ភ្នំពេញៈ សត្វតុកកែប្រភេទថ្មី សម្រាប់ពិភពលោកឈ្មោះ «តុកកែភ្នំព្រះគុហារហ្លូង» ត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ក្រោយពីធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេល ២ឆ្នាំរួចមក។ នេះបើយោងតាមក្រសួងបរិស្ថាន។
ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិក។
តុកកែប្រភេទថ្មីនេះត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Cyrtodactylus regicavernicolus និងឈ្មោះជាភាសាខ្មែរថា «តុកកែភ្នំព្រះគុហារហ្លូង» (Royal Cave Bent-toed Gecko)។
លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងការសិក្សានេះ បានឱ្យដឹងថា ការស្រាវជ្រាវ រុករក និងប្រមូលសំណាកត្រូវបានធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ ក្នុងតំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត នៅឆ្នាំ២០២១ និង២០២២។
ក្រសួងបានបញ្ជាក់ថា៖ «ដើម្បីអាចបញ្ជាក់បានថាជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុង ឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹងសំណាកនៃប្រភេទ ដែលមានរូបរាងប្រហាក់ប្រហែលគ្នាចំនួន ១២ប្រភេទផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង»។
ក្រសួងបានបន្តថា លក្ខណៈសម្គាល់របស់តុកកែភ្នំព្រះគុហារហ្លូង គឺជាតុកកែដែលរស់នៅតែក្នុងល្អាងភ្នំថ្មកំបោរនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង។ ឈ្មោលពេញវ័យមានប្រវែងខ្លួនវែងបំផុត ៧៧.៦មម តូចជាងញី ដែលមានប្រវែង៨០.៧មម ខ្លួនមានបង្កង់សម្បុរត្នោតចាស់ពី ៤ ទៅ ៥កង់។ តាមការសិក្សា តុកកែនេះអាចចូលទៅក្នុងរូងថ្មដែលអាចមានជម្រៅរហូតដល់ ២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗមាត់ល្អាងនៅពេលយប់ដើម្បីរកចំណី។
តុកកែ ភ្នំព្រះគុហារហ្លូង គឺជាតុកកែដែលមានវត្តមានតែនៅក្នុងល្អាងភ្នំនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួងតែមួយគត់ (Endemic Species) ហើយក៏ជាតុកកែទី៣ ដែលត្រូវបានរកឃើញតែនៅក្នុងល្អាងភ្នំថ្មកំបោរ។ ក្នុងនោះមានតុកកែឈ្មោះ C. laangensis ដែលបានរកឃើញនៅភ្នំល្អាងក្នុងប្រទេសកម្ពុជា និង កុកែឈ្មោះC. disjunctus នៅប្រទេសថៃ។
តុកកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកកែបង្កង់ទី១០ ដែលមានវត្តមាននៅកម្ពុជា និងទី ៣៦០សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។ របកគំហើញនេះបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃជីវៈចម្រុះ និង សក្តានុពលនៃទីជម្រកដ៏ពិសេសដែលមាននៅកម្ពុជា ដែលតម្រូវឱ្យមានការសិក្សានិងកត់ត្រាឱ្យបានល្អិតល្អន់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានចាត់ទុកថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជានេះបង្ហាញពីតម្លៃធនធានធម្មជាតិកម្ពុជា ដែលកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល។ លើសពីនេះ កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជាសូចនាករបង្ហាញពីភាពចាំបាច់ ក្នុងការធ្វើការសិក្សាបន្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសកម្ពុជាផងដែរ។
កាលពីខែមករា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា។
លោក ខ្វៃ អាទិត្យា បានបន្ថែម តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ត្រូវបានបង្កើតឡើងដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ មិនតែប៉ុណ្ណោះ ការបង្កើតតំបន់បេតិកភណ្ឌនេះ ក៏ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
អភិបាលរងស្រុកបន្ទាយមាស លោក ប៉ោ វី បានសម្តែងការរីករាយពីរបបគំហើញ នៃប្រភេទសត្វតុកកែថ្មីនេះ។
លោកថា ភ្នំព្រះគុហារហ្លួងក៏មានប្រភេទសត្វប្រចៀវ សត្វស្វា សត្វស្លាប និងប្រភេទជីវចម្រុះផ្សេងៗជាច្រើនទៀតផងដែរ។
លោកបានថ្លែងថា៖ «ការរកឃើញហ្នឹងជាការមួយល្អហើយ។ វាសុទ្ធតែជាប្រភេទកម្រ ពេលរកឃើញចឹង យើងចូលរួមជួយអភិរក្សវាទុក សម្រាប់ក្មេងជំនាន់ក្រោយៗ។ ពេលបច្ចុប្បន្ននេះ ពេលខ្លះយើងក៏មិនទាន់បានស្គាល់ប្រភេទសត្វហ្នឹងអស់ដែរ»៕