ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​អំពាវនាវ​ដល់​គ្រប់​ទីអារាម​ទូង​ស្គរ និង​កន្លែង​ផ្សេងៗ​បាញ់​កាំជ្រួច​​នៅ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក ហ្វូណន តេជោ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​លើ​គម្រោង​ព្រែកជីក​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ស្នើ​ចំពោះ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ខាង​មុខ នៅ​ពេល​បើក​ការដ្ឋាន​នេះ សុំ​អំពាវនាវ​ឱ្យ​គ្រប់​ទីអារាម និង​កន្លែង​ផ្សេងៗ ទូង​ស្គរ និង​ធ្វើ​អ្វីៗ​គ្រប់​បែបយ៉ាង​រហូត​ដល់​បាញ់​កាំជ្រួច​ឡើង​លើមេឃ ហើយយប់ថ្ងៃទី៥ ខែ​សីហា ក៏​ត្រូវ​បាញ់​កាំជ្រួច​បន្ថែម​ទៀត​នៅ​ទីកន្លែង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ និង​លើកទឹកចិត្ត​សម្រាប់​ការ​អនុវត្ត​នូវ​គម្រោង​នេះ»។

ក្នុង​ពិធី​រំឭក​ខួប​ទី​ ៧៣ ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៨ ខែ​មិថុនា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា គម្រោង​ព្រែកជីក​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​រាប់​រយ រាប់ពាន់ និង​រាប់​ម៉ឺន​ឆ្នាំ​សម្រាប់​កម្ពុជា​ដើម្បី​ធានា​ថា កម្ពុជា​អាច​មាន​ផ្លូវ​ដឹកជញ្ជូន​ទៅកាន់​សមុទ្រ​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ដទៃ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ព្រែកជីក​នេះ​វា​នឹង​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ដ៏​ធំ​សម្រាប់​ទិសនិរតី​របស់​កម្ពុជា​ដែល​វា​ជួយ​បំពេញ​បន្ថែម​ទៅ​ឱ្យ​ការ​ទប់ស្កាត់ និង​រួមចំណែក​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​បង្កើត​នូវ​ស្ថានភាព​បៃតង​គ្រប់​រដូវ​កាល​នៅ​ទិសនិរតី​របស់​កម្ពុជា»។

លោក​ ហ៊ុន សែន ថ្លែង​ថា ការ​​គាំទ្រ «ពេញទំហឹង» ដល់​គម្រោង​អភិវឌ្ឍន៍​ព្រែកជីក​នេះ គឺ​ជា​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​មួយ​ទៀត​របស់​ប្រជាជន​ទាំងមូល ដូច​ទៅ​នឹង​ចលនា​ជាតិ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ចលនា​ជាតិ​ការពារ​ខឿន​សុខភាព​ប្រជាជន​នា​ពេល​កន្លង​មក។ 

លោក​បន្ថែម​ថា គម្រោង​ព្រែកជីក​នេះ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​កើត​ចេញ​ពី​មនសិការ និង​ឆន្ទៈ​របស់​កម្ពុជា​សុទ្ធសាធ ដែល​នឹង​ផ្ដល់​ផល​ចំណេញ​យ៉ាង​ធំ​ដល់​កម្ពុជា ដូចជា​ការ​ចំណេញ​ចម្ងាយ​ផ្លូវ​ដឹក​ជញ្ជូន ចំណេញ​ខាង​ការ​ប្រកួតប្រជែង​តម្លៃ បង្កើន​ប្រព័ន្ធ​ស្រោចស្រព និង​ការ​រំដោះ​ទឹកជំនន់ ជួយ​ពង្រីក​ការ ដាំដុះ​នៅ​ភាគ​និរតី ទទួល​បាន​ផល​នេសាទ និង​ពី​វារីវប្បកម្ម ព្រមទាំង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ។

លោក ហ៊ុន សែន ​ថ្លែង​ថា៖ «ព្រែកជីក​ហ្វូណន​តេជោ នឹង​ជួយ​ឱ្យ​កម្ពុជា​ពង្រឹង​នូវ​ឯករាជ្យ​ភាព​ខាង​នយោបាយ​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក។ ព្រែក​ជីក​នេះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​រំហូរ​ទឹក​ទន្លេ​មេគង្គ​ឡើយ»។

កាលពី​​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ លោក ហ៊ុន សែន បាន​ផ្ដល់​មតិ​​ឱ្យ​រាជរដ្ឋាភិបាល​ចាប់​ផ្ដើម​សាងសង់​ព្រែកជីក​នេះ​ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​បាន។

កាលពីថ្ងៃទី៦ ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ពី​ការ​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​នេះ​​នៅថ្ងៃទី៥ ​ខែ​សីហា ដោយ​មាន​វិនិយោគិន​ខ្មែរ​ចំនួន​ ៥១​ភាគរយ​ដែល​នឹង​​ចូលរួម​​វិនិយោគ​លើ​គម្រោង​​នេះ៕