ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​នា​ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង ស្ថាប័ន​អយ្យការ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​លើ​ឃាតកម្ម ដែល​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា ឱ្យបាន​តឹងរ៉ឹង​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែង​រក​យុត្តិធម៌ ជូន​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់ខាត។

ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​ ក្រោយពី​មាន​ការ​ជជែក​វែកញែក​គ្នា​ពាក់ព័ន្ធ​ទៅនឹង​ការកាត់​ទោស​ជន​ល្មើស​នៅ​ក្នុង​ករណី​នៃ​ការ​បាញ់​ប្រហា​រនេះ ដោយ​មាន​ការ​បង្ហាញ​ក្តីកង្វល់ និង​បារម្ភ ខ្លាច​ជន​ល្មើស​ពុំត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់ ឬ​អាច​មាន​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ប្រក្រតី។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា៖ «បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល មិន​អាច​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​របស់​ស្ថាប័ន​តុលាការ​ក៏​ដោយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ​ឱ្យ​បាន​ម៉ត់ចត់ ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់​ខាត»។

លោក ហ៊ុន ម៉ាណែត គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នីតិកាលទី​៧ នៃ​រដ្ឋសភា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​អាទិភាព​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ពិសេស ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ថែរក្សា​សន្តិសុខ​សាធារណៈ និង សណ្តាប់ធ្នាប់​សង្គម ក៏​ដូចជា ការ​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​សង្គម ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង យុត្តិធម៌ ស្រប​តាម​ច្បាប់​ជា​ធរមាន។ ក្នុង​នោះ ក៏​រួម​មាន​ការ​ពង្រឹង​ទំនួលខុស​ត្រូវ​ចំពោះ​មុខច្បាប់​របស់​ជនល្មើស និង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង លើ​ជន​ប្រព្រឹត្ត​បទល្មើស ជាពិសេស​ជន​ដែល​បង្ក​ឱ្យ​បាត់បង់​អាយុ​ជីវិត​អ្នកដទៃ។ កន្លង​ទៅ ក៏​មាន​ការ​ចាត់វិធាន​ការ​យ៉ាង​តឹងរ៉ឹង​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​ឱ្យ​បាត់បង់​អាយុ​ជីវិត​អ្នកដទៃ ដោយ​បាន​អនុវត្ត​ច្បាប់ គ្មាន​ការ​យោគយល់ គ្មាន​ការ​លើកលែង ឬ​អន្តរាគមន៍​ណា​មួយ​ទ្បើយ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​នេះ ឈ្មោះ ស្រី ស៊ីណា បាន​ទៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឡុង លីសុង ដើម្បី​សួរ​នាំ​ជម្លោះ​ជាមួយ​ឈ្មោះ សាន ស្រីពេជ្រ ដែល​ជា​អ្នក​ជួល​ផ្ទះ​របស់​ឈ្មោះ ស្រី ស៊ីណា រឿងកាប់​មែកស្វាយ, វាយ​កម្ទេច​ផើង​ផ្កា និង​រឿង​ដាក់​ស្នួខោ​អាវ​លយ​ចូល​បរិវេណ​ផ្ទះ​ឈ្មោះ ឡុង លីសុង។ ពេល​ទៅ​ដល់​ឈ្មោះ ស្រី ស៊ីណា បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ជន​រងគ្រោះ ហើយ​មាន​ការ​ជជែក​គ្នា និង​បាន​ឈាន​ដល់​មាន​ជម្លោះ​ពាក្យ​សម្តី។

ពេលនោះ​ឈ្មោះ ស្រី ស៊ីណា ក៏​បាន​ដក​កាំភ្លើង​ខ្លី​ពី​ចង្កេះ​របស់​ខ្លួន​បញ្ចូល​គ្រាប់ ហើយ​បាន​បាញ់​ប្រហារ​ជាច្រើន​គ្រាប់​ទៅ​លើ​ជន​រងគ្រោះ​ដែល​បណ្តាល​ឱ្យ​ឈ្មោះ ឡុង លីសុង ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​បាញ់​ឈ្មោះ ឃីន កញ្ចនា ជា​គូ​ដណ្តឹង​ចំនួន ៣​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ក្រៅពី​នោះ​ឈ្មោះ ស្រី ស៊ីណា ​ក៏​បាន​បាញ់​ទៅ​លើ​មនុស្ស​ប្រុស ២​នាក់​ទៀត​ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ម្នាក់​រង​របួស​ដៃ និង​ម្នាក់​ទៀត​រងរបួស​ជើង។

លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​នៃ​សព និង​អរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​នូវ​សុទ្ធចិត្ត​វែកញែក​ក្នុង​រឿង​នេះ។ លើស​ពី​នោះ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ទុក​កិច្ច​ការ​នេះ​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់ ដែល​មាន​សមត្ថកិច្ច ដើម្បី​ចាត់ការ​និង​ដោះស្រាយ​ករណី​នេះ ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ទៅ​តាម​នីតិវិធី​ជា​ធរមាន។ ក្រៅពីនោះ លោក​នាយក​រដ្ឋមន្រ្តី​ ក៏​សូម​ឱ្យ​ពលរដ្ឋ​មាន​ការ​ជឿទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ចាត់​ការ និង ដោះស្រាយ​ផ្តល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ករណី​នេះ។

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា៖ «ចាប់​តាំង​ពី​ថ្ងៃកើត​ហេតុ​នោះ​មក ខ្ញុំ​បាន​ចេញ​បទ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏​ដូចជា ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម កើត រិទ្ធ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ ដើម្បី​ធានា​ថា ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​តឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយ​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹមសារ​នៃ​ច្បាប់ ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ។

នា​ថ្ងៃ​ពុធ ស្អែក​នេះ ក្រសួង​យុត្តិធម៌​ក៏​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ទាក់ទង​ទៅ​នឹង ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជន​ល្មើស​ឈ្មោះ ស្រី ស៊ីណា​នេះ​ផងដែរ។

កាល​ពី​ថ្ងៃទី​២២ ខែ​មិថុនា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ។

សំណុំ​រឿង​ទី១ ឈ្មោះ​ស្រី ស៊ីណា ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ពី​បទ ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ។

សំណុំរឿង​ទី២ ឈ្មោះ ស្រី ស៊ីណា ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ ។

បទឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ ឆ្នាំ, បទប៉ុន​ប៉ង​ឃាតកម្ម​តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី១០ ឆ្នាំ​ទៅ​១៥ឆ្នាំ និងបទ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២ឆ្នាំ។

ក្រសួង​យុត្តិធម៌​បាន​ស្នើសុំ​ស្ថាប័ន​តុលាការ​ឱ្យ​មាន​វិធានការ​ច្បាប់​ឱ្យ​បាន “ម៉ឺងម៉ាត់” ចំពោះ​ករណី​អតីត​ឧកញ៉ាស្រី ស៊ីណា​ដោយ​ស្នើ​សុំ​ថា ទោស​ដែល​ចេញ​លើ​សំណុំ​រឿង​ដែល​បាន​ចោទ​ទាំង​២​នឹង​មិន​ត្រូវ​ស្រូប​បញ្ចូល​គ្នា​ឡើយ៕