ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ប្រើប្រាស់​ CoolApp ដែល​ជា​បណ្តាញ​ទំនាក់​ទំនង​សង្គម​លើក​ដំបូង​របស់​កម្ពុជា ដើម្បី​ធានា​ដល់​ទំនាក់​ទំនង​ក្នុង​ប្រទេស​​ ក្នុង​ករណី​បណ្ដាញ​ទំនាក់​ទំនង​របស់​បរទេស​ជួប​ការ​រអាក់រអួល និង​ដើម្បី​ធានា​ម្ចាស់ការ​លើ​ការ​រក្សា​ការ​សម្ងាត់​ផង​ដែរ។

លោក​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​នា​យប់​ថ្ងៃទី​២៣ មិថុនា​ថា៖ «​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ខ្ញុំ​បាន​សាកល្បង​ប្រើ​កម្មវិធី CoolApp ដែល​កូនខ្មែរ​បាន​ផលិត និង​ដាក់​ឱ្យ​ប្រើប្រាស់​ដែល​មាន​ខ្ញុំ​ជា​អ្នក​អំពាវនាវ​ឱ្យ​ប្រើប្រាស់​ផង​ដែរ។​ គោលដៅ​របស់​ខ្ញុំ​ក្រៅ​ពី​លើក​ទឹកចិត្ត​ឱ្យ​កូនខ្មែរ​ចេះ​ស្រាវជ្រាវ​បច្ចេក​ទេស​វិទ្យាសាស្ត្រ ក្លាយ​ជា​ផលិតផល​ខ្មែរ អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត​គឺ​សុវត្ថិភាព​សម្រាប់​សន្តិសុខ​ជាតិ ដែល​បរទេស​ពិបាក​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​យើង​បាន»។

លោក​ក៏​បាន​លើក​ឡើង​ពី​ប្រទេស​ដទៃ​ដែល​មាន​ប្រព័ន្ធ​ទំនាក់ទំនង​របស់​ខ្លួន​ផង​ដែរ ដូចជា Wechat របស់​ចិន, Zalo របស់​វៀតណាម, Kakao Talk របស់​កូរ៉េ​ខាងត្បូង, Telegram របស់​រុស្ស៉ី ចំណែក​កម្ពុជា​មាន CoolApp​ ដែល​បច្ចុប្បន្ន​បាន​ដាក់​ដំណើរការ​នៅ​លើ App Store និង Play Store។

លោក ហ៊ុន សែន ​ក៏​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​មួយ​ទៀត​របស់ CoolApp នេះ​ផង​ដែរ គឺ​ការ​ធានា​ដល់​ទំនាក់​ទំនង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ករណី​បណ្តាញ​ទំនាក់ទំនង​របស់​បរទេស​ជួប​ការ​រអាក់រអួល​ដោយ​ប្រការ​ណា​មួយ។

លោក​សរសេរ​ថា៖ «ដូចនេះ មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ គួរ​បង្កើត​ឱ្យ​មាន CoolApp ដើម្បី​ធានា​ម្ចាស់ការ​លើ​រក្សា​ការ​សម្ងាត់​ផង និង​ការ​ដាច់​ទំនាក់ទំនង​ពី​ប្រព័ន្ធ​បរទេស​ផង។ CoolApp ប្រើ​ប្រព័ន្ធ​រក្សា​ការ​សម្ងាត់​បំផុត គឺ​ប្រព័ន្ធ Encryption ដែល​ពុំ​អាច​មើល ឬ​អាន​សារ​របស់​យើង​ទេ សូម្បី​តែ​ក្រុមហ៊ុន CoolApp ផ្ទាល់​ក៏​ដោយ។ យើង​មិន​បាន​ហាម​ឃាត់ មិន​ឱ្យ​បង​ប្អូន​ឈប់​ប្រើ​ប្រព័ន្ធ​ដែល​ធ្លាប់​ប្រើ​នោះ​ឡើយ»។

លោក ហ៊ុន សែន បញ្ជាក់​ថា​លោក​បាន និង​កំពុង​ប្រើ​ ៨​ប្រព័ន្ធ​រាប់ទាំង CoolApp ថ្មីផង ហើយ​លោក​បាន​បញ្ចូល​ទៅ​ក្នុង​ទូរសព្ទ​៦​គ្រឿង និង​សាកល្បង​ប្រើប្រាស់​ឃើញ​មាន​ភាព​ងាយស្រួល​លើ​ចំណុច៣។ ទី១​ងាយស្រួល​បង្កើត​ដោយ​មិន​ពិបាក​រក​លេខ​កូដ​ពី​កន្លែង​ផ្សេង ឬ​រង់ចាំ​យូរ។ ទី២​បញ្ជូន​សារ​ជា​អក្សរ រូបថត វីដេអូ និង​សារ​សំឡេង​បាន​លឿន។ ទី៣​ហៅ​និយាយ​ឆ្លងឆ្លើយ និង ហៅ​និយាយ​ឆ្លងឆ្លើយ​តាម​វីដេអូ (Video call) បាន​យ៉ាង​ច្បាស់​ល្អ។ CoolApp នេះ​ប្រើ Internet តិច​ជាង​បណ្តាញ​សង្គម​ផ្សេង​ទៀត។ 
លោក​សរសេរ​ថា៖«ចំណុច​នេះ​ជា​ការ​សាកល្បង​របស់​ខ្ញុំ​ប៉ុណ្ណោះ។ បើ​បងប្អូន​ចង់​សាកល្បង​ក៏​សូម​សាកល្បង​មើល រាប់ទាំង​បងប្អូន​នៅ​ក្រៅ​ប្រទេស ព្រោះ​បងប្អូន​មួយ​ចំនួន​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ជាមួយ​ខ្ញុំ​រួច​ហើយ»។

លោក​ ម៉ែន គុង អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង ដែល​បាន​ប្រើប្រាស់ CoolApp នេះ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា Appនីមួយៗ ដែល​បង្កើត​ឡើង​មាន​គោលបំណង គោលដៅ និង​របៀបរបប​នៃ​ការ​គ្រប់គ្រង ព្រម​ទាំង​លក្ខណៈ​ពិសេស​នៃ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ឬ​អ្នក​គ្រប់គ្រង(Administrator) នីមួយៗ។ លោក​ថា ចំពោះ CoolApp នេះ មាន​ភាព​ល្អ​ប្រសើរ និង​មាន​លក្ខណៈ​ពិសេស​ល្អ​ច្រើន ហើយ​ចំណុច​សំខាន់​គឺ វា​មាន​លក្ខណៈ​ប្លែក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ទៀត។ 

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ប្លែក​ពីsocial media [បណ្តាញ​សង្គម] ផ្សេងៗ​ទៀត​ដែល​កំពុង​តែ​ប្រើប្រាស់។ ចំណុច​មួយ​ទៀត ក្នុង​នោះ​ក៏​ឃើញ​ថា សម្រាប់​បងប្អូន​យើង​ដែល​ជា​អ្នកប្រើប្រាស់​ថ្មីៗ គាត់​ពុំសូវ engage [ភ្ជាប់​ទំនាក់​ទំនង] ជាមួយ​នឹងsocial media គាត់​ថា​រាង​ស្មុគស្មាញ​ជាង Telegram ឬក៏WhatsApp បន្តិច​ដែរ។ ហ្នឹង​អ្វី​ដែល​យើង​អាច​កត់​សម្គាល់​បាន ក៏​ប៉ុន្តែ​សម្រាប់​យើង​ខ្ញុំ ខ្ញុំ​គិត​ថា Appមួយ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ហើយ។ យើង​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ការ​បង្កើត​ឡើង និង​លើក​ទឹកចិត្ត​ចំពោះ​ក្រុម​ការងារ​ដែល​បង្កើតAppនេះ​ឡើង​សម្រាប់​ការ​ប្រើប្រាស់​ដល់​កូន​ខ្មែរ​របស់​យើង»។

គេហទំព័រ​ក្រុមហ៊ុន CoolApp បញ្ជាក់​ថា CoolApp ​ប្រើប្រាស់​ប្រព័ន្ធ Encryption ហើយសារ ទិន្នន័យ និង​ការ​ហៅ​និយាយ​ឆ្លង​ឆ្លើយ (Call) របស់​អ្នកប្រើប្រាស់​នៅតែ​មាន​សុវត្ថិភាព ហើយ​ថា៖ «មាន​តែ​អ្នក និង​មនុស្ស​ដែល​អ្នក​កំពុង​ទំនាក់​ទំនង​ជាមួយ​ប៉ុណ្ណោះ​ដែល​អាច​អាន ឬ​ស្តាប់​សារ និងការ​ហៅ​និយាយ​ឆ្លង​ឆ្លើយ​ទាំងនេះ គឺ​គ្មាន​អ្នកណា​ផ្សេង​នោះ​ទេ សូម្បី​តែ​ក្រុមហ៊ុន CoolApp ផ្ទាល់»។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្រើប្រាស់​ CoolApp ដែល​បង្កើត​ដោយ​ស្នាដៃ​ខ្មែរ​នេះ ដោយ​លោក​កត់​សម្គាល់​ថា៖ «កាលណា​ប្រើ​របស់​គេ​គឺ​គេ​អាច​យក​ព័ត៌មាន​យើង​ហើយ ទោះ​យ៉ាង​ណា​ក៏​ដោយ​ចុះ ទាំង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ និង គ្រឿង​អេឡិចត្រូនិក។ ប៉ុន្តែ គ្រឿង​អេឡិចត្រូនិក យើង​មិនទាន់​អាច​ផលិត​ខ្លួនឯង​បាន​ទេ ទូរសព្ទ កុំព្យូទ័រ​អី​ក៏​ដោយ។ ទាំងអស់​ហ្នឹង​ក៏​គេ​អាច​យក​ព័ត៌មាន​ពី​យើង​បាន​ដែរ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​ធ្វើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ខ្លួន​ឯង​បាន ដែល​ជា​ចំណែក​មួយ​ដែល​យើង​អាច​គ្រប់គ្រង​ទិន្នន័យ​បាន ជា​ការ​ពិត»។

លោក​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​២៤ មិថុនា ថា ដើម្បី​ដំណើរ​ការ​នៃ​ការ​ប្រើ​បណ្ដាញ​សង្គម​នេះ​ទូលំទូលាយ​គឺ​ផ្ដើម​ចេញ​ពី​ថ្នាក់​ដឹកនាំ ដោយ​លោក​បន្ថែម​ថា៖ «ឥឡូវ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា លោក​ប្រកាស​ប្រើ។ អ៊ីចឹង រដ្ឋាភិបាល​ប្រកាស​ប្រើ ប្រើ​ទៅ ហើយ​អ្នកណា​ចង់​ទំនាក់ទំនង​រដ្ឋាភិបាល ចង់​ទំនាក់ទំនង​ថ្នាក់ដឹកនាំ ត្រូវតែ​ទំនាក់ទំនង​តាម CoolApp ហ្នឹង​ទៅ។ យើង​ប្រកាស​អ៊ីចឹង​ទៅ។ បើ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ផ្សេង កុំ​ទទួល​ទៅ»។ 

លោក យង់ ពៅ បន្ថែម​ថា៖ «អ៊ីចឹង អ្វីៗ​គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​អ្នក​នយោបាយ ឆន្ទៈ​អ្នក​ដឹកនាំ។ ឆន្ទៈ​អ្នក​ដឹកនាំ​ថា ប្រើ​អាហ្នឹង​ឃើញ​ថា​វា​មាន​សុវត្ថិភាព​ហើយ​មាន​ដំណើរ​ការ​ល្អ​ហើយ ប្រើ​ទៅ។ បើ​អ្នកណា​មិន​ប្រើ​ប្រព័ន្ធ​ហ្នឹង​ទាក់ទង កុំ​ទទួល​ទៅ។ ហ្នឹង​យូរ​ទៅ គេ​នឹង​ប្រើ​តាម​ហើយ»។

លោក ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ថា នៅ​ក្នុង​សម័យ​ឌីជីថល​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ទាំង​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ ទាំង​ក្នុង​ការ​ធ្វើ​ការងារ​សព្វថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ Mobile app ដូចជា Messenger, Telegram, ​WhatsApp និងSignal ជាដើម​ដែលAppទាំងអស់​នេះ​ជា​ថ្នាល​កំពុង​ពេញ​និយម​ជាង​គេ។  លោក​ថា ​ការ​បង្កើត​ CoolApp ដោយ​អ្នក​បច្ចេកទេស​ខ្មែរ​នេះ ក៏​ជា​ការ​ល្អ​ដែរ​ដើម្បី​ឆ្លើយតប​តម្រូវការ​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ឬ​ក៏​ប្រព័ន្ធ​ឌីជីថល​សព្វថ្ងៃ។ ​

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​២៤ មិថុនា ថា៖ «ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ដើម្បី​ឱ្យ Mobile App មួយ​ក្លាយ​ទៅ App ដែល​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ហ្នឹង វា​ទាល់​តែ​App ហ្នឹង​ជា​Appដែល​ងាយស្រួល សាមញ្ញ​ប្រើប្រាស់។ ហើយ​ការ​ប្រើប្រាស់​ទៅ វា​មិន​រអាក់រអួល។ App ដែល​ផលិត​ឡើង​ហ្នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​គោរព​សិទ្ធិ​សេរីភាព ជាពិសេស​គឺ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់។ ចំណុច​មួយ​ទៀត​គឺ App ហ្នឹង​ធានា​នូវ​សុវត្ថិភាព​ក៏​ដូចជា​សន្តិសុខ​ដល់​អ្នក​ប្រើប្រាស់»។

លោក ប៉ា ចន្ទរឿន ជឿ​ថា ប្រសិនបើ​ CoolApp ដែល​ជា​App ដែល​ផលិត​ដោយ​អ្នក​ជំនាញ​ខ្មែរ​នេះ​មាន​លក្ខណសម្បត្តិ​ទាំងអស់​នេះ​គ្រប់គ្រង មិន​យូរ​មិន​ឆាប់ App នេះ​ក៏​អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​បាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន សែន លើកឡើងក្នុងបណ្តាញសង្គមនាថ្ងៃទី២១ មិថុនា ថា CoolApp មាន​លក្ខណៈ​ស្តង់ដារ​បរទេស​ដូច Telegram និង WhatsApp។ CoolApp មាន​លក្ខណៈ​ស្តង់ដារ​ដូច​អន្តរជាតិ ធ្វើឡើង​ដោយ​ក្រុម​ជំនាញ​បច្ចេកទេស​ខ្មែរ​ជាច្រើន​នាក់ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (IT)។ កម្មវិធី​ទំនាក់ទំនង​ផ្ញើ​សារ ហៅថា ឆាត (Chat) របស់​​ CoolApp នេះ​បាន​ចំណាយ​ពេល​ជាង​៣ឆ្នាំ ចាប់​តាំងពី​ឆ្នាំ​២០២១ មក​ដល់​ឆ្នាំ​២០២៤នេះ ដែល​ទើប​ចេញ​រូបរាង​នៅ​ពេលនេះ។

លោក​សរសេរ​ថា៖ «CoolApp មាន​មុខងារ​ជាច្រើន​រួមមាន Chat និង Call និង Video Call ដោយ​ប្រើប្រាស់​តាម​ស្តង់ដារ​អន្តរជាតិ ទិន្នន័យ Data និង Call ស្ថិត​ក្នុង​លក្ខណៈ Encryption និង​សុវត្ថិភាព​ទាំងអស់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ Internet Local (Dix) ដែល​ធ្វើ​ឱ្យ Call ស្តាប់​សំឡេង​ច្បាស់ និង Chat ផ្ញើ​រូបភាព វីដេអូ មាន​ភាព​រហ័ស ព្រោះ Internet មិន​ចេញ​ទៅ​ក្រៅ​ប្រទេស។ បណ្តាញ​ទំនាក់ទំនង​សង្គម​ឆាត CoolApp ជា​មោទនភាព​របស់​ជាតិ​យើង ដែល​ជា​កម្មវិធី​ដំបូង​ជា​របស់​ខ្មែរ និង​ប្រើប្រាស់​ក្នុង​ដែន​សុវត្ថិភាព​របស់​ខ្មែរ»។