ភ្នំពេញៈ ខេត្ត​ចំនួន​ ៨ ​ត្រូវ​បាន​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត ដោយ​ក្នុង​នោះ​អភិបាលខេត្ត​​ចំនួន​៤​រូប​ត្រូវ​បាន​ផ្ទេរ​ពី​ខេត្ត​ផ្សេង និង​៤រូប​ទៀត​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ថ្មី ខណៈ​អភិបាល​ខេត្ត​​៤​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

ខេត្ត​ទាំង​ ៨​​ នោះ​រួម​មាន ខេត្ត​ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះសីហនុ កំពង់ធំ តាកែវ កំពង់ស្ពឺ កណ្តាល និង​ត្បូងឃ្មុំ។

យោង​តាម​ព្រះរាជ​ក្រឹត្យចុះថ្ងៃទី២៤ មិថុនា បាន​ឱ្យ​ដឹង​ថា លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ផ្ទេរ​ទៅ​ជំនួស​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។ 

លោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​ផ្ទេរ​ទៅ​ជំនួស​លោក វ៉ី សំណាង។ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ផ្ទេរ​ជំនួស​លោក គង់ សោភ័ណ អភិបាល​ខេត្ត​កណ្តាល​ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។ លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ផ្ទេរ​ជំនួស​លោក ជាម ច័ន្ទសោភ័ណ។

លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ឧត្តរមានជ័យ។ លោក សរ សុពុត្រា អភិបាល​រង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង ជំនួស​លោក ស្វាយ សំអ៊ាង ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ 

លោក ម៉ាង ស៊ីណេត អភិបាល​រង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ។ លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​កំពង់ធំ ជំនួស​លោក ងួន រតនៈ ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​ធ្វើ​កំណែ​ទម្រង់​នូវ​រដ្ឋបាល​ដែនដី។ ប្រសិន​បើ​អភិបាលខេត្ត ឬ​អភិបាល​ស្រុក​រូប​ណា​សកម្ម និង​បំពេញ​ការងារ​ល្អ គាត់​គួរ​តែ​ត្រូវ​បាន​ផ្តល់ «​ឥស្សរភាព» និង​ឱកាស​ក្នុង​ការ​កាន់​តួនាទី​ឱ្យ​កាន់​តែ​ប្រសើរ ឬ​អាច​ឱ្យ​គាត់​ធ្វើ​ជា​គំរូ​នៃ​ការ​គ្រប់គ្រង​ខេត្ត​របស់​គាត់ ដោយ​ស្ទើរតែ​មិន​ចាំបាច់​ផ្លាស់ប្ដូរ​គាត់​ទៅ​កាន់​​កន្លែង​ផ្សេង។ 

លោក​ថ្លែង​ថា៖ «ឧទាហរណ៍​ថា គាត់​គ្រប់គ្រង​ខេត្ត​មួយ​ល្អ អ៊ីចឹង​ឱ្យ​គាត់​ធ្វើ​ឱ្យ​កាន់​តែ​ល្អ ដើម្បី​ជា Model [គំរូ] ទៅ​ដល់​ខេត្ត​ផ្សេង​ទៅ​ទៀត។ ខ្ញុំ​គិត​ថា នីតិកាលទី៧​នេះ​គួរ​តែ​ហ៊ាន​ធ្វើ​បែប​ហ្នឹង​ហើយ»។

លោក យង់ ពៅ បន្ថែម​ថា៖ «គ្រាន់​តែ​ខ្ញុំ​សំណូមពរ​ថា បើ​ឃើញ​ការ​ដឹកនាំ​ល្អ គួរតែ​ផ្តល់​ឱ្យ​ភាព​ជា​គំរូ​សម្រាប់​អ្នកដឹកនាំ​ផ្សេង​ទៀត។ បើ​អ្នកដឹកនាំ​មិន​ល្អ មិន​មាន​វឌ្ឍនភាព​គួរតែ​សម្រួល​ភារកិច្ច។ គួរ​ហ៊ាន​ធ្វើ​អ៊ីចឹង»។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ថ្លែង​ថា ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​នេះ​ជា​ដំណើរការ​នៃ​ការ​អនុវត្ត​បែបបទ​រដ្ឋបាល​ដែល​បាន​កំណត់​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ខេត្ត ឬ​ស្រុក ជាពិសេស​អភិបាល និង​អភិបាល​រង​ខេត្ត ឬ​ស្រុក៕