អង្គការអុកស្វាម (Oxfam) នឹងដាក់របាយការណ៍ស្រាវជ្រាវទៅរដ្ឋាភិបាលស្នើពិនិត្យលើស្ថានភាពរបស់កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការកាត់ដេរបន្ត ដើម្បីឲ្យពួកគេទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គម។ ការស្រាវជ្រាវរបស់អង្គការនេះរកឃើញថា កម្មករនិយោជិតក្នុងរោងចក្រម៉ៅការកាត់ដេរបន្ត មិនទាន់ទទួលបានរបបទាំងពីរនេះសមរម្យនៅឡើយ។
អុកស្វាមនេះបានផ្សព្វផ្សាយរបាយការណ៍នៅថ្ងៃទី២១ ខែមិថុនានេះ បន្ទាប់ពីបានសិក្សាចុះស្រាវជ្រាវរកឃើញថា មានរោងចក្រម៉ៅការកាត់ដេរបន្តជាច្រើន គឺក្នុងចន្លោះពី ១៥ ទៅ ៣០ភាគរយនៃកម្លាំងពលកម្មសរុបក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទាំងមូលដែលមានចំនួនសរុបជាង ១លាននាក់។
ប៉ុន្តែរបាយការណ៍នេះទទួលស្គាល់ថា វាពិបាកក្នុងការកំណត់ទំហំជាក់លាក់អំពីចំនួនរោងចក្រម៉ៅការបន្តដោយសារតែរោងចក្រខ្លះមិនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ឬមិនត្រូវបានអនុញ្ញាតដោយក្រសួងការងារ។
របាយការណ៍នេះបានសិក្សាទៅលើរោងចក្រម៉ៅការបន្តចំនួន ៧ នៅភ្នំពេញ ៣នៅខេត្តកំពង់ស្ពឺ និង២នៅខេត្តស្វាយរៀង ដោយបានសម្ភាសកម្មករសរុប ៦០៥នាក់ និងអ្នកគ្រប់គ្រងចំនួន ២៤នាក់។ ការសិក្សានេះរកឃើញជាទូទៅថា រោងចក្រម៉ៅការកាត់ដេរបន្តទាំងនេះបញ្ជូនផលិតផលរបស់ខ្លួនទៅរោងចក្រធំដែលទទួលការបញ្ជាទិញពីអ្នកបញ្ជាទិញបរទេស។
បើតាមការរកឃើញ នៅតែមានឱនភាពនៃការទទួលបានការងារសមរម្យ និងការគាំពារសង្គមនៅតាមរោងចក្រម៉ៅការកាត់ដេរបន្ត។
របាយការណ៍នេះបានលើកជាអនុសាសន៍ឲ្យភាគីពាក់ព័ន្ធស្វែងយល់ឲ្យស៊ីជម្រៅទៅលើកិច្ចសន្យាការងារនៅតាមរោចក្រម៉ៅការកាត់ដេរបន្ត និងលើកកម្ពស់ឲ្យកម្មករនិយោជិតឲ្យទទួលបានការងារសមរម្យនិងកិច្ចគាំពារសង្គម ក៏ដូចជាលក្ខខណ្ឌពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងថា រោចក្រម៉ៅការកាត់ដេរបន្តដើរតួនាទីសំខាន់ក្នុងការផ្ដល់ឱកាសការងារសម្រាប់កម្មករជាពិសេសកម្មការិនីនៅកម្ពុជា។ ប៉ុន្តែក៏មានក្ដីបារម្ភផងដែរពាក់ព័ន្ធនឹងស្តង់ដារការងារ លក្ខខណ្ឌការងារ ជាពិសេសការទទួលបានការគាំពារ។
លោកស្រីថ្លែងថា៖ «ការរកឃើញអំពីការទទួលបានការងារសមរម្យ និងការគាំពារសង្គមក្នុងចំណោមកម្មការិនីនៅតាមរោងចក្រម៉ៅការកាត់ដេរបន្តនៅតែជាក្ដីបារម្ភ។ យើងត្រូវតែធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិ អ្នកបញ្ជាទិញ និងភាគីពាក់ព័ន្ធដើម្បីប្រាកដថា សិទ្ធិរបស់កម្មករក្នុងការទទួលបានការងារសមរម្យ និងការគាំពារត្រូវបានធានាដូចទៅនឹងកម្មករដែលបានចុះបញ្ជីត្រឹមត្រូវដែរ»។
លោកស្រីបន្តថា របាយការណ៍នេះនឹងត្រូវដាក់ជូនរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ និងដាក់ជួនភាគីពាក់ព័ន្ធដើម្បីឲ្យមានអន្តរាគមន៍ផ្នែកគោលនយោបាយដើម្បីធ្វើឲ្យប្រសើរឡើងដល់កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការបន្ត។
លោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍សិក្សានេះថា រដ្ឋាភិបាលនឹងពិនិត្យមើលលើរបាយការណ៍នេះដើម្បីជាធាតុចូលសម្រាប់ការសម្រេចចិត្តលើគោលនយោបាយពាក់ព័ន្ធ។
លោកថ្លែងថា៖ «របាយការណ៍នេះមានសារៈសំខាន់ក្នុងការចូលរួមចំណែកផ្ដល់ជាធាតុចូលដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញគោលនយោបាយដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារ... និងដើម្បីធានាថា កម្មករនិយោជិតគ្រប់រូបដែលបំពេញកាងារទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ការងារទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យ លើកកម្ពស់ភាពទាក់ទាញ ដែលមានអំណោយផលដល់សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម»។
បើតាមលោកលោក រស្មី បច្ចុប្បន្ននេះមានកម្មករនិយោជិតប្រមាណ ៩៥០,០០០ នៅតាមរោងច្រកទូទាំងប្រទេស។ ក្នុងអំឡុង ៥ ខែឆ្នាំ២០២៤នេះ ការនាំចេញពីវិស័យកាត់ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ ៥.៥ ពាន់លានដុល្លារ ដែលកើនឡើងក្នុងអត្រា ២៤ភាគរយប្រៀបធៀបទៅនឹងអត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕