ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ការបើកការដ្ឋានសាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហា ក្នុងឆ្នាំ២០២៤ នេះ ហើយវិនិយោគិនខ្មែរចំនួន៥១ភាគរយនឹងចូលរួមធ្វើការវិនិយោគលើគម្រោងសាងសង់ព្រែកជីកនេះ។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាថ្ងៃទី៦ ខែមិថុនា នៅខេត្តកំពត លោកថ្លែងថា៖ «ខ្ញុំប្រកាសតែម្ដងគឺថ្ងៃ៥ សីហា ២០២៤ អត់ចាំបាច់ដល់១ឆ្នាំខួបរដ្ឋាភិបាលទេ។ យើងបានកំណត់ទីតាំងរួចហើយ។ យើងត្រៀមលក្ខណៈ សម្ភារៈ ឧបករណ៍ មធ្យោបាយរៀបហើយ។ អ៊ីចឹងអ្នកណាដែលខំឃោសនាថាយើងធ្វើមិនរួច ខំឃោសនាឱ្យប្រជាពលរដ្ឋប្រឆាំង កុំឱ្យគម្រោងនេះចេញ យកល្អមិនបាច់ខំទេ នាំតែហត់ ព្រោះយើងបើកហើយ ត្រៀមលក្ខណៈរួចរាល់ហើយ ហើយត្រៀមចូលរួមដើម្បីធ្វើឱ្យបាន»។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីអំពីកាលបរិច្ឆេទជាក់លាក់នេះធ្វើឡើង១សប្ដាហ៍បន្ទាប់ពីលោកបានប្រកាសនៅក្នុងពិធីមួយក្នុងខេត្តកំពង់ស្ពឺ ដោយកំណត់យកខែសីហាក្នុងការចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកនេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា៖ «ពីមុនក្រុមហ៊ុនវិនិយោគគិននេះជាក្រុមហ៊ុនដែល១០០ភាគរយ វិនិយោគិនបរទេស។ ឥឡូវ ខ្ញុំសូមបញ្ជាក់អីចេះ គម្រោងនេះលែង១០០ភាគរយបរទេសទៀតហើយ។ គម្រោងនេះនឹងមានវិនិយោគិនពីខ្មែរយើង៥១ភាគរយ។ គម្រោងនេះ កម្ពុជាយើងនឹងចូលរួមនៅក្នុងរូបភាពជាអ្នកកាន់ភាគច្រើននៅក្នុងការវិនិយោគនេះម្ដង»។
លោកបន្ថែមថា៖ «នៅក្នុងក្រុមហ៊ុនវិនិយោគខ្មែរដែលបង្កើតនេះ យើងមានក្រុមហ៊ុនរដ្ឋរបស់យើង បានន័យថាក្រុមហ៊ុនគ្រឹះស្ថានសាធារណៈរបស់រដ្ឋដែលមានកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ពីរនេះគឺជាអ្នកចូលរួមវិនិយោគជាមួយនឹងក្រុមហ៊ុនឯកជនមួយទៀត ដោយក្រុមហ៊ុនរដ្ឋពីរនេះគឺជាអ្នកកាន់ភាគច្រើននៃក្រុមហ៊ុនខ្មែរនេះផងដែរ»។
លោកនាយករដ្ឋមន្ត្រីក៏បានបដិសេធមតិមួយចំនួនដែលលើកឡើងថា នៅក្នុងគម្រោងនេះ រដ្ឋខ្ចីថវិកាបរទេសមកវិនិយោគ ដោយលោកពន្យល់ថា គម្រោងនេះជាគម្រោងលក្ខណៈឯកជន ដែលវិនិយោគិនឯកជនខ្ចីថវិកាពីធនាគារដោយខ្លួនឯងមកវិនិយោគដើម្បីកសាងព្រែកជីកនេះ ហើយសុំសិទ្ធិដើម្បីប្រតិបត្តិនៅក្នុងរយៈពេល៥០ឆ្នាំ។ ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគចរចាជាមួយគ្នាដើម្បីបានផល។ ចប់រយៈពេលនេះ ក្រុមហ៊ុនវិនិយោគនឹងធ្វើការផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រង ដែលហៅថាគម្រោង ប៊ីអូធី (BOT)។
លោកពន្យល់ថា រាជរដ្ឋាភិបាលមិនចំណាយថវិកាក្នុងគម្រោងនេះទេ ប៉ុន្តែក្រុមហ៊ុនវិនិយោគជាអ្នកទទួលខុសត្រូវក្នុងការចំណាយ ហើយថាគម្រោងនេះនឹងផ្ដល់ឱកាសប្រើប្រាស់ដើម្បីផលប្រយោជន៍ទាំងអស់គ្នា រួមទាំងក្នុងវិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូនជាដើម ដែលក្នុងនោះខេត្តទាំងប៉ុន្មាន បូកជាមួយខេត្តដែលនៅជាប់ទន្លេមេគង្គ និងទន្លេសាបក៏អាចដឹកជញ្ជូនតាមផ្លូវទឹកមួយនេះបានដែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ការវិនិយោគនេះ គឺខ្មែរយើងនឹងចូលរួមក្នុងការកសាង ហើយរដ្ឋរបស់យើងនឹងចូលរួម មិនមែនយកថវិការដ្ឋទៅចាយទេ មិនមែនយកថវិការដ្ឋខ្ចីគេមកវិនិយោគដើម្បីសងគេទេ។ ក្រុមហ៊ុនរបស់រដ្ឋគឺអភិវឌ្ឍន៍មានវិនិយោគដូចឯកជនអ៊ីចឹង»។
គម្រោង «ព្រែកជីក ហ្វូណន តេជោ» ដែលមានប្រវែង១៨០គីឡូម៉ែត្រនេះនឹងចំណាយទឹកប្រាក់ ១,៧ពាន់លានដុល្លារ និងពេលវេលាក្នុងការសាងសង់ចម្លោះពី៤ឆ្នាំទៅ៦ឆ្នាំ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រនូវការប្រកាសកាលបរិច្ឆេទជាក់លាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការបើកការដ្ឋាននេះ ពីព្រោះចៀសវាងការវិភាគ និងការបញ្ចេញមតិយោបល់ «បែបស្រពិចស្រពិល» បន្ថែមទៀត។
លោកថ្លែងថា៖ «ការកំណត់ច្បាស់លាស់នេះគឺបញ្ចប់នូវភាពស្រពិចស្រពិលរបស់អ្នកវិភាគ អ្នកនយោបាយមួយចំនួន និងបានកំណត់ជាក់លាក់ទៅលើការជីកព្រែកជីកហ្នឹងគឺជាការកំណត់នូវសំណង់ដែលមានលក្ខណៈប្រវត្តិសាស្ត្រធំធេងរបស់ខ្មែរដែលបន្ទាប់ពីប្រាង្គប្រាសាទទៅ យើងឃើញថា នេះជាសំណង់ធំធេងមួយ»។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី៦ មិថុនា ថា៖ «ព្រែកជីកហ្នឹងហើយដែលមានផលប្រយោជន៍ចំពោះប្រជាជាតិខ្មែរ។ អ៊ីចឹង កាលណារដ្ឋាភិបាលប្រកាសជាក់លាក់មានន័យថាកិច្ចការនេះនឹងអាចធ្វើបានជាក់លាក់។ អ៊ីចឹង នេះជាក្ដីសង្ឃឹមរបស់ប្រជាជាតិខ្មែរដែលនឹងទទួលបាននៅពេលខាងមុខតាមរយៈការប្រកាសជាក់លាក់របស់រាជរដ្ឋាភិបាលហ្នឹង»៕