កម្លាំង​រួបរួម​ជា​ធ្លុង​មួយ​នៃ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​បាន​រំលេច​ជា​កម្មវិធី​សប្បុរស​ធម៌​ ផ្តល់​ឈាម​សង្គ្រោះ​ជីវិត "Give Blood, Save Lives" នៅ​អគារ GIA ដើម្បី​រួម​ចំណែក​ដោះស្រាយ​តម្រូវ​ការ​ឈាម​ដ៏​ចាំបាច់​​នៅ​ក្នុង​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​កម្ពុជា។

សប្បុរសជន​ ៤៦៦ រូប​បាន​ចុះឈ្មោះ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម ហើយ​អ្នក​ដែល​មាន​លទ្ធភាព​បរិច្ចាគ​បាន​មាន​ចំនួន ៣៨៩ រូប ​ក្នុង​ដំណើរការ​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៤:៣០ រសៀល​កាល​ពី​ថ្ងៃទី ២១ ខែ​មិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

យុទ្ធនាការ​បរិច្ចាគ​ឈាម​ទ្រង់ទ្រាយ​ធំ​នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា (NBTC) ក្រុមហ៊ុន DKSH Cambodia, KPMG Cambodia, AIA Cambodia, foodpanda, Unbox Marketing Agency, AEON Specialized Bank Cambodia, SP Building Management, Nestle, SokSiphana & Association, HBS Law, WEduShare, Sabay, SR Digital Media, Phnom Penh Post និង​ ភ្នំពេញប៉ុស្តិ៍។

តំណាង​ឲ្យ​អគារ GIA និង​គណៈកម្មាធិការ​ក្នុង​ការ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម អ្នកនាង ផាន់ រាសី អ្នក​គ្រប់គ្រង​ទូទៅ SP Building Management បាន​លើក​ឡើង​ថា៖ «យើង​ខ្ញុំ​ទាំងអស់​គ្នា​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​សហការ​​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​បរិច្ចាគ​ឈាម​ក្រោម​ប្រធាន​បទ«ផ្តល់​ឈាម សង្គ្រោះ​ជីវិត»។

អ្នក​នាង​បាន​បន្ត​ថា៖ «នាង​ខ្ញុំ​សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន គណកម្មាធិការ​រៀបចំ​កម្មវិធី និង​អ្នក​ឧបត្ថម្ភ​កម្មវិធី​ទាំងអស់​គ្នា ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​នៅ​ថ្ងៃនេះ ហើយ​នេះ​ជា​ទង្វើ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្សធម៌​ប្រក​បដោយ​ភាព​ជ្រះថ្លា»។

លោកស្រី​វេជ្ជបណ្ឌិត មើក សាមាន អនុប្រធាន មជ្ឃមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​បញ្ជាក់​ថា ការ​បរិច្ចាគ​ឈាម​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​ឈាម​មាន​ប្រភព​តែ​មួយ​គត់​គឺ​ពី​មនុស្ស​មិន​មាន​រោងចក្រ​ណា ឱសថ​ណា​អាច​ផលិត​បាន​ទេ។

បន្ថែម​ពី​លើ​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ និង​បរមជាតិ​តាម​សាសនា លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ការ​បរិច្ចាគ​ឈាម​ថែម​ទាំង​មាន​អត្ថប្រយោជន៍ ៣ សំខាន់​គឺ​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក កាត់​បន្ថយ​កំហាប់ឈាម ការ​លើស​ជាតិ​ដែក​ដែល​ប៉ះពាល់​ដល់​ថ្លើម និង​លំពែង ជួយ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង កាត់​បន្ថយ​ការ​ឡើង​ទម្ងន់ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល»។

កញ្ញា បូរី សត្ថាវី អាយុ ២៤​ឆ្នាំ ទីប្រឹក្សា​ផ្នែក​ច្បាប់​នៅ​ការិយា​មេធាវី HBS Law ធ្លាប់​ចង់​បរិច្ចាគ​ដែរ តែ​កត្តា​ទម្ងន់ និង​សុខភាព​រាងកាយ​មិន​អំណោយផល។

កញ្ញា​បាន​ថ្លែង​ទាំង​រីករាយ​ថា៖ «ដល់​ពេល​ឥឡូវ​សុខភាព​ល្អ ហើយ​គីឡូ​គ្រប់​ក៏​សម្រេច​ថា​អាច​បរិច្ចាគ​ទៅ។ បរិច្ចាគ​ហើយ​សប្បាយចិត្ត​ដែល​យើង​អាច Contribute វិញ​ទៅ​សង្គម ទោះ​យើង​អត់​អាច Contribute ជា​លុយកាក់​អី​ក៏ដោយ​ក៏​យើង​អាច contribute ជា​ឈាម​បានដែរ»។

កញ្ញា​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ទៅ​បរិច្ចាគ​ឈាម​ក្នុង​បំណង​សប្បុរសធម៌ និង​មនុស្សធម៌ ក៏​ដូចជា​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ដល់​អ្នក​ផ្ដល់​ឈាម។

កញ្ញា​បាន​លើក​ឡើង​ថា៖ «បើ​តាម​ខ្ញុំ​ចាំបាន​យើង​មាន​សិក្ខាសាលា​ដែល​វេជ្ជបណ្ឌិត​បាន​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម វា​ល្អ​សម្រាប់​សុខភាព​អ្នក​បរិច្ចាគ​ផងដែរ ដូចជា​អាច​ឱ្យ​យើង​ផលិត​ឈាម​ថ្មីៗ»។

ទីប្រឹក្សា​ផ្នែក​ច្បាប់​នៅ​ការិយា​មេធាវី HBS Law រូបនេះ​បន្តថា៖ «ប្រសិន​បើ​យើង​មាន​ឱកាស និង​មាន​សុខភាព​គ្រប់​លក្ខខណ្ឌ យើង​គួរតែ​បរិច្ចាគ​ឈាម ដោយសារ​តែ​យើង​មើល​អត់​ឃើញ​ទេ​ថា​ចំណែក​តូច​មួយ​ពី​ការ​ចូលរួម​បរិច្ចាគ​ឈាម​ហ្នឹង​វា​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ដទៃ​ក៏​ថា​បាន អ៊ីចឹង​យើង​គួរ​តែ​គិត​គូរ បើ​យើង​មាន​លទ្ធភាព យើង​គួរតែ​បរិច្ចាគ​ឈាម»។

លោក ផល វិននើរ តំណាង​ពី foodpanda បាន​សម្ដែង​ក្ដី​រំភើប​ចំពោះ​ភាព​ជោគជ័យ​របស់​កម្មវិធី​នេះ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​មោទកភាព​ណាស់​នៅ​ពេល​ដែល​ឃើញ​មនុស្ស​កាន់តែ​ច្រើន​ឱ្យ​តម្លៃ​លើ​កិច្ច​ការងារ​សង្គម។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ចូលរួម​ទាំងអស់ និង​ក៏​ដូចជា​បុគ្គលិក​របស់ foodpanda ជាពិសេស អ្នក​ដឹក​ជញ្ជូន​របស់​យើង​ដែល​បាន​ចូលរួម​កម្មវិធី​នេះ ទោះបីជា​មា​នការ​មមា​ញឹក​​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​របស់​ពួកគេ​យ៉ាងណា​ក៏ដោយ»។

រីឯ​លោក ឡោ គឹមស្រឿន មក​ពី​ក្រុមហ៊ុន DKSH ធ្លាប់​បរិច្ចាគ​ឈាម​ច្រើន​ជាង ១០​ដង​មក​ហើយ និង​តែងតែ​មាន​អារម្មណ៍​រីករាយ​ជានិច្ច។

លោក​លើក​ឡើង​ថា៖ «ដំបូង​រាង​ខ្លាច​ដែរ​ តែ​​យូរ​ទៅ​រាង​ស៊ាំ។ ពេល​បរិច្ចាគ​ហើយ​មាន​អារម្មណ៍​សប្បាយ ដោយសារ​តែ​ទី១ ​យើង​អាច​ចូលរួម​ការងារ​សង្គម​បាន ហើយ​ទី​២​ វា​ជួយ​ដល់​សុខភាព​យើង​ដែរ ហើយ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​គ្នា​ចូលរួម​ទាំងអស់​គ្នា»។

រីឯលោក គឹម ពឺ​ទី អាយុ​៣៨​ឆ្នាំ មកពី​ក្រុមហ៊ុន​ដូចគ្នា​នេះ​ដែរ​ ​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «ជាក់ស្ដែង​ទៅ ខ្ញុំ​ផ្ដល់​ឈាម​ញឹកញាប់​ដែរ​។ ខ្ញុំ​ស្ដាប់​តាម​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដុកទ័រ​​គាត់​ណែនាំ​ថា​បុរស​អាច​ផ្ដល់​ឈាម​បាន មាន​ន័យ​ថា ៣​ខែ​អាច​ផ្ដល់​ឈាម​បាន​ហើយ​ អាស្រ័យ​ទៅ​តាម​សុខភាព​របស់​យើង​។ អ៊ីចឹង​មាន​ន័យ​ថា ការ​ផ្ដល់​ឈាម​ក្នុង​ ១​ឆ្នាំ​យើង​អាច​ផ្ដល់​បាន​៤​ដង​សម្រាប់​បុរស។ សម្រាប់​ស្ត្រី ៣​ដង​ក្នុង​មួយ​ឆ្នាំ មាន​ន័យ​ថា ៤​ខែម្ដង​។ សម្រាប់​ខ្ញុំ​ជា​ទម្លាប់ យ៉ាង​ហោច​ណាស់​ក៏ ២ ទៅ​៣​ដង​ដែរ​ក្នុង​១​ឆ្នាំ»។

លោក​បាន​​បញ្ជាក់ថា៖ «​ធម្មតា​ទេ​បើ​យើង​អត់​ធ្លាប់ យើង​ភ័យ យើង​ខ្លាច​ម្ជុល​។ ពេល​ដែល​យើង​អត់​ធ្លាប់​ផ្ដល់​ឈាម យើង​អាច​មាន​អារម្មណ៍​ថា ពេល​ផ្ដល់​ទៅ​ខ្សោយ​ជាមុន មាន​អាការៈ​ប្លែក​ទ្រុឌទ្រោម​។ តែ​មែនទែន​គឺ​អត់​ទេ យើង​ញ៉ាំ​ចំណី​អាហារ​ទៅ​វា​ជួយ​បំពេញ​កម្លាំង​ថាមពល​មកវិញ ហើយ​ឈាម​របស់​យើង​ក៏​អត់​មាន​ខ្វះខាត​ប្រឈម​អី​ទេ​។ តែបើ​យើង​គិត​ត្រឡប់​​មកវិញ​គឺ​វា​ដើម្បី​សុខភាព​យើង​ផង  ដើម្បី​សង្គម​ជាតិ​ផង យើង​គួរតែ​លះបង់​ខ្លះ ដើម្បី​ប្រជាជន​ដែល​គាត់​ត្រូវ​បាន​ឈាម»៕