ភ្នំពេញៈ ក្រសួង​ចំនួន២ បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន និង អ្នក​លេង​បណ្តាញ​សង្គម​បញ្ឈប់​នូវ​ការ​ផ្សព្វ​ផ្សាយ និង​ចែកចាយ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ទាក់​ទង​ទៅ​នឹង​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ អតីត​ឧកញ៉ា ស្រី ស៊ីណា កាល​ពី​សប្តាហ៍មុន។ 

ការអំពាវនាវនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ប្រៀបធៀប​ដោយ​បំភ្លៃ​ការ​ពិត រវាង​ករណី​បុរស​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​ម្នាក់ បាន​កាប់​ម្ចាស់​បំណុល​ស្លាប់​កាល​ពី​ខែ​ឧសភា កន្លងមក និង ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា កាល​ពី​សប្តាហ៍​មុន។ 

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ករណី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជន​ល្មើស​ឈ្មោះ ស្រី ស៊ីណា នា​រសៀល​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ២០២៤ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​លោក កើត រិទ្ធ បាន​លើក​ឡើង​ថា កូន​បំណុល ដែល​កាប់​ម្ចាស់​បំណុល ៣ កាំបិត​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ពេល​ទៅ​ទាលុយ ៣៦​ម៉ឺន​រៀល​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ។ ជន​ជាប់​ចោទ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥ឆ្នាំ។

លោក​រដ្ឋមន្រ្តី​ថ្លែង​ថា៖ «ហេតុអ្វី​បាន​ជា​យក​ព័ត៌មាន​នេះ​ទៅ​បំភ្លៃ​ការពិត ក្នុង​ចេតនា​ដ៏​អាក្រក់​មួយ​ថា ម្នាក់​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្តាល​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ដែល​បង្កើត​ឱ្យ​មាន​ការភាន់​ច្រឡំ​នៅ​ក្នុង​សាធារណជន ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ?»។ 

លោក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ថា ការ​បំភ្លៃ​នេះ​មិន​ត្រឹម​តែ​មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​ថែម​​ទាំង​ធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន​អាជីព​ផងដែរ ដែល​បាន​ផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​ចែក​រំលែក​ចំណេះដឹង។ 

តុលាការ​ខេត្ត​កណ្តាល​បាន​ធ្វើការ​បំភ្លឺ​ករណី​នេះ ហើយ​ក៏​កំពុង​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ពិត​នោះ​ផងដែរ។

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ដោយ​លើក​បង្ហាញ​រូបភាព​ដែល​គេ​បង្ហោះ​ធ្វើការ​ប្រៀបធៀប​នោះ​ថា៖ «ជា​ការ​កាឡៃ​ការពិត​ទាំង​ស្រុង ព្រោះ​មិនទាន់​កាត់​ទោស​ផង។ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត មិន​ទាន់​ចប់​ផង ហើយ​គាត់​ថា កាត់ក្តី​បាត់​ហើយ។ នេះ​ឃើញ​ទេ គាត់​យក​មក​ប្រៀបធៀប»។ 

លោក​បន្ត​ថា ចំពោះ​ជន​រួមជាតិ ដែល​មិន​បាន​ដឹង​រឿង​នេះ នឹង​គិត​ថា ចំណាត់ការ​នេះ​គឺ​អាក្រក់​ណាស់ ព្រោះ​អ្នក​បាញ់​គេ​ស្លាប់​រហូត​ដល់​ទៅ ២ នាក់​ជាប់​ទោស​ស្រាល​ជាង អ្នក​ដែល​កាប់​គេ​ស្លាប់​ម្នាក់ ដែល​ជាប់​ទោស​អស់​មួយ​ជីវិត។

លោក​រដ្ឋ​មន្រ្តី​បញ្ជាក់​ថា៖ «រឿងនេះ ធ្វើឱ្យ​ខ្ញុំ​មាន​ការ​ខកចិត្ត​បំផុត​ចំពោះ​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ហ៊ាន​កាឡៃ ហ៊ាន​បំភ្លៃ​ការ​ពិត​ដ៏​អាក្រក់​មួយ ហើយ​ធ្វើការ​ប្រៀបធៀប​ករណី​នេះ។ មិនមែន​ត្រឹមតែ​បង្កើត​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ទេ គឺ​ចេតនា​គាត់​ធ្វើឱ្យ​មាន​ការ​ខឹង​សម្បារ​រឹត​តែ​ខ្លាំង​នៅ​ពេលដែល​គាត់ផ្សាយ​នូវរឿង​ដែល​មិន​ពិត​បែប​នេះ»។ 

លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា អ្វី​ដែល​លោក​ចង់​បាន​ពិត​ប្រាកដ​គឺ​ការពារ​នូវ​ភាព​ត្រឹមត្រូវ ហើយ បើ​ចៅ​ក្រម​ណា​ប្រព្រឹត្ត​ខុស​ច្បាប់ ចៅក្រម​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់។ 

លោក​បាន​ឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ននេះ មាន​សំណុំ​រឿង​វិន័យ​មិន​តិច​ទេ ត្រូវ​បាន​បញ្ជូន​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ស្ទើរ​រៀងរាល់​ថ្ងៃ ហើយ​ការ​ដាក់​វិន័យ​ក៏​មាន​ជា​បន្តបន្ទាប់​ផងដែរ។ 

លើសពីនោះ លោក​រដ្ឋមន្រ្តី​ក៏​បាន​សង្កេត​ឃើញ​ផងដែរ​ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​ព្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា​នេះ ក៏​មាន​អ្នក​ឆ្លៀត​ឱកាស​មួយ​ចំនួន​ការ​ផ្សព្វផ្សាយ​ថា ករណី​នេះ​ត្រូវ​បាន​កាត់​ឱ្យ​ជាប់​ទោស​តែ ១០​ទៅ​១៥​ឆ្នាំ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «នេះ​ជា​ការ​លើក​ឡើង​តែ​មួយ​ជ្រុង ហើយ​បន្ទោរ​តាម​គ្នា។ បន្ទោរ​នេះ​ក៏​ចេះ​តែ ធ្វើ​បន្ត​ទៅ​ទៀត បង្កើត​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​កាន់​តែ​ខ្លាំង ទោះបីជា​មាន​ការ​ប្រកាស​ព័ត៌មាន​សាលា​ដំបូង និង អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​ដោយ។ ដូច្នេះ​ខ្ញុំ​ស្នើសុំ​ម្តងៗ ហើយ​ម្តង​ទៀត​ដល់​អ្នក​សារព័ត៌មាន និង បងប្អូន​ជន​រួមជាតិ ដែល​មាន​បណ្តាញ​សង្គម ​ឬ​ហ្វេសប៊ុក មេត្តា​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ពិត​ប្រាកដ និង​ត្រឹមត្រូវ ដើម្បី​ចៀស​វាង​ភាន់​ច្រឡំ​ក្នុង​ចំណោម​សាធារណជន»។

នៅថ្ងៃ​ដដែល​នោះ​ផងដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​អ្នក​ប្រើ​បណ្តាញ​សង្គម​គ្រប់​ប្រភេទ ឱ្យ​ឈប់​ចែកចាយ​ជាបន្ទាន់ និង​លុប​ចេញ​វិញ​នូវ​រាល់​មាតិកា វីដេអូ ឬ​រូបភាព​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឃាតកម្ម​ដ៏​អកុសល​មួយ​នេះ ឬ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ផ្សេង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។ ក្រសួង​បាន​លើក​ឡើង​ថា ការ​ប្រកាស​នេះ វា​ខុស​គន្លង​សីលធម៌​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម និង​ខុស​ក្រម​សីលធម៌​ក្នុង​វិស័យ​ព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ចូលរួម​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​រួម​ចំណែក​កាន់ទុក្ខ និង​គោរព​ដល់​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ទាំងពីរ ព្រម​លើក​កម្ពស់​មនៈសិកា និង​តម្លៃ​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម និង​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ក៏​បាន​លើក​ឡើង​ផងដែរ​ថា ការ​បែក​ធ្លាយ និង ចែកចាយ​វីដេអូ​ពី​ការ​បាញ់​ប្រហារ​របស់​បុគ្គល​ ស្រី​ ស៊ីណា​ នោះ​ក៏​ជា​រូបភាព​មួយ​មិន​ល្អ​សម្រាប់​កម្ពុជា​ផងដែរ។ 

សំណុំរឿង​ឃាតកម្ម​ដែល​មាន​ជន​ល្មើស​ឈ្មោះ ស្រី ស៊ីណា ត្រូវ​បាន​បំបែក​ជា ២ ផ្នែក។ សំណុំ​រឿងទី១ ​បាន​ចោទ​ប្រកាន់ ពី​បទ ឃាតកម្ម និង បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង គ្រាប់​រំសេវ។ 

សំណុំ​រឿង​ទី២ បាន​ចោទ​ប្រកាន់​ពី​បទ ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ។ 

បទឃាតកម្ម​តាម​មាត្រា១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ ឆ្នាំ, បទ​ប៉ុន​ប៉ងឃាត​កម្ម​តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំ​ទៅ​១៥ឆ្នាំ និង​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង គ្រាប់​រំសេវ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ ទៅ ២ឆ្នាំ៕