ភ្នំពេញៈ នៅក្នុងការជ្រើសរើសកងកម្លាំងថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង និងអង្គភាពពាក់ព័ន្ធផ្តល់អាទិភាពដល់កូនអតីតមន្ត្រីកងកម្លាំងដើម្បីឱ្យពួកគាត់មានឱកាសនៅក្នុងការបំពេញភារកិច្ចបន្តវេនពីឪពុក ម្ដាយ។
លោកថ្លែងថា៖ «ខ្ញុំសុំផ្តល់គោលការណ៍ណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការ[ដ្ឋាននៃកងយោធពលខេមរភូមិន្ទ] ក៏ដូចជាអគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក ប្រភេទទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញទៅថ្ងៃក្រោយ សូមផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន កូនចៅអតីតប៉ូលិស កូនចៅអតីតអាវុធហត្ថផង ឱ្យគាត់បានមានឱកាសនៅក្នុងការបំពេញភារកិច្ចបន្តវេនពីឪពុកម្ដាយ ហើយជាពិសេសផ្ដោតទៅអ្នកមូលដ្ឋានតែម្ដង»។
ក្នុងពិធីរំឭកខួបលើកទី១៧នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នាថ្ងៃទី២៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួង និងអង្គភាពពាក់ព័ន្ធបន្តនូវគោលការណ៍នេះដើម្បីផ្ដល់ឱកាស និងការលើកទឹកចិត្តជូនអតីតយុទ្ធជន។
លោក ហ៊ុន ម៉ាណែត រំឭកថា នៅមុនការរាតត្បាតជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍ជ្រើសរើសកងទ័ពស្មើនឹងចំនួនដែលកងទ័ពចូលនិវត្តន៍ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ ១៩ ចំនួនកងទ័ពដែលត្រូវបានជ្រើសរើសក៏មិនមានច្រើនដូចគ្នាទេ ប៉ុន្តែក៏នៅមានការជ្រើសរើសបំពេញមួយចំនួន។
លោកបញ្ជាក់ថា៖«ទៅថ្ងៃមុខ ពេលសេដ្ឋកិច្ចយើងឡើងវិញ យើងនឹងពិនិត្យមើលលទ្ធភាពក្នុងការបង្កើនការរើសទ័ព ប៉ុន្តែសំខាន់បំផុត រើសតិច រើសច្រើនគួរផ្តល់អាទិភាពបែបនេះ។ តែយើងមិនហាមមិនឱ្យយុវជនស្ម័គ្រចិត្តផ្សេងទៀត មិនផ្ដាច់មុខទៅកូនចៅអតីតយុទ្ធជនទេ។ យើងអាចគិត៥០ [ទៅ] ៦០ភាគរយសម្រាប់ឱ្យអាទិភាព។ សល់៤០ភាគរយ យុវជនផ្សេងទៀតដាក់ពាក្យបាន»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមធម៌ត្រូវតែបានផ្តល់ក្នុងការប្រកួតប្រជែងចូលរួមនៅតាមភូមិសាស្ត្រ។
លោកពន្យល់ថា៖ «ឧទាហរណ៍ថា ភូមិសាស្ត្រដាច់ស្រយាល យើងអាចប្រើវិធីសាស្ត្រចម្រុះ។វិធីសាស្ត្រចម្រុះមានន័យថា កូនអតីតយុទ្ធជននៅទីនោះ ឬកូនកងកម្លាំងនៅទីនោះ និងយុវជនសាមញ្ញទាំងអស់ឱ្យតែស្ម័គ្រចិត្តចូល គឺយើងទទួលយកទៅសម្រាប់ការប្រកួតប្រជែងចូល ហើយមិនអាចឱ្យគាត់ផ្លាស់មកតំបន់ប្រជុំជន ឬក៏រាជធានី ឬខេត្តទេ ដោយសារតែការជ្រើសរើសនៅឯតំបន់ដាច់ស្រយាលគឺពិបាកជ្រើសរើស។ ហើយបើគាត់ជ្រើសរើសបាននៅទីនោះហើយ គាត់ផ្លាស់មក មានន័យថា អាហ្នឹងគឺនៅតំបន់ព្រំដែន ឬតំបន់ដាច់ស្រយាលខ្វះកងកម្លាំងទៀតហើយ»។
លោក យង់ ពៅ បន្ថែមថា៖ «រីឯការជ្រើសរើសសំដៅទៅលើនៅឯប្រជុំជន ក៏ដូចជារាជធានីត្រូវផ្ដល់ឱកាសប្រកួតប្រជែង បើមិនអ៊ីចឹងទេ កូនអ្នកធំ កូនអ្នកកងកម្លាំងស្រាប់ហ្នឹងនៅតែប្រមូលផ្ដុំគ្នានៅឯទីប្រជុំជន នៅឯទីក្រុងបានទាំងស័ក្ដិយសលឿនទៅទៀត។ អាហ្នឹងកន្លងមកយើងឃើញអ៊ីចឹង»៕