ភ្នំពេញៈ អស់រយៈពេលជាងមួយខែមកនេះ គណៈកម្មការចំពោះកិច្ចនៅមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតករណីមិនប្រក្រតីដោះលែងជនជាតិចិន ៨នាក់ ដែលឆ្លងដែនពីប្រទេសឡាវចូលកម្ពុជាដោយខុសច្បាប់ នោះនៅឡើយទេ។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៦ ខែមិថុនាថា៖«ករណីនេះនៅបន្តស៊ើបអង្កេតនៅឡើយ មិនទាន់បញ្ចប់សព្វគ្រប់នោះទេ ហើយយើងក៏មិនអាចកំណត់ថា នឹងបញ្ចប់កាលបរិច្ឆេទនៅពេលណាដែរ។ វាពាក់ព័ន្ធនៃភាពប្រទាក់ក្រឡា ឬទំហំនៃសាច់រឿង»។
កាលពីថ្ងៃទី២ ឧសភាកន្លងមក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្ត ស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីការដោះលែងជនជាតិចិន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់។
គណៈកម្មការនេះមានភារកិច្ចស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិន ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ដែលជាប់ប្រទេសឡាវ។
ការបង្កើតគណៈកម្មការនេះត្រូវបានធ្វើឡើង ក្រោយពីតុលាការ និង ពន្ធនាគារខេត្តស្ទឹងត្រែង បានដោះលែងជនជាតិចិនទាំងនោះ «ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីកម្ពុជាទៅតាមផ្លូវច្បាប់»។
លោក ទូច សុឃៈ បានបញ្ជាក់បន្ថែមថា៖«អញ្ជឹងទេ ដើម្បីធ្វើឱ្យប្រាកដប្រជា ថាតើរឿងនេះវាបែបណា ពាក់ព័ន្ធអ្វីខ្លះ ជនជាតិចិននោះមានពាក់ព័ន្ធនឹងអ្វីដែរទៀតនោះ គឺថាត្រូវមានគណៈកម្មការចម្រុះមួយបន្ទាន់ក្នុងការស៊ើបអង្កេត»។
ដោយសារតែករណីនេះ កំពុងតែស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ហេតុនេះលទ្ធផលប្រមូលបានជាង១ខែមកនេះមិនអាចបង្ហើបប្រាប់ជាសាធារណៈបាននោះទេតាមគោលការណ៍ច្បាប់ ហើយវាក៏ពាក់ព័ន្ធភាពសង្ងាត់នៃមុខសញ្ញាផងដែរ។
ក្រោយពីធ្វើការស៊ើបអង្កេតចប់ គណៈកម្មការនេះនឹងធ្វើរបាយការណ៍បូកសរុប លទ្ធផលជូនលោកឧបនាយករដ្ឋមន្រ្តីវិញ ដើម្បីពិនិត្យ និងសម្រេចទៅតាមនីតិវិធី។
លោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ជនជាតិចិនទាំង ៨នាក់ ដែលរួមមានស្រ្តីម្នាក់ផងនោះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក ហើយត្រូវបានបញ្ជូនទៅតុលាការចន្លោះថ្ងៃទី១២ និង១៣ ក្រោយមក។ ពួកគេត្រូវសម្រេចឃុំខ្លួនបណ្តោះអាសន្នតាមនីតិវិធីអស់រយៈពេល ១៤ថ្ងៃ ហើយត្រូវបានដោះលែងនៅថ្ងៃទី២៧ ខែកុម្ភៈដដែលនោះ។
លោក អូត ស៊ីវុត្ថា មានប្រសាសន៍បញ្ជាក់ថា៖ «គាត់ឆ្លងដែនខុសច្បាប់ពីឡាវមក។ ពួកគាត់អត់មានឯកសារអីទាំងអស់។ លិខិតឆ្លងដែន ឬឯកសារអីដែលមានតម្លៃស្មើអត់មានទេ។ គណៈកម្មការចំពោះកិច្ចកំពុងតែបន្តសួរនាំអ្នកត្រូវសួរ»។
ទោះយ៉ាងណា បទល្មើសឆ្លងដែនខុសច្បាប់ចូលកម្ពុជាវិញ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយរឹតបន្តឹងតាមច្រកទ្វារតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកជាដើម។ នេះបើយោងតាមលោក ទូច សុឃៈ៕