សៀមរាបៈ ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃតាមរយៈកម្មវិធីទូរស័ព្ទដៃ ឈ្មោះ«សៀមរាបស្អាត និងឆ្លាត Smart Clean Siem Reap» នឹងចាប់ផ្តើមអនុវត្តនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីគម្រោងសាកល្បងនេះត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងភូមិចំនួន ៤ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី៥ ខែមិថុនានេះ។
អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ភូមិរហូតដល់រដ្ឋបាលខេត្ត អង្គការ GIZ និងក្រុមហ៊ុន ហ្កាអ៊ីយ៉ា ដែលគាំទ្រដោយអង្គការ JICA បានជ្រើសរើសយកផ្លូវមួយខ្សែនៅក្រោយវត្តពោធិលង្កា ដើម្បីអនុវត្តគម្រោងសាកល្បងនេះ ដោយសារតែផ្លូវនេះមានពលរដ្ឋរស់នៅច្រើនជាប់ៗគ្នា ដែលធ្វើឱ្យការទុកដាក់សំរាមមិនទាន់មានរបៀបរៀបរយល្អនាពេលកន្លងមក។ នេះបើយោងតាមលោក ខៀវ សត ចៅសង្កាត់ស្លក្រាម។
កម្មវិធីទូរស័ព្ទដៃ អែប Smart Clean Siem Reap នេះត្រូវបានតំឡើងឱ្យពលរដ្ឋ ១១ គ្រួសាររស់នៅតាមបណ្ដោយផ្លូវនេះក្នុងភូមិស្លក្រាម បឹងដូនប៉ា ដកពោធិ៍ និងភូមិបន្ទាយចាស់ប្រើប្រាស់ ក្នុងការតាមដានការ ទុកដាក់សំរាម និងប្រមូលសំរាម។ ធុងសំរាមចំនួន ១៥ ដែលមានបំពាក់ QR កូដ ក៏ត្រូវបានដាក់ពង្រាយ សម្រាប់ដាក់សំរាម ហើយការប្រមូលនឹងត្រូវធ្វើឡើងក្នុង ១ សប្តាហ៍ ២ដង គឺនៅថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍។
លោកចៅសង្កាត់បានបញ្ជាក់ថា៖ «ក្នុងប្រព័ន្ធអេឡិចត្រូនិចហ្មឹងមានពណ៌កំណត់ប្រាប់ឱ្យតែម្តងថា បើពណ៌បៃតងគឺគេមកយកទាន់ពេលហើយ។ បើពណ៌លឿងគឺមិនទាន់ពេលទេ ហើយពលរដ្ឋអាចរាយការណ៍បាន »។
លោកជឿជាក់ថា ដោយសារតែគម្រោងសាកល្បងនេះមានកំណត់ថ្ងៃប្រមូលសំរាមបែបនេះ វានឹងលែងធ្វើឱ្យការប្រមូលសំរាមរបស់ក្រុមហ៊ុនមានការយឺតយ៉ាវទៀតនោះទេ។
លោកថា កាលពីមុន ការប្រមូលសំរាមជួនកាលធ្វើឡើងតែម្តងក្នុង ១សប្តាហ៍ក៏មានដែរ ដែលបណ្តាលឱ្យមានក្លិនស្អុយ ប៉ះពាល់បរិស្ថាន និងខូចសណ្តាប់ធ្នាប់សង្គមជាដើម។
លោកបានឱ្យដឹងផងដែរថា ក្នុងគម្រោងនោះក៏មានការដាំដើមលឿងរាជ ចំនួន ១២៥ដើមផងដែរ នាថ្ងៃទី២៦ ខែមិថុនានេះ។
លោក ខៀវ សត បានថ្លែងដូច្នេះថា៖« គម្រោងនេះទំនើបល្អ។ វាជួយឱ្យមានការចូលរួម កុំឱ្យបោះសំរាមពាសវាលពាសកាល ប្រមូលសំរាមទៀងទាត់ ជួយការពារសុខភាពពីសំរាម។ ការដាំដើមឈើជួយកាត់បន្ថយកំដៅ ឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យមានបរិយាកាសល្អ»។
លោកបន្ថែមថា បើការសាកល្បងរយៈពេល ១ខែនេះជោគជ័យ គម្រោងនេះនឹងពង្រីកទៅតំបន់ផ្សេងទៀត។
ខេត្តសៀមរាប មានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា។ក្នុងនោះគម្រោងក៏មានគំនិតផ្ដួចផ្ដើមទីក្រុងឆ្លាត ដែលមានទីភ្នាក់ងារJICA បានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា “គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប” តាំងពីឆ្នាំ ២០២២ រហូតមក ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
គម្រោងសាកល្បងប្រមូល និង ដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ នៅសង្កាត់ស្លក្រាមនេះ ជាគម្រោង ១ ក្នុងចំណោមគម្រោងទាំង ៨នោះ៕