ្នកនាំពាក្យ​អយ្យការ​នៃ​សាលា​ដំបូង​ក៏​មិន​អាច​ទាក់ទង​សុំអត្ថាធិប្បាយ​បាន​ទេ។ 

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែងរក​ទំនាក់ទំនង​របស់​តាហយ​ដើម្បី​សុំការ​បំភ្លឺ​បាន​ទេ។ ទោះ​យ៉ាង​ណា​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​ចេញ​ការ​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃទី​៥ ខែ​មិថុនា​នេះ។ 

យោង​តាម​លិខិត​បំភ្លឺ​បាន​ឱ្យដឹងថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួច​មក ក្រុម​ការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ចុះ​ស្រាវ​ជ្រាវ និង​បាន​ជួប​ជាមួយ​ឈ្មោះ តាហយ និងឈ្មោះ ម៉ៅ។

លិខិត​បាន​បញ្ជាក់​ថា៖ «តាម​ចម្លើយ​អ្នក​ទាំងពីរ​បាន​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ហើយ​ក៏​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ផងដែរ»។ 

ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​ក៏​បាន​ចុះ​ស្រាវជ្រាវ ដល់​ទីតាំង​ដី​ចំការ​របស់ តាហយ នៅ​បំណក់ ប៉ុន្តែ​ក៏​គ្មាន​ការ​ស្តុក​ឈើ​សម្រាប់​នាំចេញ​ដូច​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​នោះដែរ៕