ភ្នំពេញៈ ក្រោយពីជោគជ័យលើការបង្កើតភូមិគំរូចំនួន ៣០រួចមក ក្រសួងអភិវឌ្ឍន៍ជនបទកំពុងតែរៀបចំចុះស្រង់ទិន្នន័យស្ថានភាពភូមិ ដើម្បីបង្កើតជាចលនាភូមិគំរូចំនួន ២៥០បន្ថែមទៀត ដើម្បីជួយអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប យកទៅពង្រីកមុខរបរបន្ថែមជាដើម។
ក្នុងរយៈពេលប្រមាណជា ១០ឆ្នាំចុងក្រោយនេះ ភូមិគំរូចំនួន ៣០ហើយ ត្រូវបានបង្កើតឡើង ក្រោមការជួយឧបត្ថមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកូយកា។ ភូមិទាំងនោះមាននៅក្នុងខេត្តត្បូងឃ្មុំ ចំនួន ១០ភូមិ ខេត្ត តាកែវ មាន១០ភូមិ និងខេត្តកំពង់ស្ពឺ មាន ១០ភូមិផងដែរ ដែលភូមិនីមួយៗមានសក្តានុពលផ្សេងៗគ្នា។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា៖«ដល់ចប់អាណត្តិ៧ ឆ្នាំ ២០២៨ យើងគ្រោងនឹងបង្កើត ២៥០ ភូមិបន្ថែមទៀត។ ក្នុង ១ឆ្នាំ បង្កើតឱ្យបាន ៥០ភូមិបន្ថែមទៀត។ ក្រសួងកំពុងតែរៀបចំឯកសារ ដើម្បីចុះស្រង់ទិន្នន័យ ដើម្បីឱ្យដឹងថា ភូមិណារីកចម្រើនកំរិតណា ភូមិណាអភិវឌ្ឍន៍ខ្លាំង មធ្យម និងអភិវឌ្ឍន៍តិចតួច ដើម្បីចេញជាផែនទីមួយ។ ពេលដឹងហើយ យើងងាយស្រួលសំរួចគោលដៅ ដើម្បីជួយឱ្យចំគោលដៅតែម្តង»។
ក្នុងដំណើរការបង្កើតជាភូមិគំរូ ក្រសួងពិនិត្យលើស្ថានភាពភូមិសាស្ដ្រតាមតំបន់ និង តាមខេត្ត ដែលនៅជិតទីផ្សារសម្រាប់កសិផល ជាពិសេស ភូមិដែលពលរដ្ឋមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍសហគមន៍។ លើសពីនោះ គឺត្រូវជ្រើសរើសភូមិណា ដែលមានអំណោយផល និងមានសក្ដានុពលលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យវប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មជាដើម ដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ។
លោកមានប្រសាសន៍ថា៖ «ជ្រើសរើសភូមិណាដែលមានសក្តានុពលផ្សេងៗគ្នា។ ភូមិគំរូ ទាល់តែពលរដ្ឋទទួលយកដែរ។ ភូមិមួយចំនួនមិនទទួលយកទេ អត់សហការណ៍ មិនធ្វើ មិនក្លាយទៅជាម្ចាស់សហគមន៍ ចាំតែយើងធ្វើឱ្យយកទៅទុកចោលមិនថែទាំ។ មិនទៅមុខទេ។ តែមានភូមិមួយចំនួនចាំតែឱ្យយើងជួយគាត់ទេ ហើយគាត់ក្រោកឈរដោយខ្លួនឯងហើយ។ យើងទទួលលទ្ធផលបានជាទីមោទនផងដែរ...ជាពិសេស កិច្ចការទាំងអស់នេះធ្វើបានជោគជ័យ»។
ក្រោយពេលជ្រើសរើសជាភូមិគំរូ ក្នុងភូមិនោះនឹងមានការអភិវឌ្ឍន៍ផ្តោតលើ៣ ចំណុចសំខាន់ៗ ដូចជា អភិវឌ្ឍសេដ្ឋកិច្ច ដែលជួយធ្វើឱ្យមានកំណើនចំណូលសេដ្ឋកិច្ចគ្រួសារ តាមរយៈបណ្តុះបណ្តាលជំនាញ ការផ្តល់ឥណទាន យកទៅបង្កើតកសិកម្មខ្នាតធំចម្រុះមួយ ដែលអាចលក់ផលិតផលបានចំណូល។
ក្រៅពីនោះមាន ការអភិវឌ្ឍផ្នែកសង្គមកិច្ច ដូចជា លើកកម្ពស់ផ្នែកសុខភាព តាមរយៈការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យឱ្យមានគ្រប់គ្រាន់ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មណ្ឌលសុខភាព និងសាលាមត្តេយ្យគំរូជាដើម។ ចុងក្រោយ គឺការលើកកម្ពស់ការអប់រំ និង ការងារគ្រប់គ្រង ដូចជាអប់រំឱ្យអ្នកភូមិឧស្សាហ៍ព្យាយាមជាងមុន ឱ្យមានស្មារតីសហគមន៍ ហើយឱ្យក្លាយទៅជាម្ចាស់ការលើសមទ្ធិផលរបស់ខ្លួនឯង បង្កើនការគ្រប់គ្រងសន្តិសុខ សណ្នាប់ធ្នាប់ ជាពិសេស ជំរុញគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «ធ្វើភូមិគំរូនេះ មែនទែនទៅគឺចង់ជំរុញឱ្យភូមិហ្នឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច សុខភាព និង អនាម័យឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយមួយទៀតគឺការគ្រប់គ្រង ឱ្យគាត់ធ្វើជាអ្នកដឹកនាំ ម្ចាស់ភូមិ និង សហគមន៍បាន»។
«មានន័យថា ក្នុងភូមិបង្កើតឱ្យមានគណៈកម្មាការអភិវឌ្ឍន៍ភូមិមួយ ហើយជំរុញបង្រៀនគាត់ឱ្យឧស្សាហ៍ព្យាយាម បណ្តុះបណ្តាលបំនិនជីវិត ដើម្បីមានចំណេះដឹងថែមទៀត។ យើងជួយអភិវឌ្ឍន៍ក្នុងភូមិ ជួយរកនិងភ្ជាប់ទីផ្សារឱ្យគាត់។ ពេលផលិតបានយកទៅលក់បានចំណូល»។
គណៈកម្មាការអភិវឌ្ឍន៍ភូមិមានតួនាទីដឹកនាំសម្របសម្រួល លើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំជូនដល់ប្រជាពលរដ្ឋ ហើយរៀបចំផ្សព្វផ្សាយពីភូមិគំរូ ដើម្បីទាក់ទាញទេសចរណថែមទៀត។
គណៈកម្មាការអភិវឌ្ឍន៍ភូមិក៏ជួយជំរុញឱ្យមានការចងក្រងជាសហគមន៍ ដែលអាចបង្កើតសេដ្ឋកិច្ចមាត្រដ្ឋានមួយ។ ក្នុងនោះ ពីភូមិមួយទៅភូមិមួយ ឬភូមិជិតខាង អាចចងសម្ព័ន្ធគ្នាបង្កើតជាសហគមន៍មួយ ដែលជួយឱ្យពួកគាត់មានអំណាច នៅក្នុងការចចារតម្លៃ ដូចជា ការបញ្ចុះថ្លៃដើមកសិផលរបស់គាត់ មានឱកាសប្រកួតប្រជែងទីផ្សារខាងក្រៅ ដើម្បីបង្កើនប្រាក់ចំណេញបានថែមទៀត។
ក្នុងករណីមានការរីកចម្រើនដូចផែនការគ្រោងទុក នោះភូមិគំរូនឹងទទួលបានរង្វាន់លើកទឹកចិត្ត តាមរយៈការផ្តល់មូលនិធិយកទៅអភិវឌ្ឍន៍បន្ថែមទៀត។ នេះក៏អាចធ្វើឱ្យមានការប្រកួតប្រជែងគ្នារវាងភូមិ និងភូមិ ដើម្បីបង្កើតស្នាដៃអភិវឌ្ឍន៍ដែរ។
លោករដ្ឋមន្រ្តី ឫទ្ធិសែន លើកឡើងដូច្នេះថា៖ «អញ្ជឹងការរីកចម្រើន ប្រាកដជាវារីកដូចផ្សិតតទៅទៀតហើយ។ បើភូមិហ្នឹងបានចងក្រងគ្នាហើយក៍ងាយស្រួលក្នុងការអភិវឌ្ឍន៍។ ភូមិជិតខាងអាចយកគំរូតាម ឬទទួលផ្លែផ្កាពីភូមិហ្នឹងដែរ ដូចជាមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ កន្លែងកម្សាន្តតយកកូនចៅទៅរៀនលេង និងព្យាបាលជាដើម»។
ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ បានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ តាមលក្ខណៈវិនិច្ឆ័យធំៗចំនួន ៥ចំណុចរួមមាន៖ សេដ្ឋកិច្ច, សង្គមកិច្ច, សុខភាព និងបរិស្ថានរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធ និងចុងក្រោយគឺអភិបាលកិច្ចល្អ។
លោកស្រី គឹម លាង មេឃុំចំប៉ា ស្ថិតក្នុងស្រុក ព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឃុំចំប៉ាមានភូមិគំរូ ចំនួន ៥ ក្នុងចំណោមភូមិសរុបចំនួន ៩។ ក្នុងនោះរួមមានភូមិ ជម្ពូព្រឹក ប្ញស្សីថ្មី ពន្សាំង ចំប៉ា និងភូមិ រនាមពេជ្រ។ ក្នុងចំណោមនោះ ភូមិ ជំពូព្រឹក បានជាប់លេខ១ ដោយសារតែមានបង្កើតមត្តេយ្យសហគមន៍ និងបង្កើតជាសួនកម្សាន្តសម្រាប់ក្មេងលេងជាដើម។
លោកស្រីបន្តថា ចលនាភូមិគំរូនេះទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្រសួងអភិវឌ្ឍន៍ជនបទ និងពីទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េកូយកា ដូចជា ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាប់ទាប ដើម្បីយកទៅបង្កើត និង ពង្រីកមុខរបរជីកស្រះចិញ្ចឹមត្រី ដាំដំណាំ តម្បាញ និង ចិញ្ចឹមគោជាដើម។
លោកស្រីបានបញ្ជាក់ថា៖«ឃើញគាត់ចុះជួយប្រជាពលរដ្ឋ។ ភូមិហ្នឹងមានផ្តល់ប្រាក់កម្ចីលុយដែលមានចងការទើប ដែលយកទៅបើកមុខរបរ។ វាជួយឱ្យជីវភាពពលរដ្ឋប្រសើរឡើងជាងមុន។ ជួយអភិវឌ្ឍន៍ច្រើនណាស់ ដែលជួយឱ្យឃុំនេះមានមុខមានមាត់ដែរ»។
លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបានឱ្យដឹងថា ក្នុងមួយគ្រួសារអាចខ្ចីកម្ចីយកទៅពង្រីកមុខរបរបានត្រឹមតែ ២ពាន់ដុល្លារប៉ុណ្ណោះ ដែលមានអត្រាការប្រាក់ ១,៥ភាគរយ ក្នុង១ខែ។
លោកបានបញ្ជាក់ថា៖ «មុននឹងឱ្យយើងត្រូវបង្រៀនគាត់ពីការប្រើប្រាស់ និង គ្រប់គ្រងថវិកា ឬពីហានិភ័យជាដើម ដើម្បីកុំឱ្យគាត់វាយកទៅប្រើប្រាស់ខុសគោលដៅ»
យោងតាមវិទ្យាស្ថានស្ថិតិជាតិ នៃក្រសួងផែនការបានឱ្យដឹងថា តំបន់ជនបទមានចំណូលជាមធ្យមកើនឡើងដល់ ២លានរៀលក្នុង ១គ្រួសារ ក្នុងមួយខែ។ ចំណូលនេះបានកើនឡើងលើសចំណូលកាលពីឆ្នាំ ២០១៥ ដែលមានត្រឹមតែ ១លាន ៣សែនរៀលប៉ុណ្ណោះ។
គម្រោងថ្មីចំនួន ៣៣៤ ដើម្បីបង្កើតប្រាក់ចំណូល លើកកម្ពស់បរិស្ថានរស់នៅ និង លើកកម្ពស់សមត្ថភាពត្រូវបានអនុម័តសម្រាប់អនុវត្តនៅក្នុងភូមិគំរូចំនួន ៣០ ដែលមានថវិកាសរុបចំនួន ៩៥៥ ០០០ដុល្លារក្នុងឆ្នាំ ២០១៨។ ភូមិនីមួយៗទទួលបានថវិកាពី ២០ ០០០ដុល្លារអាមេរិក ដល់ ៨០ ០០០ដុល្លារ ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគេ។ នេះបើយោងតាមកូយកា។
គម្រោងសាកល្បងនេះ គឺស្ថិតក្នុងចំណោមម្រោងអភិវឌ្ឍន៍ជនបទ «គម្រោងអភិវឌ្ឍន៍ជនបទគាំទ្រខ្លួនឯង» (Self-Supporting Rural Development Project) ដែលមានតម្លៃ ៨.៩៥លានដុល្លារ ហើយគម្រោងសាកល្បងជាង ៩០០ បានអនុវត្តចាប់តាំងពីឆ្នាំ ២០១៤ នៅក្នុងភូមិគំរូទាំង ៣០នោះ៕