
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ជួបជាមួយពលរដ្ឋរងគ្រោះជាលើកទី២ ចំនួន ២៦៧រូប ដែលរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន សុីធី វើលដ៍ ឯ.ក របស់អតីតឧកញ៉ា ឡេង ចាន់ណា។ រូបថត គី តិច
ភ្នំពេញៈ នាពេលបច្ចុប្បនេះ មានក្រុមហ៊ុនក្នុងទម្រង់សណ្ឋានដូចនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណាផ្សេងទៀត ដែលលួចលាក់ធ្វើសកម្មភាព ដើម្បីបោកប្រាស់ពលរដ្ឋ ដែលមិនសូវបានគិតពិចារណាឱ្យបានត្រឹមត្រូវ។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ដ្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងឱកាសជួបពលរដ្ឋជាលើកទី២ ចំនួន ២៦៧រូបមកពីច្រើនខេត្ត។
ក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ក្នុងរាជធានីភ្នំពេញនោះផងដែរ លោក គី តិច បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការវិនិយោគលើគម្រោងបែបនេះ។
លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ «ខ្ញុំក៏សុំធ្វើសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបច្ចុប្បន្ននេះ យើងឃើញមានក្រុមហ៊ុន ទម្រង់សណ្ឋានដូចហ្នឹង នឹងមានបន្តលួចលាក់ធ្វើតទៅទៀត។ អញ្ជឹងសូមបងប្អូនប្រជាពលរដ្ឋពិចារណាឱ្យមែនទែន មុននឹងធ្វើអ្វីក៏ដោយ គឺត្រូវពិចារណា»។
លើសពីនោះ លោកក៏បានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយសហការទប់ស្កាត់ ប្រសិនបើឃើញក្រុមហ៊ុនណាធ្វើសកម្មភាពខុសពីច្បាប់ ឬមិនទាន់មានច្បាប់អនុញ្ញាត ដើម្បីកុំឱ្យកើតមានបញ្ហាបែបនេះតទៅទៀត នាពេលអនាគត។
ពលរដ្ឋអាយុ ៤៨ឆ្នាំម្នាក់ក្នុងខេត្តសៀមរាបបានអះអាងថា លោកបានដាក់ប្រាក់វិនិយោគជាមួយនឹងក្រុមហ៊ុននេះជាបន្តបន្ទាប់សរុបជិត ៣ម៉ឺនដុល្លារអាមេរិកកាលពីឆ្នាំ ២០២២។ ដំបូងឡើយលោកបានដាក់ប្រាក់វិនិយោគសាកល្បងតែជាង ១ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែដោយសារតែក្រុមហ៊ុនធ្វើឱ្យមានទំនុកចិត្តខ្លាំងពេក លោកក៏បានទៅខ្ចីប្រាក់ពីធនាគារជិត ២ម៉ឺនដុល្លារដោយយកប្លង់ដីទៅតម្កល់។
លោកថា លោកក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតបានឃើញការបើកសម្ភោធក្រុមហ៊ុន និងគម្រោងពិតប្រាកដមែន យ៉ាងធិកអធម និងមានអ្នកចូលរួមសុទ្ធតែជាអ្នកមានមុខមានមាត់ និងមានងារជាឯកឧត្តម្ភខ្លះផង។ ក្រោយពីនោះ ក្រុមហ៊ុនបានរៀបចំការជួបប្រជុំជាមួយពលរដ្ឋជាច្រើនលើកច្រើនសារ ដើម្បីប្រាប់ពលរដ្ឋពីគម្រោងត្រូវការលុយយកទៅវិនិយោគរបស់ក្រុមហ៊ុន។ ក្នុងនោះរួមមាន គម្រោងលក់ផ្ទះ លក់រថយន្ត ទឹកសុទ្ធ និងបើកផ្សារដែលមាននាំផលិតផលពីប្រទេសថៃយកមកលក់ជាដើម។

ក្រុមមេធាវីរាជរដ្ឋាភិបាល ជួបជាមួយពលរដ្ឋរងគ្រោះជាលើកទី២ ចំនួន ២៦៧រូប ដែលរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន សុីធី វើលដ៍ ឯ.ក របស់អតីតឧកញ៉ា ឡេង ចាន់ណា។ រូបថត គី តិច
លោកបាននិយាយថា៖«ខ្ញុំបានទៅរៀនជាមួយក្រុមហ៊ុនជាង ៣០ដងឯងនោះ។ សុទ្ធតែស្បថស្បែ បងប្អូនមិនរត់ចោលគ្នា។ បង្កើតបទចម្រៀង «ដៃដែលខ្ញុំត្រូវការ និងមិត្តស្លាប់រស់»។ គេធ្វើម៉ាទំហឹងណា។ មិនមែនធ្វើលេងៗមកយកលុយយើងបានឯណា។ យើងឆែកមើលប្រូហ្វាលគាត់ទៅ ឃើញទៅប្រទេសនេះប្រទេសនោះ ជាអ្នកមានមុខមានមាត់ដែរ ឃើញកិច្ចការគេល្អៗចឹង។ ចុងក្រោយឃើញគេធ្វើច្បាស់លាស់បានវិនិយោគរហូតរាប់ម៉ឺន [ដុល្លារ]ហ្នឹង»។
លោកបានអះអាង ការដាក់ប្រាក់វិនិយោគនោះ មិនមែនសម្រេចចិត្តភ្លាមៗ ដោយសំឡឹងមើលឃើញតែការប្រាក់នោះទេ។
លោកថា ក្នុងមួយខែលោកបង់សងធនាគារវិញចំនួន ៦០០ដុល្លារ ប៉ុន្តែលោកខានបង់ជាង ៤ខែមកហើយ។ ពេលនេះកំពុងតែប្រឈមនឹងការរឹបអូសយកដីដែលដាក់ប្លង់នៅធនាគារនោះ។
លោក លីវ សុខុន អ្នកនាំពាក្យរងទី៣ នៃរដ្ឋបាលខេត្តសៀមរាប និងជាទីប្រឹក្សាក្រសួងព័ត៌មានបានឱ្យដឹងថា ក្រោយពីមានបញ្ហាឆបោករបស់ក្រុមហ៊ុននេះរួចមក អាជ្ញាធរខេត្ត រួមនឹងអ្នកពាក់ព័ន្ធបានធ្វើការជួបប្រជុំដោះស្រាយ និងផ្សព្វផ្សាយជូនពលរដ្ឋជាច្រើនដងឱ្យមានការយល់ដឹង រហូតដល់ពេលបច្ចុប្បន្ននេះ។
លោកបានមានប្រសាសន៍ថា៖ «យើងបានធ្វើការផ្សព្វផ្សាយច្រើនមែនទែន...គាត់បានដឹងតាមរយៈហ្នឹងផង តាមរយៈការដឹងពីគ្នាគាត់ក្នុងស្រុកភូមិពីចំណុចគេបោកហ្នឹងច្រើនផង»។
លោកក៏បានអះអាងផងដែរថា ក្រៅពីក្រុមហ៊ុន ឡេង ចាន់ណា ក្នុងខេត្តសៀមរាប គឺមិនមានក្រុមហ៊ុនណាផ្សេងមានបញ្ហាបែបនេះនោះទេ ហើយបើមានក្រុមហ៊ុនណាមានបំណងចង់បោកបែបនេះទៀត ក៏គ្មានពលរដ្ឋទៅចូលរួមច្រើនទៀតដែរ។
លោកបានលើកឡើងផងដែរថា ពលរដ្ឋមិនគួរដាក់ការជឿជាក់លើក្រុមហ៊ុនណាមួយទាំងស្រុង ដោយសារតែឃើញមានអ្នកធំនៅពីក្រោយ រឺម្ចាស់ក្រុមហ៊ុនមានថតរូបជាមួយនឹងអ្នកធំណាម្នាក់នោះទេ។ ប៉ុន្តែត្រូវតែមានការយល់ដឹងឱ្យបានទូលំទូលាយ ហើយកុំគិតឃើញតែពីចំណុចវិជ្ជមាន។ ដូចជាចំណុចដែលក្រុមហ៊ុនផ្តល់ការប្រាក់ខ្ពស់ជាដើម។
លោកថា ភាពលោភលន់របស់ពលរដ្ឋខ្លះក៏បណ្តាលឱ្យមានគ្រោះថ្នាក់ និងបាត់បង់ប្រយោជន៍ផងដែរ។
កាលពីសប្តាហ៍មុន ពលរដ្ឋចំនួន ២៤៨នាក់បានជួបក្រុមមេធាវីជាលើកទី១ រួចទៅហើយ ដើម្បីដាក់ពាក្យផ្ទេរសិទ្ធិ ក្នុងដំណើរការស្វែងរកយុត្តិធម៌ និងសំណងពីក្រុមហ៊ុននេះ។
លោកទេសរដ្ឋមន្ដ្រី គី តិច ក៏បានថ្លែងក្នុងជំនួបលើកទី២នោះផងដែរថា លោកនឹងដឹកនាំក្រុមមេធាវីរដ្ឋាភិបាល ជួបជាមួយនឹងពលរដ្ឋពី៤ ទៅ៥លើកទៀត ដើម្បីឱ្យពលរដ្ឋ និងមេធាវីមានឱកាសជួបគ្នា ហើយទទួលបានព័ត៌មានផ្ទាល់តែតែម្តង។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តថានឹងដឹកនាំក្រុមមេធាវីរដ្ឋាភិបាល ដើម្បីបំពេញភារកិច្ច ជួយការពារប្រជាពលរដ្ឋ ដែលរងគ្រោះនេះឱ្យអស់ពីលទ្ធភាពទៅតាមនីតិវិធីនៅតុលាការ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ»៕