ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​បាន​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ច្រើន​លើសលប់​ចំនួន​៥០៤ ខណៈគណបក្ស​ឆន្ទៈ​ខ្មែរទទួល​បាន ៤៧​អាសនៈក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៥៥៩ នៅក្នុងការឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ប្រមាណ​ជាង​១​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​លទ្ធផល​ផ្លូវការ​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

គ.ជ.ប បាន​ប្រកាសនា​ថ្ងៃ​ទី​៤ មិថុនា ​ថា ចំនួន​អ្នក​បោះឆ្នោត​ជាង ​៩៩,៧​ ភាគរយ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឬ​ស្មើនឹង​ចំនួន​ ១១ ៥៩៨ នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ១១ ៦២២ នាក់  ​បាន​ចេញ​ទៅ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ​ក្រុង ស្រុក ខណ្ឌ លើក​ទី៤ កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ដែល​មាន​២០៩​ការិយាល័យ​បោះឆ្នោត និង​មាន​គណបក្ស​ចំនួន​៥បាន​ចូលរួម​ប្រកួត​ប្រជែង។

លទ្ធផល​ផ្លូវការ​បង្ហាញ​ថា CPP ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ​ចំនួន​៣ ២៥៧ ក្នុង​ចំណោម​អាសនៈ​សរុប​៣ ៦៤១។ គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ចំនួន៤៧ ដែល​ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​២អាសនៈ និង​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌចំនួន៣១២។ គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​៨​អាសនៈ​សម្រាប់​ក្រុមប្រឹក្សា​ខេត្ត និង​៦៩​អាសនៈ​​សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក​ក្នុង​ខេត្ត​ចំនួន​៩។ 

គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត នោះ​ទេ​ តែ​ទទួល​បាន​២​អាសនៈ​ក្រុមប្រឹក្សា​ក្រុង ស្រុក ក្នុង​ខេត្ត​កំពង់ធំ។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏​មិន​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ខេត្ត​ដែរ តែ​ទទួល​បាន​១​អាសនៈ​ក្រុមប្រឹក្សា​ស្រុក​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ 

អាសនៈ​ក្រុមប្រឹក្សា​រាជធានី​មាន​ចំនួន​២៧ ខណៈ​ខេត្ត​មាន​ចន្លោះ​ពី​១៥​អាសនៈ​ដល់​២៧​អាសនៈ។

ខេត្ត​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​មាន​៧​ខេត្ត​គឺ​ខេត្ត​បាត់ដំបង កំពង់ចាម កណ្ដាល ភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ដែល​ខេត្ត​នីមួយៗ​មាន​២៧អាសនៈ។ ខេត្ត​ដែល​មាន​អាសនៈ​តិច​ជាង​គេ​មាន​៣​ខេត្ត គឺ​ខេត្ត​មណ្ឌលគិរី កែប និង​ប៉ៃលិន ដែល​ខេត្ត​នីមួយៗ​មាន​១៥​អាសនៈ។

CPP បាន​ចេញ​សេចក្ដីថ្លែងការណ៍​នា​ថ្ងៃទី៤ មិថុនា ទទួល​យក​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នេះ ដោយ​បញ្ជាក់​ថា៖ «លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជន​កម្ពុជា តាម​រយៈ​សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជា​តំណាង​របស់​ខ្លួន​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ការ​បន្ត​ជំរុញ​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា​ឡើង​នូវ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ខ្លួន»៕