ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ចាត់​ទុក​របាយការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ថា គ្រាន់​តែ​ជា​របាយការណ៍​នយោបាយ ដែល​បម្រើ​របៀបវារៈ​នយោបាយ ខ្វះ​សុក្រិតភាព ហើយ​មិន​ឆ្លុះ​បញ្ជាំង​ពី​កិច្ច​ខិត​ខំ​របស់​កម្ពុជា​ ក្នុង​ការ​ទប់​ស្កាត់​ និង​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​នេះ​នោះឡើយ។ 

អ្នក​នាំពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក​ទូច សុឃៈ​បញ្ជាក់ថា៖«កម្ពុជា​មិន​ព្រងើយ​កន្តើយ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ទេ​។ យើង​បាន​ធ្វើការ​ងារនេះ​ជា​ប្រក្រតី មិន​មែន​មាន​ន័យ​ថា​ព្រងើយ​កន្តើយ​ដូច​របាយការណ៍ ដូច​ការ​វិភាគ​យក​ចំណេញ​ណាមួយ​នៅក្នុង​ក្រមខណ្ឌ នៃបរិ​បទ​នយោបាយ​អន្តរជាតិ​នោះ​ទេ។ ហើយ ដាក់​ចំណាត់​ថ្នាក់​លើ​កម្ពុជា​មិន​មែន​ជា​រឿង​ថ្មី​ទេ»។ 

ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ ២០២៤ ដែល​កម្ពុជា​នៅ​តែ​បន្ត​រក្សា​ចំណាត់​ថ្នាក់​ទាប​បំផុត ​គឺ​លំដាប់​ទី​៣ (Tier 3)។

របាយការណ៍​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដារ​អប្បបរមា​ពេញលេញ​សម្រាប់​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​ទេ ហើយ​ក៏​មិន​បាន​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ធ្វើ​កិច្ចការ​នេះដែរ។ ទោះ​បី​ជា​ខ្វះ​កិច្ច​​ខិតខំ​ប្រឹងប្រែង​ក៏​ដោយ ក៏​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​មួយ​ចំនួន​ដែរ ដើម្បី​ដោះ​ស្រាយ​ការ​ជួញដូរ រួម​ទាំង​ការ​បើក​មជ្ឈមណ្ឌល​គាំ​ទ្រ​ជន​រងគ្រោះ​ សហការ​ជាមួយ​រដ្ឋាភិបាល​បរទេស​លើការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​បើក​វគ្គបណ្តុះ​បណ្តាល​ស្តី​ពី​អត្តសញ្ញាណ​ជន​រងគ្រោះ​ពី​ការ​ជួញ​ដូរ​តាម​អ៊ីន​ធឺណិត។ 

របាយការណ៍​បាន​សរសេរ​ថា៖«ទោះ​បីយ៉ាង​ណា​​ ក៏អំពើ​ពុករ​លួយ និង​សកម្មភាព​ពាក់​ព័ន្ធ ដែល​រួមមាន​ទាំង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​នៅ​តែ​រីករាល​ដាល និង​កើត​មាន​ក្នុង​អំឡុង​ពេល​ធ្វើ​របាយការណ៍​នេះ។ ក្នុង​នោះ​រួមមាន ការ​កេង​ប្រវ័ញ្ច​ជន​រងគ្រោះ​រាប់ម៉ឺន​នាក់​ក្នុង​បទឧក្រិដ្ឋ​ដោយ​បង្ខំ​ក្នុង​ការ​បោកប្រាស់​តាមអ៊ីនធឺណិត​នៅ​កម្ពុជា»។

ទោះ​យ៉ាង​ណា លោក​ទូច សុឃៈ យល់​ឃើញថា៖​«វា​ជា​រឿង​មួយ​ដែល​ពួក​គាត់​មើល​ពី​ចម្ងាយ​ មិន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​ដែនដី ហើយ​វាយ​តម្លៃ​មួយ​ដែល មិន​មាន​សុក្រិត​ភាព ដោយ​មិនមាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​ ក្នុង​ក្រប​ខណ្ឌ​មួយ​ដើម្បី​គោលដៅ​ចំណេញ​នយោបាយ ណា​មួយ​សម្រាប់​ជា​លក្ខខណ្ឌ ដើម្បី​ធ្វើ​កិច្ចការ​ងារ​សម្រប​សម្រួល ឬ​ក៏ចរចារ​ជជែក ជាមួយ​ភាគី​កម្ពុជា​ណា​មួយ»។ 

លោក​បាន​ស្នើឱ្យ​អ្នក​ធ្វើ និង​ចេញ​របាយការណ៍​នោះ ​គួរពិនិត្យ​ឡើងវិញ​ ដើម្បី​ឱ្យ​មាន សុក្រិតភាព មាន​គុណ​តម្លៃ​ ដែល​ធ្វើ​ឱ្យ​របាយការណ៍​របស់​ខ្លួន​ក្លាយ​ជា របាយការណ៍​មួយ​ដែល​គេ​ទទួល​ស្គាល់ ហើយ​យក​ទៅ​អនុវត្តបាន។ 

លោក​បាន​លើក​ឡើង​ថា អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ គឺខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្សព្វផ្សាយ អប់រំ ដើម្បី​បង្ការ​ទប់ស្កាត់​ការពារ​កុំ​ឱ្យ​កើត​នូវ​បទល្មើស​ជួញ​ដូរ​មនុស្ស ទៅ​តាម​កម្មវិធី​ផ្សេងៗ​នៅ​មូលដ្ឋាន។ លើស​ពី​នោះ​ក៏​មាន​ការ​ផលិត ​សារ​អប់រំ​ជាច្រើន​ទៀត​ផងដែរ។

សមត្ថកិច្ច​របស់​កម្ពុជា ជាពិសេស​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ បង្ក្រាប​ជា​រឿយៗ ដោយ​មិន​បង្អង់​ដៃ ឬ​ក៏​មិន​ផ្អាក​នៅ​ក្នុង​គ្រា​ណា​មួយ​នោះ​ទេ គឺ​ធ្វើ​ដូច​ភ្លៀង​រលឹម ជា​បន្តបន្ទាប់ តាម​មធ្យោបាយ ធ្វើការ​ស៊ើប​អង្កេត ស្រាវជ្រាវ​មុខ​សញ្ញា ដើម្បី​ឈាន​ទៅ​ដល់​ការ​ក្តាប់​បាន​នូវ​មុខ​សញ្ញា និង​គោលដៅ ហើយ​ឈាន​ទៅ​ដល់​ការ​បង្រ្កាប​បាន​ជា​បន្តបន្ទាប់​តែម្តង។ 

ក្រសួង​ក៏​បាន​ធ្វើ​ការងារ​ជាមួយ​តាម​រោងចក្រ​សហគ្រាស សិប្បកម្ម ផ្សេងៗ​ដទៃ​ទៀត ឬ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នានា ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ពីបញ្ហា​ជួញដូរ​កម្លាំង​ពលកម្ម ​ឬ​ក៏​ជួញដូរ​មនុស្ស​ផងដែរ។ 

ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោកស សុខាតែងតែ​ដឹកនាំ​ចង្អុល​បង្ហាញ និង​តាមដាន​ស្ថានភាព​ជា​ប្រចាំ​រាល់​ ប្រ​ជុំជា​មួយ​នឹង​អភិ​បាលខេត្ត តាមវេទិកា កិច្ចប្រជុំនានា​ជាមួយ​នឹង​សមត្ថកិច្ច នគរបាល​គ្រប់​លំដាប់​ថ្នាក់ និង​តាមក្រុមប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ​ ដើម្បី​ដាក់​ចេញ​នូវ​យន្តការនានា នៅ​ក្នុង​ការ​បង្ការទប់​ស្កាត់ និង​បង្រ្កាប ឱ្យ​បាន​ទាន់​ពេល​វេលា។

លោកបានឱ្យដឹងថា ក្រៅ​ពី​នោះ ក៏មាន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​តាមរយៈ​អង្គទូត​នានា​នៅ​កម្ពុជា។  ពេល​ជួប​សំណេះ​សំណាល​កន្លងមក​ លោក ឧបនាយករដ្ឋមន្រ្តី តែង​តែ​លើក​ឡើង ពីការ​ប្រ​ឆាំង និង​ការ​ជួញ​ដូរមនុស្ស ពី​យន្ត​ការនានា ពី​ប្រសិទ្ធភាព​នៃការ​បង្រ្កាប ហើយបណ្តា​ទូត​ដែលបាន​ជួបនោះ​ក៏ បានលើក​នូវ​ការ​កត់​សម្គាល់​ថា កម្ពុជា​ពិតជា​បានធ្វើ​កិច្ចការ​ងារនេះ​មែន ទោះបីជា ជន​ល្មើស​មាន​ឧបាយកល ឬនៅ​តែលប​លួចធ្វើសកម្មភាព។ 

អង្គទូតទាំងនោះ បាន​បន្តការសហការ ក្នុងការរួមគ្នា​ប្រយុទ្ធ​ប្រឆាំងការ​ជួញដូរ​មនុស្ស​នេះ​ឱ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ព្រោះ​រដ្ឋភាគីទាំង​អស់​ក្នុងពិភពលោក បាន​ទទួល​ស្គាល់ថា​ អំពើ​ជួញដូរមនុស្ស គឺ​ជាបទល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ឬគឺ​ជាបទ ល្មើស​អន្តរជាតិ ដែល​មិនមែន​ជាបន្ទុក​នៃរដ្ឋណាមួយ​នោះទេ។

ជាការ​ពិត ក្នុងដែន​ដីនៃ​រដ្ឋមួយ គឺរដ្ឋនោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ហើយ ប៉ុន្តែ​បើ​សិន ជា​មិនរួមគ្នា​នៅក្នុង​ការ​ទប់ស្កាត់ បង្រ្កាប​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ វាមាន​គ្រោះ​ថ្នាក់​ទាំង​អស់​គ្នា ដោយ​សារតែ​ជនល្មើស​មាន​ឧបាយកលថ្មីៗ​ក្នុងការ​ប្រព្រឹត្ត​បទ​ល្មើស។ 

លោក​បាន​ថ្លែងដូច្នេះ​ថា៖«មិនមែន​មានន័យ​ថា​សមត្ថកិច្ច​របស់​កម្ពុជា ព្រងើយ​កន្តើយ ឬ ក៏បង្ក​លក្ខណៈឱ្យ​មានបទ​ល្មើស​ជូន​ដូរ​មនុស្ស​នេះទេ… មិន​មែន​តែ​កម្ពុជា​មួយ​នោះ​ទេ គឺ​បណ្តា​រដ្ឋជា​ច្រើន​ទៀត សូម្បី​តែ​ប្រទេស​មហាអំណាច​ក៏នៅ​តែមាន​ការ​ជួញ​ដូរ​មនុស្ស ដដែល​ដែរ»៕