ភ្នំពេញៈ​ អតីត​ឧក​ញ៉ា ​ឈ្មោះស្រី ស៊ីណា​ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​បទ​ល្មើស​បន្ថែម​ទៀត​ពាក់​ព័ន្ធទៅនឹង​ រំលោភ​លើលំ​នៅឋាន​​ ដែល​ធ្វើ​ឱ្យ​សំណុំរឿង​ប្រឆាំង​នឹង​ជន​ល្មើស​រូប​នេះ​កើន​ឡើង​ដល់​ទៅ​៣ ហើយ​បើ​មាន​ការ​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​មាន​សិទ្ធិ​ឱ្យ​ប្តឹង​ជំទាស់។

អ្នក​នាំពាក្យ​នៃអយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា បន្ទាប់​ពីបាន​ពិនិត្យ​លម្អិត​បន្ថែម​ទៀត លើ​សំ​ណុំ​រឿងករណី​បាញ់​ប្រហារ ​ប្រព្រឹត្ត​ដោយជន​សង្ស័យ​ឈ្មោះ​ស្រី ​ស៊ីណា ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស២ ​នាក់​ស្លាប់​ និង​មនុស្ស​ ២​នាក់​ទៀត​រង​របួស​កាល​ពី​សប្តាហ៍​មុន​នោះ​មក តំណាងអយ្យការ​បាន​ពិនិត្យ​ឃើញ​ថាជនសង្ស័យ​ឈ្មោះរូប​នេះ បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ ឡុង លីសុង ​ដោយពុំមាន​ការអនុញ្ញាត​ពីភាគីជន​រងគ្រោះ​ឈ្មោះ ឡុង លីសុង ​ដែលជា​ម្ចាស់ផ្ទះ​នោះឡើយ ​ដែល​សកម្មភាព​នេះ គឺបាន​បង្កើត​ជា​បទល្មើស​រំលោភ​លើលំ​នៅឋាន ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃអយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​បាន​សរ​សេរ​ថា​៖​ «ផ្អែក​តាមអង្គ​ហេតុ​ខាង​លើនេះ ​តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​បន្ថែម​លើ​ជនសង្ស័យ​ ឈ្មោះ​ ស្រី ស៊ីណា​ ពីបទ​ រំលោភ​លើលំនៅ​ឋាន ​តាម​មាត្រា ២៩៩ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​បទ​ល្មើស​នេះ​អាចនឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១ខែ ទៅ​១ឆ្នាំ។

សាលា​ដំបូង​រាជធានី​ភ្នំ​ពេញបាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​នេះ​ចំនួន​២សំណុំ​រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា​រួច​ទៅ​ហើយ​កាល​ពី​សប្តាហ៍​មុន។ សំណុំរឿង​ទី១បាន​ចោទ​ប្រកាន់​ជន​ល្មើស​ពីបទ ឃាតកម្ម និងបទ​ប្រើប្រាស់​អាវុធ​ដោយ​​គ្មាន​ការ​អនុញ្ញាត។ សំណុំរឿងទី២​បានចោទប្រកាន់​ពីបទ ប៉ុនប៉ងឃាតកម្ម និង​បទប្រើប្រាស់​អាវុធ​ដោយគ្មាន​ការអនុញ្ញាត។ 

បទឃាតកម្ម​ជនល្មើស​អាចជាប់​ទោស​ដាក់​ពន្ធ​នាគារ​ពី១០ ឆ្នាំទៅ១៥ ឆ្នាំ, ខណៈ​ដែល បទប៉ុន​ប៉ងឃាត​កម្ម អាចជាប់​ទោសដាក់​ពន្ធនា​គារពី១០ ឆ្នាំទៅ១៥ឆ្នាំ និង​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុសច្បាប់ អាច​ជាប់​ទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ។  

រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ ​លោក​កើត រិទ្ធ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះថា​ ការបំបែក​សំណុំរឿង​ជា​ ២ នេះ​អាច​ធ្វើឱ្យជន​ល្មើស​មាន​ទោស​ជាប់​ពន្ធនាគារ​កាន់​តែ​ច្រើន។ 

លោករ​ដ្ឋមន្រ្តីក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ក្នុង​រយៈពេល​នៃ​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ននេះ​ ជនត្រូវ​ចោទមាន​សិទ្ធិស្នើ​សុំនៅ​ក្រៅឃុំ​ ហើយ​ចៅ​ក្រមមាន​ឆន្ទានុ​សិទ្ធិ​សម្រេចលើ​ការ​ស្នើសុំ​នៅ​ក្រៅឃុំ​នោះ។ ប៉ុន្តែ​បើចៅ​ក្រមសម្រេច​ថា ដោះ​លែង​ជន​ត្រូវ​ចោទ​ឱ្យ​នៅ​ក្រៅឃុំតាមការ​ស្នើ​សុំ​ ហើយ​ព្រះរាជអាជ្ញាមិនឯកភាពនោះ ព្រះរាជអាជ្ញា​ក៏មានសិទ្ធិប្តឹងជំទាស់ដែរ។ 

ចំពោះ​ករណី​ជនល្មើស​ស្រី ស៊ីណា​នេះ​លោក ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បាន​អះ​អាងថា៖«បើព្រះ​រាជ​អាជ្ញា​មិន​ប្តឹង​ទំទាស់ ទៅ​ឧទ្ធរណ៍ ខ្ញុំជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ មាន​សិទ្ធិ​ដើម្បី​ធ្វើ​អធិបញ្ជា​ទៅ​ព្រះ​រាជអាជ្ញា​ ដើម្បី​ប្តឹង​ឧទ្ធរណ៍ភ្លាម​ដែរ។ ក្នុង​រយៈ​ពេល​ប្តឹង​ឧទ្ធរណ៍​នេះ ជន​ដែល​ជាប់​ឃុំ​ គឺមិន​អាច​ត្រូវ​បាន​ដោះ​លែង​បាន​ជាដា​ច់ខាត ​រហូតដល់​សាលា​ឧទ្ធរណ៍​សម្រេច ហើយ​ខ្ញុំនឹង​តស៊ូ​ដល់ទី​បំផុត បើរឿង​បែបនេះ​ត្រូវ​បាន​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅឃុំ។​ បើឧទ្ធរណ៍​សម្រេច​ម៉េច ប្តឹង​សារទុក្ខ​ទៀត»។

លោក​បាន​បន្ត​ថា ករណី​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ឱ្យ​លោក​ធ្វើ​ការ​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់ លើ​រឿងនេះ ហើយបើ​មាន​ការធានា​ឱ្យនៅ​ក្រៅឃុំមែន​នោះ លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ តែ​ក៏​មិន​អាច​ហាម​គេ​មិន​ឱ្យ​ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំបាន​ដែរ៕