ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងប្រកាសខេត្តចំនួន ៦ទៀត ជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលត្រឹមឆ្នាំ ២០២៤ នេះ ដែលធ្វើឱ្យចំនួនខេត្តដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល សរុបកើនដល់ ១៣ ខេត្តលើ២៥ រាជធានី-ខេត្ត។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ដែលបានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទ» នាថ្ងៃទី៤ ខែមិថុនានេះ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តចំនួន ៧ហើយ ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលរួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងកែប។ រីឯ ខេត្តដែលគ្រោងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនាពេលខាងមុខរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប រតនគិរី និងព្រះសីហនុ។
ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រះសីហនុគ្រោងនឹងធ្វើការប្រកាសខេត្តព្រះសីហនុជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅថ្ងៃទី១៣ ខែមិថុនា សប្តាហ៍ក្រោយនេះ។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«អញ្ជឹងខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនឹងកើនឡើងដល់ ១៣[ត្រឹមបំណាច់ឆ្នាំនេះ] ហើយប្រាកដហើយថា ចុងអាណត្តិនេះ គឺគ្រប់ខេត្តទាំងអស់នឹងទទួលបានជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលតែម្តង»។
លោក ឡុង ឌីម៉ង់ ជាអភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា នេះជាជោគជ័យមួយផងដែរ របស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តទៅតាមផែនការ និងយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ និងបង្កើតឱ្យមានស្តង់ដារបង្គន់អនាម័យឱ្យបានត្រឹមត្រូវ។ ក្រៅពីនោះ រដ្ឋបាលខេត្តបានអប់រំផ្សព្វផ្សាយជូនដល់ពលរដ្ឋឱ្យចេះប្រើប្រាស់បង្គន់ ដែលមានលក្ខណៈស្តង់ដារ ដើម្បីកាត់បន្ថយការបន្ទោរបង់ពាសវាលពាសកាល ហើយចុងក្រោយគឺឈានទៅដល់ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលតែម្តង។
លោកបញ្ជាក់ថា៖ «ការបន្ទោរបង់ពាសវាលពាសកាលវាធ្វើឱ្យមានការប៉ះពាល់ដល់អនាម័យ បរិស្ថាន សោភណ្ឌភាព ហើយនិងសុខភាពផងដែរ»។
កាលពីខែសីហា ឆ្នាំ២០២៣ កន្លងមក ខេត្តកែបត្រូវបានប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្រោមអធិបតីភាពអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន។
លោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានថ្លែងថា ការកែលម្អលក្ខខណ្ឌការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទតាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យ គឺជាការងារអទិភាពទី២ របស់ក្រសួងដែលបានកំពុងតែអនុវត្ត ។ ការផ្តល់បង្គន់អនាម័យជូនពលរដ្ឋក៏ត្រូវបានធ្វើឡើងជាច្រើនផងដែរ។ ចាប់តាំងឆ្នាំ ២០២៣ ដល់ពេលបច្ចុប្បន្ននេះ ក្រសួងបានផ្តល់បង្គន់អនាម័យតាមខ្នងផ្ទះចំនួន ២៨ ០០០ ហើយបង្គន់អនាម័យប្រើប្រាស់រួម ៧៣កន្លែង និងកន្លែងលាងសម្អាតដៃបានចំនួន ២ ៤០០កន្លែង។ ក្រៅពីនោះ ក្រុមការងាររបស់ក្រសួងក៏បានចុះធ្វើការអប់រំពីអនាម័យចំនួន ៣១៣លើក ដែលមានអ្នកចូលរួមប្រមាណជា ១៦ ០០០នាក់ផងដែរ។
ក្នុងការងារផ្គត់ផ្គង់ទឹកស្អាត រយៈពេលជាង ៩ខែមកនេះ ក្រសួងបានសាងសង់អណ្តូងស្នប់ជាង ២ពាន់ ស្រះទឹកសហគមន៍បានចំនួន ៣១៦ស្រះ អាងត្រងទឹកភ្លៀងបាន ១០៥អាង ស្ថានីយ៍ផលិតទឹកបរិភោគសហគមន៍ចំនួន២ ហើយប្រព័ន្ធចែកចាយតាមប្រព័ន្ធខ្នាតតូចសហគមន៍បាន ១២៧កន្លែង។ រហូតមកដល់ពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់ទឹកស្អាតមាន ៨៣,៣ភាគរយហើយនៅទូទាំងប្រទេស។
លោកប្រសាសន៍ដូច្នេះថា៖«ឥឡូវបង្គន់១ ផ្ទះ១បាត់ហើយ។ ផ្ទះខ្លះប្រើបង្គន់រួមគ្នា ផ្ទះខ្លះមានបង្គន់លើសពី១ដែរនៅតំបន់ជនបទ។ ខ្ញុំចុះរយៈពេល ៨ខែនេះ ភ្ញាក់ផ្អើលត្រង់ថា ផ្ទះណាក៏មានបន្ទប់ទឹក មានបង្គន់ប្រើប្រាស់ អញ្ជឹងអត្រាគ្របដណ្តប់តាមការស្រាវជ្រាវ ធ្វើកំណត់ត្រា វាយតម្លៃកន្លងមកគឺបានរហូតទៅដល់ ៨៦,៦ភាគរយ...អញ្ជឹងនៅឆ្នាំ ២០៣០នេះ ជាគោលដៅគឺយើងត្រូវសម្រេចឱ្យបាន ១០០ភាគរយ»។
លោករដ្ឋមន្រ្តីបានលើកឡើងថា កាលណាពលរដ្ឋមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ នោះវាប្រាកដណាស់ថា ពួកគាត់មិនទៅបត់ជើងបត់ដៃពាសវាលពាសកាលទៀតនោះទេ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «អញ្ជឹងការដែលយើងបានលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលនេះ យើងចៀសផុតពីជំងឺឆ្លង យើងថែរក្សាបាននូវសុខភាពល្អ។ លើសពីនោះការទទួលទានទឹកស្អាតធ្វើឱ្យកុមារទទួលបាននូវIQខ្ពស់ទៀតផង។ អញ្ជឹងយើងទទួលបាននូវពលរដ្ឋដែលមានភាពវៃឆ្លាត ដែលជាធនធានមនុស្ស ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត»។ ផ្ទុយទៅវិញ បើគ្មានបង្គន់ និងទឹកស្អាតប្រើប្រាស់នោះទេ ពលរដ្ឋអាចប្រឈមនឹងបញ្ហាសុខភាព ដូចជាមានជំងឺ បណ្តាលឱ្យខាតបង់ការរកស៊ីចិញ្ចឹមជីវិត ខាតប្រាក់សម្រាប់ព្យាបាលជំងឺ និងត្រូវការអ្នកមើលថែទាំជាដើម៕