ភ្នំពេញ៖ ក្រុម​មន្ត្រី​យុត្តិធម៌​ជំនាន់​​ថ្មី​ដែល​ត្រូវបាន​ជ្រើសរើស​តាម​នីតិវិធី​​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ ដោយ​ផ្អែក​លើ​សមត្ថភាព គឺជា​ធនធាន​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​បានប្រកាស «ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​ចៅក្រម និងសិស្ស​ព្រះរាជ​អាជ្ញា ជំនាន់​ទី​១២ និង​សិស្ស​ក្រឡា​បញ្ជី ជំនាន់​ទី៩» នៅ​រាជបណ្ឌិត្យសភា​យុត្តិធម៌​កម្ពុជា ថ្ងៃទី​២៥ ខែមិថុនា​នេះ បាន​សង្កត់ធ្ងន់​លើ​សមត្ថភាព​ដ៏​ពិតប្រាកដ​របស់​សិស្ស​គ្រប់​ផ្នែក​ក្នុង​វិស័យ​យុត្តិធម៌។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ប្អូនៗ​ទាំងអស់​ថា កម្មវិធី​នា​ពេល​នេះ គឺជា​ការ​ចាប់​ផ្តើម​នៃ​របត់​ថ្មី​ក្នុង​ជីវិត​ប្អូនៗ ក្នុង​ការ​បោះជំហាន​ជា​បណ្តើរៗ ដើម្បី​ក្លាយ​ខ្លួន​ជា​ចៅក្រម ព្រះ​រាជ​អាជ្ញា និង​ក្រឡា​បញ្ជី ដែល​ជា​វិជ្ជាជីវៈ​ដ៏​មាន​កិត្តិយស​នៅ​ក្នុង​វិស័យ​យុត្តិធម៌ ក៏​ដូចជា​នៅ​ក្នុង​សង្គមជាតិ​របស់​យើង»។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា សមត្ថភាព​គឺជា​យ័ន្ត​សម្រាប់​ការពារ​ខ្លួនផង និង​ជា​កត្តា​ជំរុញ​ឱ្យ​សិស្ស​ទាំងអស់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។

លោក​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ក្នុង​គោល​បំណង​ពង្រឹង​ធនធាន​មនុស្ស​លើ​ផ្នែក​បច្ចេកទេស វិន័យ ក្រម​សីលធម៌ និង​សុខភាព។ លោក រិទ្ធ បញ្ជាក់​ថា៖ «ប្រទេស​មួយ​ខ្លាំង​ទាល់​តែ​ប្រជាជន​នៃ​​ប្រទេស​នោះ​ខ្លាំង»។

លោក រិទ្ធ កត់​សម្គាល់​ថា ការ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។ វិធីសាស្ត្រ​នេះ​ផ្តោត​លើ​ទាំង​បរិមាណ និង​គុណភាព​នៃ​បុគ្គលិក​ក្នុង​វិស័យ​យុត្តិធម៌។ ទន្ទឹម​នឹង​នេះ មន្ត្រី​យុត្តិធម៌​ទាំងអស់​ត្រូវ​មាន​ទាំង​សមត្ថភាព​វិជ្ជាជីវៈ និង​សីលធម៌​ខ្ពស់។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ថ្លែងក្នុង​«ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​ចៅក្រម និងសិស្ស​ព្រះរាជ​អាជ្ញា ជំនាន់​ទី​១២ និង​សិស្ស​ក្រឡា​បញ្ជី ជំនាន់​ទី៩» នៅ​រាជបណ្ឌិត្យសភា​យុត្តិធម៌​កម្ពុជា ថ្ងៃទី​២៥ ខែមិថុនា​។ រូបថត សហការី

លោក​បាន​ឱ្យ​ដឹង​ថា វិធានការ​គន្លឹះ​ទីមួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ក៏​ផ្តោត​សំខាន់​លើ «ការ​ពង្រឹង​សមត្ថភាព របស់​រដ្ឋបាល​សាធារណៈ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​គុណភាព ប្រសិទ្ធភាព និង​សមិទ្ធកម្ម របស់​មន្ត្រី និង​ស្ថាប័ន» ដែល​នេះ​ក៏​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​របស់​រាជការ​ទាំង​មូល ក៏​ដូចជា សមត្ថភាព​របស់​មន្ត្រី​ដែល​បម្រើការ​នៅ​ក្នុង​រាជការ​របស់​យើង​ផងដែរ។ រដ្ឋាភិបាល​បាន​សម្រេច​យក​គោលការណ៍​គុណាធិបតេយ្យ​ជា​មូលដ្ឋាន​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​គ្រប់​ផ្នែក។

ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​វិធាន​ការ​សំខាន់ៗ ប្រកប​ដោយ​ប្រសិទ្ធ​ភាព វិស័យ​យុត្តិធម៌​បាន​​អនុវត្ត​វិធីសាស្ត្រ​ចំនួន​ពីរ​៖ ធានា​បេក្ខជន​ឆ្នើម​ឆ្លង​កាត់​ដំណើរការ​ជ្រើសរើស និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ «​អ្នក​មាន​​សមត្ថកិច្ច ត្រូវ​បំពាក់​នូវ​សមត្ថភាព​! អ្នកមាន​សមត្ថភាព ត្រូវ​បំពាក់​នូវ​សមត្ថកិច្ច»។

នៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​វិជ្ជាជីវៈ ក្នុង​វិស័យ​យុត្តិធម៌ ទាំង​សិស្ស​ចៅក្រម ​និង​សិស្ស​ព្រះរាជអាជ្ញា ទាំង​សិស្ស​ក្រឡាបញ្ជី ទាំង​សិស្ស​សារការី និងសិស្ស​អាជ្ញាសាលា គឺមាន​ការឃ្លាំមើល​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ 

ការចូលរួម​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​ដើម្បី​ធានាថា ការប្រឡងប្រជែង​ជ្រើសរើស សិស្ស​វិជ្ជាជីវៈ​ក្នុង​វិស័យ​យុត្តិធម៌ ប្រព្រឹត្ត​ទៅដោយគ​ម្លា​ភាព​ យុត្តិធម៌ និងគ្មាន​អំពើពុករលួយ។ 

លោក រិទ្ធ បាន​ឱ្យ​ដឹងថា​៖ «ក្នុង​ការរៀបចំ​វិញ្ញាសា​ប្រឡង​កន្លងមក គឺ ខ្ញុំ​ផ្ទាល់​ជា​អ្នកដឹកនាំ​រៀបចំ ហើយ​នៅក្នុង​ការប្រឡងប្រជែង ជ្រើស​​រើស​សិស្ស​ក្រឡាបញ្ជី ជំនា​ន់ទី​៩ នេះ គឺ ប្អូនៗ​សិស្ស​ក្រឡាបញ្ជី​នៅទីនេះ បានឃើញ​អក្សរ​ផ្ទាល់ដៃ​របស់ខ្ញុំ​ហើយ គឺ​ខ្ញុំ​សរសេរ​ដោយ​ផ្ទាល់ដៃ»។​​

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​ចៅក្រម និងសិស្ស​ព្រះរាជ​អាជ្ញា ជំនាន់​ទី​១២ និង​សិស្ស​ក្រឡា​បញ្ជី ជំនាន់​ទី៩ នៅ​រាជបណ្ឌិត្យសភា​យុត្តិធម៌​កម្ពុជា ថ្ងៃទី​២៥ ខែមិថុនា​។ រូបថត សហការី

កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមមាន​ការបណ្តុះបណ្តាល​ទូលំទូលាយ​លើ​ទ្រឹស្តី បច្ចេកទេស វិន័យ និង​ក្រមសីលធម៌​នៅ​រាជបណ្ឌិត្យសភា​យុត្តិធម៌​កម្ពុជា គួបផ្សំ​នឹង​ការបណ្តុះបណ្តាល​ជាក់ស្តែង​នៅ​សាលាក្តី និង​ការិយាល័យ​ព្រះរាជអាជ្ញា​ទូទាំងប្រទេស​។​
​រយៈពេល​បណ្តុះបណ្តាល​គឺ ២ ឆ្នាំ ៣ ខែ​សម្រាប់​សិស្ស​ចៅក្រម និង​ព្រះរាជអាជ្ញា និង ១ ឆ្នាំ​សម្រាប់​សិស្ស​ក្រឡាបញ្ជី​។​

លោក រិទ្ធ បាន​បន្ដថា បន្ថែម​លើ​ការខិតខំ​រៀនសូត្រ និង​រៀន​ឱ្យ​ពូកែ​នៅក្នុង​អំឡុងពេល​សិក្សា​​ ពួកគេ​​​ប្រកាន់​ខ្ជាប់​នៅក្នុង​ចិត្ត​របស់ខ្លួន​នូវ​ស្មារតី​ថា «​ក្នុងនាម​ជាម​ន្ត្រី​យុត្តិធម៌ ត្រូវធ្វើ​ខ្លួន​ជា​បង្អែក​ដ៏ក​ក់​ក្តៅ​​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការរំលោភបំពាន​ដោយ​អយុត្តិធម៌»។​

លោក​បាន​អបអរសាទរ​ដល់​យុវជន​ចំនួន ១៦០ នាក់​ដែល​បាន​ប្រឡង​ជាប់​ក្នុងនោះ​មាន​ចៅក្រម ព្រះរាជ​អាជ្ញា ៥៥ នាក់ និង​ក្រឡាបញ្ជី ១០៥ នាក់​។​

បេក្ខភាព​ជ័យ​លាភី​ទាំង​នោះ ​បាន​ឆ្លងកាត់​នូវ​ការប្រឡងប្រជែងចំណោម​បេក្ខជន​សរុប​ចំនួន ៦២៣ នាក់ (សិស្ស​ចៅក្រម និង សិស្ស​ព្រះរាជអាជ្ញា​) និងបេក្ខជន​សរុប​ចំនួន ១ ៤៤៨ នាក់ (​សម្រាប់​ការប្រឡង ប្រជែង​សិស្ស​ក្រឡាបញ្ជី​) បាន​ឆ្លងកាត់​ដំណាក់​កាល​វិញ្ញាសាសរសេរ និង​វិញ្ញាសា​ផ្ទាល់មាត់ រហូត​ដល់​បាន​ជោគជ័យ និងបាន​ចូល​សិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា នាពេលនេះ។

លោក បាន​​ថ្លែង​ថា​៖ «ផ្អែក​តាម​លទ្ធផល​នេះ​ ខ្ញុំ​អាច​និយាយបានថា ប្អូនៗ​ជា​ជ័យលាភី​ទាំង ១៦០ នាក់ នៅទីនេះ ពិតជា​មាន សមត្ថភាព​ខ្ពស់ និង​មានគុណ​វុ​ឌ្ឍ​គ្រប់គ្រាន់ ស័​ក្ត​សមជា​សិស្ស​ចៅក្រម​ សិស្ស​ព្រះរាជ​អាជ្ញា និងសិស្ស​ក្រឡាបញ្ជី នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ប្រាកដ​មែន។ បន្ថែម​ពីនេះ ប្អូនៗ​នឹង​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​វិស័យ​យុត្តិធម៌​របស់​យើង នា​ពេល​អនាគត»៕