បន្ទាប់ពី​ការ​ចុះ​ប្រមូល​ទូរស័ព្ទ​ពី​ហាង​លក់​ទូរស័ព្ទ​មួយ​ចំនួន​ នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​នៅ​សប្ដាហ៍​មុន អាជីវករ​ដែល​មាន​ទូរស័ព្ទ​ត្រូវ​បាន​ប្រមូល​យក កំពុង​រង់ចាំ​ការ​បញ្ជូន​ត្រឡប់​មកវិញ​នូវ​ទូរស័ព្ទ​មួយ​ទឹក​ និង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ដែល​នាំចូល​ទូរស័ព្ទ​ថ្មី​អត់​បាន​បង់ពន្ធ ​ជួយ​ដោះស្រាយ​រឿង​ពន្ធ​ឲ្យ​បាន​លឿន។

កាល​ពី​ថ្ងៃទី៣១ ខែឧសភា មាន​ការ​ផ្ទុះ​ព័ត៌មាន​អំពី​តម្លៃ​ពន្ធ​ទូរស័ព្ទ​ Nokia សេរីទាប​ ដែល​ពលរដ្ឋ​តែង​ហៅ​ថា អិន​ចុច​ពិល ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ថា ពន្ធ​សម្រាប់​ទំនិញ​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៩៣​ដុល្លារ​អាមេរិក ហើយ​មន្ត្រី​គយ​បាន​ប្រមូល​យក​ទូរស័ព្ទ​ទាំង​ចាស់​ទាំង​ថ្មី​យក​ទៅ​ពិនិត្យ​អនុលោមភាព។

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី៣ ខែឧសភា​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​លើ​ការ​រឹបអូស​ទូរស័ព្ទ​មួយ​ទឹក ដែល​មន្ត្រី​គយ​បាន​ប្រមូល​ទៅ​ទេ។ នេះ​បើ​តាម​អ្នកស្រី​ រដ្ឋា ដែល​ជា​ម្ចាស់​ហាង​រដ្ឋា​មេមត់។

អ្នកស្រី​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ហ្វ្រេសញូវ​ដែរ​ថា ទូរស័ព្ទ​ចំនួន​ ៦៥២​គ្រឿង​ទាំង​ចាស់​និង​មួយ​ទឹក ត្រូវ​បាន​គយ​ប្រមូល​យក​ទៅ​ត្រួត​ពិតិត្យ​ថា​តើ​ទូរស័ព្ទ​ទាំង​នោះ​បាន​បង់​ពន្ធ​ត្រឹម​ត្រូវ​ឬ​អត់។ ក្នុង​នោះ មាន​ទូរស័ព្ទ​ថ្មី​តែ ៦៤​គ្រឿង​ប៉ុណ្ណោះ ចំណែក​ទូរស័ព្ទ​មួយ​ទឹក​មាន​ចំនួន ៥៨៨​គ្រឿង។

អ្នកស្រី​និយាយ​ថា ពេល​ទិញ​ទំនិញ​ទាំង​នោះ​ពី​ក្រុមហ៊ុន អ្នកស្រី​មិនដឹង​របស់​ទាំង​នោះ​បាន​បង់​ពន្ធ​រួច​ហើយ ឬ​យ៉ាង​ណា​ទេ ព្រោះ​ទិញ​ពី​ក្រុមហ៊ុន​ផ្ទាល់។ ចំណែក​មួយ​ទឹក គឺ​ជា​ការ​ទិញ​ដូរ​ពី​អ្នក​ប្រើ​ប្រាស់​ផ្ទាល់ ហើយ​មិន​ដឹង​ថា ទំនិញ​ទាំង​នោះ​មាន​ពន្ធ​ឬ​អត់​ទេ។

អ្នកស្រី​ថា ហាង​អ្នកស្រី​មិន​មាន​លក់​ទូរស័ព្ទ Nokia ចុចពិល ដែល​មាន​ការ​ចែកចាយ​ព័ត៌មាន​ថា​ត្រូវ​បង់ពន្ធ​ ៩៣​ដុល្លារ​នោះ​ទេ​ព្រោះ​លក់​អត់​ដាច់។

ឆ្លើយ​តប​បញ្ហា​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់​ថា មន្ត្រី​គយ​ក្នុង​តំបន់​ប្រមូល​ទូរស័ព្ទ​ថ្មី​ចំនួន ៣៦៥​គ្រឿង និង​ទូរស័ព្ទ​ប្រើ​រួច​ចំនួន ៩៥៥​គ្រឿង ដែល​ពុំ​មាន​បិទ​ត្រា​ពន្ធគយ និង​គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ស្រប​ច្បាប់។ ទំនិញ​ថ្មី​ដែល​មិន​បាន​បង់​ពន្ធ​នឹង​ត្រូវ​រក្សា​ទុក​ដោះស្រាយ​តាម​នីតិវិធី ចំណែក​ទំនិញ​ទិញ​លក់​ក្នុង​ស្រុក ឬ​ទូរស័ព្ទ​មួយ​ទឹក​នឹង​ត្រូវ​ប្រគល់​ឲ្យ​អាជីវករ​វិញ។

ម្ចាស់ហាង​លក់​ទូរស័ព្ទ​ដែល​ពាក់​ព័ន្ធ​បាន​ស្នើ​សុំ​ដំណោះស្រាយ​ចំពោះ​ទូរស័ព្ទ​ដែល​ទិញ​ពី​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​ឲ្យ​បាន​ឆាប់​ដើម្បី​បាន​របស់​ទាំង​នោះ​មក​លក់​បន្ត​ទៀត។ ពួក​គេ​ក៏​ចោទ​ជា​ចម្ងល់​ដែរ​ថា តើ​ពួក​គេ​ត្រូវ​ធ្វើ​ដូចម្ដេច​នៅ​ពេល​ទិញ​ទូរស័ព្ទ​មួយ​ទឹក។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ រដ្ឋា និយាយ​ថា៖ «ខ្ញុំ​សុំ​បញ្ជាក់​ថា ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ដឹង​ថា ទូរស័ព្ទ​មួយ​ទឹក​បង់ពន្ធ​ហើយ​ ឬ​មួយ​មិន​ទាន់​បង់។ ព្រោះ​ខ្ញុំ​អ្នក​លក់ ខ្ញុំ​លក់​ជាង​១០​ឆ្នាំ​ហើយ តែ​អត់ដឹង​សោះ។ បើ​ថ្មី យើង​ឃើញ​នៅ​លើ​ប្រអប់​មាន​បិទ​តែម​ពន្ធ តែ​មួយ​ទឹក ខ្ញុំ​អត់​ដឹង​ថា​មួយ​ណា​ដែល​បង់​ពន្ធ​រួច ហើយ​មួយ​ណា​អត់​ទាន់​បង់»។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ពន្យល់​អំពី​កាតព្វកិច្ច​បង់​ពន្ធ និង​រាយការណ៍​អំពី​ទំនិញ​នាំចូល​ទាំង​អស់ ដោយ​ទំនិញ​នាំ​ចូល​ត្រូវ​ប្រកាស​ដោយ​ម្ចាស់​ទំនិញ​ទៅ​តាម​ចំណាត់​ថ្នាក់​តាម​តារាង​ពន្ធគយ និង​ត្រូវ​រក្សា​ទុក​ឯកសារ​រយៈ​ពេល ១០​ឆ្នាំ។

សម្រាប់​អាជីវករ ពួកគេ​ត្រូវ​តែ​ចែកចាយ​តែ​របស់​ដែល​បាន​បង់​ពន្ធ​ត្រឹម​ត្រូវ ហើយ​ត្រូវ​ទាមទារ​ឯកសារ​បង់ពន្ធ​ត្រឹម​ត្រូវ​ និង​មាន​ត្រា​បិទ​នៅ​លើ​កេស​សំបក​វេច​ខ្ចប់។

ចំណែក​អ្នក​ទិញ​ទៅ​ប្រើ​ប្រាស់​ត្រូវ​ទិញ​តែ​ទំនិញ​នាំ​ចូល​ស្រប​ច្បាប់​ដែល​មាន​បិទ​ត្រាគយ​ច្បាស់​លាស់។

អគ្គនាយកដ្ឋាន​គយ​ ក៏​បញ្ជាក់​ដែរ​ថា សម្រាប់​អ្នក​ដឹក​និង​ចែក​ចាយ​ទំនិញ ត្រូវ​មាន​ឯកសារ​បញ្ជាក់​ថា ទំនិញ​ដែល​ពួក​គេ​កំពុង​ធ្វើ​ចរាចរ​គឺ​ជា​ទំនិញ​ស្រប​ច្បាប់​ ដោយ​មាន​ឯកសារ​ពន្ធ​គយ។

អគ្គនាយកដ្ឋាន​បញ្ជាក់​ដូច្នេះ៖ «ត្រូវ​យល់​ថា ការ​កាន់កាប់ លក់ ទិញ ផ្ទេរ ឬ​ទទួល​ទំនិញ​នាំ​ចូល​មិនស្រប​ច្បាប់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​គយ ត្រូវ​ចាត់ទុក​ថា​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ស្ដី​ពី​គយ»។

លោក មាស សុខសេនសាន អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ជា​ក្រសួង​គ្រប់គ្រង​ទៅ​លើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ថ្លែង​ថា អគ្គនាយកដ្ឋាន​គយ​និង​ពន្ធដារ បាន​ពន្យល់​ច្បាស់​ហើយ ហើយ​ការ​ចុះ​ពិនិត្យ​លើ​អនុលោម​ភាព​របស់​មន្ត្រី​គយ​សុទ្ធ​តែ​មាន​ការ​អនុញ្ញាត​ទៅ​តាម​ច្បាប់។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ចំពោះ​ទូរស័ព្ទ​មួយ​ទឹក អាជ្ញាធរ​គួរ​តែ​ប្រគល់​ទៅ​ឲ្យ​អាជីវករ​វិញ​ឲ្យ​បាន​ឆាប់ ព្រោះ​ទំនិញ​ទាំង​នោះ​បាន​បាត់​ឯកសារ​ពន្ធ ឬ​ឯកសារ​ទិញ​លក់​អស់​ហើយ។

លោក​ថា៖ «ទូរស័ព្ទ​មួយ​ទឹក​ឬ​ចាស់​ដែល​គាត់​យក​មក​លក់​ ឬ​ដូរ​សេរី​អី​នោះ គួរ​តែ​មាន​វិធានការ​ដោះស្រាយ​ជូន​អាជីវករ​ទៅ ជៀសវាង​ការ​ទុក​បង្កក​របស់​គាត់ ហើយ​ទម្រាំ​ធ្វើ​ឯកសារ ធ្វើ​ការ​ដោះស្រាយ​រួច ធ្វើ​ឲ្យ​ពួកគាត់ (អាជីវករ) មាន​ការ​អាក់​អន់​ចិត្ត ហើយ​ក៏​មិន​មែន​ជា​មធ្យោបាយ​សម្រាប់​មន្ត្រី​មាន​សមត្ថកិច្ច​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់»។

លោក​​បន្ត​ថា ករណី​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូង​ឃ្មុំ អាច​ជា​ករណី​សិក្សា​មួយ​ដែល​គួរតែ​​ឈាន​ដល់​ការ​តម្រូវ​ឲ្យ​មាន​សំបុត្រ​ទិញ​លក់​របស់​មួយ​ទឹក ដើម្បី​ជៀសវាង​ការ​ទិញ​របស់​​បាន​ពី​ផល​នៃ​ចោរកម្ម។

ចំពោះ​ទូរស័ព្ទ​ ឬ​ទំនិញ​ថ្មី លោក វណ្ណៈ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ អាជីវករ អ្នក​នាំ​ចូល​ទាំង​អស់​គោរព​ច្បាប់ ដូចជា​អាជីវករ​ត្រូវ​ពិនិត្យ​មើល​ឯកសារ​បង់ពន្ធ​នៅ​ពេល​ពួកគេ​ទិញ​ទំនិញ​ទៅ​លក់​បន្ត ចំណែក​អ្នក​ទិញយក​ទៅ​ប្រើ​ប្រាស់​ត្រូវ​ពិនិត្យ​ថា​របស់​នោះ​បាន​បង់​ពន្ធ​ឬ​អត់ ដូចជា​ពន្ធ​តម្លៃ​បន្ថែម (VAT)។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ចំណុច​ដែល​សំខាន់​នោះ​គឺ តើ​ហេតុ​អ្វីបាន​ជា​ទំនិញ​ទាំង​នេះ​អាច​រួច​ពន្ធ ហើយ​នាំ​ចូល​តាម​ណា ពី​ប្រភព​ណា ដឹក​តាម​ណា ចូល​មក​កម្ពុជា​យើង។ យើង​មាន​ច្រក​ព្រំដែន​គោក ទឹក អាកាស តែ​ត្រូវ​មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ជា​ពិសេស​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដូចជា​ប៉ូលិស គយ ជាដើម ថា​តើ​ទំនិញ​នេះ​ចេញ​ពី​កន្លែង​ណា»។

លោក​ថា ទំនិញ​គេច​ពន្ធ​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ទាំង​អាជ្ញាធរ​គ្រប់គ្រង​ផ្នែក​គយ និង​ពលរដ្ឋ​ អាជីវករ និង​អ្នក​នាំ​ចូល​ដែល​មាន​កាតព្វកិច្ច​បង់​ពន្ធ។

លោក​ថា៖ «ប្រសិន​បើ​រដ្ឋ​អំណាច​យើង​​គ្រប់​គ្រង​បាន​ល្អ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ពាក់​ព័ន្ធ​ ជាពិសេស​គយ​ និង​អាជ្ញាធរ​តាម​ច្រក គ្រប់គ្រង​ជាប់ និង​បិទ​បាន​ល្អ ផលិតផល​ទាំង​នោះ​មិន​ធ្លាក់​ដល់​ទីផ្សារ​ទេ។ ហើយ​បើ​អាជីវករ​យល់​ថា របស់​រួច​ពន្ធ​គាត់​មិន​ទិញ ពួក​គយ​ អាជ្ញាធរ និង​អ្នក​​មាន​ឧបាយ​ផ្សេងៗ​ក៏​មិន​ហ៊ាន​យក​មក​លក់​ដែរ ព្រោះ​អាជីវករ​អត់​ទិញ»។

លោក ស៊ិន ចន្ធី អគ្គនាយក​ក្រុមហ៊ុន​ ឡាញហល អិចប្រេស ​និង​ជាប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែង​ថា រាល់​ទំនិញ​ដែល​ត្រូវ​បង់​ពន្ធ ដោយ​មិន​គិត​ពីទំនិញ​ដែល​មាន​ការ​លើក​លែង​ពន្ធ ឬ​វត្ថុធាតុ​ដើម​ហើយ​ត្រូវ​នាំ​ចេញ​ទៅ​វិញ​ដោយ​ការ​អនុគ្រោះ​ពន្ធនោះ​ គ្រាន់តែ​​ត្រូវ​ការ​លិខិត​អនុញ្ញាត​នាំចូល​នាំ​ចេញ​ប៉ុណ្ណោះ។ ប៉ុន្តេ សម្រាប់​ទំនិញ​បង់​ពន្ធ ជាទូទៅ​គឺ​ត្រូវ​បង់​ពន្ធ​នៅ​មាត់​ច្រក​ចូល​តែ​ម្ដង។

លោក​ថ្លែង​ថា៖ «ឧទាហរណ៍​ បើ​ទំនិញ​នាំ​ចូល​តាម​កំពង់​ផែ យើង​ត្រូវ​បង់​ពន្ធ​នៅ​កំពង់​ផែ បើ​ទំនិញ​នោះ​ចូល​តាម​មាត់​ច្រក​ព្រំដែន ទំនិញ​នោះ​ត្រូវ​បង់​នៅ​ព្រំដែន។ បើ​នាំ​ចូល​តាម​ព្រលាន​យន្ត​ហោះ គឺ​ត្រូវ​បង់​នៅ​ព្រលាន​យន្ត​ហោះ​តែ​ម្ដង»៕

ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​គយ ថា​តើ​ពេល​ណា​ពួក​គេ​នឹង​ប្រគល់​ទូរស័ព្ទ​ប្រើ​រួច​ដែល​បាន​រឹប​អូស​នោះ​ទៅ​ឲ្យ​អាជីវករ​វិញ​ទេ៕