ភ្នំពេញៈ កម្មករក្នុងវិស័យសំណង់ប្រមាណជា ៩៧ភាគរយខ្វះលទ្ធភាពក្នុងការទទួលបានរបបសន្តិសុខសង្គម និង ការធានារ៉ាប់រងសុខភាព ទោះបីជាពួកគេភាគច្រើនបានយល់ដឹងពីអត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គមយ៉ាងណាក៏ដោយ។ នេះបើយោងតាមស្ថិតិថ្នាក់ជាតិមួយ ដែលត្រូវបានបង្ហាញក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការលើកកម្ពស់ការងារសមរម្យ និងការចុះបញ្ជីក្នុងវិស័យសំណង់នៅកម្ពុជានាថ្ងៃទី៥ ខែមិថុនានេះ។
សិក្ខាសាលានេះត្រូវបានរៀបចំធ្វើឡើងដោយអង្គការ ILO ដើម្បីប្រមូលផ្តុំត្រីភាគី ដូចជាតំណាងពីរាជរដ្ឋាភិបាល និយោជក អង្គការ វិជ្ជាជីវៈរបស់កម្មករ និយោជិត និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់មតិ និង យោបល់បន្ថែមលើរបាយការណ៍ ស្តីពីការវិនិច្ឆ័យលក្ខណៈក្រៅប្រព័ន្ធក្នុងវិស័យសំណង់នៅកម្ពុជា។
ការខ្វះលទ្ធភាពក្នុងការទទួលបានរបបសន្តិសុខសង្គម និងការធានារ៉ាប់រងសុខភាពនេះបាននឹងកំពុងតែបណ្តាលឱ្យកម្មកររាប់សែននាក់ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃការបាត់បង់ប្រាក់ចំណូល ក្នុងករណីដែលពួកគេមានគ្រោះថ្នាក់ការងារ ឬការចំណាយលើថ្លៃព្យាបាលជំងឺជាដើម។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការលើកកម្ពស់ការងារសមរម្យ និង ការការពារសន្តិសុខសង្គមក្នុងចំណោមកម្មករក្នុងវិស័យសំណង់បានពិភាក្សាលើការរកឃើញនៃការសិក្សារបស់អង្កការ ILO ស្តីពីការវិនិច្ឆ័យលក្ខណៈក្រៅប្រព័ន្ធក្នុងវិស័យសំណង់នៅកម្ពុជា។
អង្គការ ILO បានលើកឡើងថា ក្រុមអ្នកចូលរួមបានផ្តល់ជាមតិយោបល់ និង អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករក្នុងវិស័យសំណង់។
ការលើកកម្ពស់ការចុះបញ្ជីផ្លូវការក្នុងវិស័យសំណង់នៅកម្ពុជា គឺនឹងជួយលើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
យោងតាមលទ្ធផល នៃការអង្កេតកម្លាំងពលកម្មនៅកម្ពុជាឆ្នាំ ២០១៩ បានឱ្យដឹងថា កម្មករប្រមាណ ៤៧៩ ៧៨៣នាក់ ជាកម្មករនៅក្នុងអនុវិស័យសំណង់អគារ។ ក្នុងនោះមាន ១៩ ភាគរយ ជាស្ត្រី ហើយពួកគេប្រមាណជា ៩៤ភាគរយកំពុងតែធ្វើការនៅក្នុងលក្ខណៈក្រៅប្រព័ន្ធ។
ក្នុងសិក្ខាសាលានោះក៏មានការលើកឡើងផងដែរថា មានការងារជាច្រើនទៀតដែលត្រូវធ្វើក្នុងវិស័យសំណង់ ដែលបញ្ហាធំគឺពាក់ព័ន្ធទៅនឹងបញ្ហាការទទួលបានការគាំពារសង្គម។ ការចូលរួមចំណែកក្នុងការងារនេះមិនមែនសម្រាប់តែកម្ពុជានោះទេ តែសម្រាប់ពិភពលោកផងដែរ ពិសេសគឺត្រូវធ្វើកិច្ចការជាច្រើនបន្ថែមទៀតជូនដល់កម្មការឱ្យទទួលបានកិច្ចគាំពារសង្គម ការអភិវឌ្ឍន៍សមត្ថភាពបច្ចេស ហើយនឹងលើកកម្ពស់ជីវភាពសម្រាប់ពួកគាត់។
លោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធបានកត់សម្គាល់ឃើញថា កម្មរសំណង់បរទេសដែលធ្វើការស្ថាបនាគម្រោងជាច្រើននៅកម្ពុជាមានការធានារ៉ាប់រងសុខភាព តែកម្មករខ្មែរវិញអត់មាននោះទេ សូម្បីតែប័ណ្ណ ប ស ស។
លោកបានថ្លែងថា៖«នៅពេលដែលអ្នកវិនិយោគដែលមករកស៊ីនៅស្រុកខ្មែរ ទោះធ្វើតាមគម្រោងក្តី ក៏គួរកាត់ផលចំណេញណាមួយ ដើម្បីជួយដល់ផ្នែកសុខភាពរបស់កម្មករ។ កម្មករសំណង់ខ្លះធ្លាក់ខ្លួនពិការ តែអត់បានទទួលអីពី ប ស ស»។
អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក ហេង សុផាន់ណារិទ្ធ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេទាក់ទងនឹងបញ្ហានេះ។ ទោះយ៉ាងណា តំណាងមកពីក្រសួងការងារម្នាក់បានលើកឡើងថា នៅពេលដែលកម្មករទទួលបានការចុះបញ្ជីមានបណ្ណ ប.ស.ស ហើយនោះ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ចំនួនបីគឺ ការធានាលើគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធន។
នាពេលបច្ចុប្បននេះ ក្រសួងការងារបានចាប់ផ្តើមសម្រួលនីតិវិធីនៃការចុះបញ្ជីតាមអនឡាញ ដោយគ្រាន់តែភ្ជាប់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬបញ្ជីពាណិជ្ជកម្ម របស់ថៅកែ គឺអាចចុះបញ្ជីបានហើយ។ ចំពោះកម្មករនិយោជិកមិនចាំបាច់ មកកាន់ការិយាល័យ ប.ស.ស ដោយផ្ទាល់នោះទេ ដោយគ្រាន់តែ ថតកាតការងារ និងមុខរបស់គាត់រួចផ្ញើទៅការិយាល័យ ប.ស.ស។ ប៉ុន្តែនៅពេលទៅទទួលប័ណ្ណ ប.ស.ស គឺត្រូវឱ្យពួកគាត់ស្កេនក្រយ៉ៅដៃ។ ចំពោះការបង់វិភាគទានវិញ គឺអាចធ្វើតាមធនាគារ និង តាមអែប (APP) ទូរស័ព្ទដៃក៏បានដែរ។
លោកថ្លែងថា៖ «អញ្ជឹងអ្វីៗស្ទើតែ ១០០ភាគរយតាមអនឡាញ។ លើកលែងតែកម្មករសំណង់ ជួនកាលសាម៉ីខ្លួនគាត់ផ្ទាល់អត់មានអត្តសញ្ញាណប័ណ្ណ ដែលជាប្រភពនៃការលំបាក។ ប្រសិនបើគាត់មិនមានអត្តសញ្ញាណប័ណ្ណទេ យើងអត់អាចធ្វើប័ណ្ណ ប.ស.ស ជូនគាត់ទេ។ យើងអត់អាចកំណត់អត្តសញ្ញាណគាត់បានទេ។ ជួនកាលគាត់មានដែរ តែមិនប្រាប់ ដោយសារតែគាត់អាចមានបញ្ហានៅតំបន់ផ្សេង»។
លោក ជី ផល្លា តំណាងមកពីក្រុមហ៊ុនសំណង់អន្តរជាតិ (LBL) និងជាប្រធានក្រុមប្រឹក្សាជំនាញកម្ពុជាវិស័យសំណង់បានលើកឡើងថា ដើម្បីបង្កើនការចុះឈ្មោះ ប ស ស របស់កម្មករសំណង់ គឺទាមទាឱ្យមានការជំរុញលើកទឹកចិត្ត ការពង្រឹងការចុះធ្វើអធិការរកិច្ចនៅតាមក្រុមហ៊ុន និង ការពង្រឹងការអនុវត្តច្បាប់របស់ក្រសួងពាក់ព័ន្ធជាដើម។
ក្រៅពីនោះ លោកក៏បានអំពាវនាវឱ្យមានការកែលម្អនៅការដ្ឋានសំណង់តាមរយៈការបណ្តុះបណ្តាលបន្ថែម ការលើកកម្ពស់សុវត្ថិភាព លើកទឹកចិត្តឱ្យក្រុមម៉ៅការសំណង់ទិញសម្ភារៈសុវត្ថិភាពសម្រាប់កម្មករជាដើម៕