ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​សម្រេច​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើការ​សិក្សា​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ដោយ​បញ្ចូល​ទាំង​ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការ​ដាក់​ទម្ងន់​ទោស​ចំពោះ​ស្ថានភាព​បទល្មើស​នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ ដូចជា​ករណី ដែល​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា​ ស្រី ស៊ីណា នា​ពេល​ថ្មីៗ​នេះ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ឃើញ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​មួយ​រូប ដែល​ឆ្លើយ​តបទៅ​នឹង​ការ​បង្ហោះសារ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​នា​ថ្ងៃទី​២៥ មិថុនា ដែល​អំពាវនាវ ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​លើ​អតីត​ឧកញ៉ាស្រី ស៊ីណា ឱ្យ​បាន​តឹងរ៉ឹង​តាម​ច្បាប់។

លោក​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា មាន​ការ​បញ្ចេញ​យោបល់​យ៉ាង​ច្រើន​ចូល​ក្នុង​ហ្វេសប៊ុក​របស់​លោក​នោះ។ ក្នុង​នោះ​លោក​បាន​ពិនិត្យ​ឃើញ​គណនី​ហ្វេសប៊ុក​មួយ ឈ្មោះ Vongchan Reaksmeidara ដែល​បញ្ជាក់​ថា ជា​អ្នក​រៀន​ច្បាប់​មួយ​រូប បាន​បញ្ចេញ​យោបល់​ជុំវិញ​រឿង​នេះ។ យោបល់​នោះ​គឺ​មាន​ហេតុផល​សមស្រប ទាំង​លើ​ទិដ្ឋភាព​សង្គម ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ជាពិសេស ការ​លើក​ឡើង​អំពី​ចន្លោះ​ប្រហោង​នៃ​ច្បាប់​បច្ចុប្បន្ន ដែល​មិន​បាន​ចែង​អំពី​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​នឹង​ករណី​នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ខាងលើ ដែល​មហាជន​ទូទៅ​ថ្កោលទោស និង​សម្តែង​ប្រតិកម្ម​ដោយ​ខឹង​សម្បារ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​សរសេរ​ថា៖ «ផ្អែក​លើ​ការ​លើក​យោបល់​នេះ និង​ស្រប​ពេល​ដែល​ក្រសួង​យុត្តិធម៌ បាន​និង​កំពុង​សិក្សា​រៀបចំ​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​បន្ថែម​ជូន​ឯកឧត្តម កើត រិទ្ធ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​ឱ្យ​សិក្សា និង​រៀបចំ​បញ្ចូល​ទៅ​ក្នុង​វិសោធនកម្ម​ក្រមព្រហ្ម​ទណ្ឌ​នា​ពេល​ខាង​មុខ នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ដោយ​រួម​បញ្ចូល​ទាំង​ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការ​ដាក់​ទម្ងន់​ទោស​ចំពោះ​ស្ថានភាព​នៃ​បទ​ល្មើស ដូច​ករណី​នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ខាង​លើ​ផងដែរ»។ 

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «យើង​មិន​អាច​ផ្ដន្ទាទោស ជន​ល្មើស​លើស​ពី​អ្វី​ដែល​ច្បាប់​ជា​ធរមាន​បាន​ចែង ឬ​បញ្ញត្តិ​នោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត យើង​អាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បង្កើន​ទម្ងន់​ទោស​ទណ្ឌ​សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​បែប​នេះ»។

គណនី​ហ្វេសប៊ុក Vongchan Reaksmeidara បាន​បញ្ចេញ​មតិ​ថា ក្រម​ព្រហ្មទណ្ឌ​បច្ចុប្បន្ន​មាន​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ ដែល​ចាំ​បាច់​ត្រូវ​កែប្រែ និង​ធ្វើ​បច្ចុប្បន្នភាព ពិសេស​គឺ​ចាប់​ពី​មាត្រា​១៩៩ ដល់​២០៥។

គណនី​ហ្វេសប៊ុក​បាន​សរសេរ​ថា៖​«ខ្ញុំ​យល់ថា ចន្លោះ​ប្រហោង​នោះ​គឺជា​ឧបសគ្គ​នៅ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូនរាស្ត្រ និង​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ ជាពិសេស ក្នុង​សំណុំ​រឿ​ងព្រហ្មទណ្ឌ»។ 

អតីត​ឧកញ៉ា​ ស្រី ស៊ីណា បាន​ដក​កាំភ្លើង​បាញ់​មនុស្ស​ដូច​បាញ់​សត្វ ដែល​បាញ់​មនុស្ស​ម្នាក់​ហើយ បាញ់​មនុស្ស​ម្នាក់​ទៀត។ ទោះ​ឃើញ​ជន​រងគ្រោះ​បាន​ដួល​ហូរ​ឈាម​នៅ​នឹង​មុខ​ហើយ​ក៏​ដោយ ក៏​ជន​ល្មើស​អត់​តក់ស្លុត​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ឈប់​សកម្មភាព​បាញ់​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ជនល្មើស នៅ​រក​មើល​អ្នក ដែល​ត្រូវ​បាន​បាញ់​ដួល​ទៅ​ហើយ​នោះ ដើម្បី​បាញ់​បន្ថែម​ទៀត ដោយ​ពុំ​មាន​ចិត្ត​ស្តាយ​ស្រណោះ​ចំពោះ​ជីវិត​មនុស្ស និង​ហាក់​ពុំ​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ចំពោះ​ទង្វើ​របស់​ខ្លួន​សោះ។ ឥរិយាបថ​នេះ​បង្ហាញ​ថា​គាត់​គ្មាន​មនុស្ស​ធម៌​ទេ។

គណនី​ហ្វេសប៊ុក​ដដែល​បាន​លើក​ឡើងថា​ ដោយ​ហេតុ​ថា គ្មាន​ច្បាប់​ចែង​ឱ្យ​ មាន​ស្ថានទម្ងន់​ទោស​ ចន្លោះ​ប្រហោង​នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​នៅ​ក្នុង​ករណី​នេះ បាន​និង​កំពុង​តែ​អនុញ្ញាត​ឱ្យ​បុគ្គល ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម នៅ​ក្នុង​បទ​ល្មើស​ជាក់​ស្តែង​នា​ពេល​ថ្មីៗ​នេះ អាច​គេច​ចេញ​ពី​ទំហំ​ទណ្ឌកម្ម​ដែល​គាត់​គួរ​ទទួល។ ព្រោះ​ថា បើ​ផ្អែក​លើ​ឥរិយាបថ​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ដូច​ជា​មិនសម​ទៅ​នឹង​កំហុស និង​ឥរិយាបថ​ជនល្មើស​ទេ និង​បាន​ផ្តល់​ឱកាស​ឱ្យ​បុគ្គល​នោះ​កេងប្រវ័ញ្ច​ពី​ចន្លោះ​ប្រហោង​នៅ​ក្នុង​ច្បាប់។

ក្រសួង​យុត្តិធម៌ នា​ថ្ងៃ​ពុធ​ទី ២៦ ខែ​មិថុនា ស្អែក​នេះ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ទាក់ទង​ទៅ​នឹង​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជន​ល្មើស​ឈ្មោះ ស្រី ស៊ីណា​នេះ​ផងដែរ។ 

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បំបែក​សំណុំរឿង​ឃាតកម្ម​នេះ​ជា ២​ផ្នែក។ សំណុំ​រឿង​ទី១ បាន​ចោទ​ប្រកាន់​ជន​ល្មើស​ពី​បទ​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ។ សំណុំ​រឿង​ទី​២ បាន​ចោទ​ប្រកាន់​ពី​បទ ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា២៧ និង​មាត្រា១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និងមាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ។ 

បទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ ឆ្នាំ, បទ​ប៉ុន​ប៉ងឃាត​កម្ម​តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ឆ្នាំ និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ ទៅ​២ឆ្នាំ៕