ភ្នំពេញៈ យ៉ាងហោចណាស់គ្រឿងញៀនប្រមាណជា ១០០គីឡូក្រាម ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) និងអាជ្ញាធរខេត្តមួយចំនួនប្រារព្ឋពិធីដុតបំផ្លាញចោល កាលពីសប្តាហ៍មុន ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ខណៈពលរដ្ឋជាង ២ម៉ឺននាក់ហើយកំពុងតែប្រើប្រាស់កម្មវិធីទូរស័ព្ទ App NoDrug។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្តសៀមរាបបានថ្លែងក្នុងពិធីកាលពីម្សិលមិញថា គ្រឿងញៀននិងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលគឺមានចំនួន ៤៣សំណុំរឿង។ ក្នុងនោះរួមមាន គ្រឿងញៀនជាង ១០ ៥៧៦ក្រាម បារីអេឡិចត្រូនិចគ្រប់ប្រភេទចំនួន ១៨ កេសធំ និង ៤៧ប្រអប់តូច ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។
ក្រៅពីនោះ កាលពីពេលថ្មីៗកន្លងមកនេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនករណីធំជាលើកទីមួយនៅក្នុងខេត្ដ បានរហូតដល់ទៅជាង ១២០ គីឡូក្រាម។ ប៉ុន្ដែមិនទាន់ដុតកំទេចចោលនៅឡើយទេ ដោយសារតែសំណុំរឿងមិនទាន់បានបញ្ចប់នៅតុលាការនៅឡើយ។ នេះបើយោងតាម NACD។
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំនេះផងដែរ អាជ្ញាធរខេត្តសៀមរាប បានធ្វើការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ២ ៤៤៩ លើក ដែលមានអ្នកចូលរួមសរុប ១៥០ ៥៨៣នាក់។ បន្ថែមពីនោះ សមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន ២៣៨ ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួន ១ ៣៩៣នាក់។
ក្នុងនោះមានករណីជួញដូរ និង រក្សាទុក ១០៣ករណី ឃាត់ខ្លួន ៣០៧នាក់ ករណីប្រើប្រាស់ ១០៥ករណី ឃាត់ខ្លួន ១ ០៧៩នាក់ និងអនុវត្តដីកាចំនួន ២០ករណី ដោយឃាត់ខ្លួន ១៧នាក់។ អ្នកញៀនថ្នាំញៀនជាង ១ពាន់នាក់ក៏ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាផងដែរ។
សារប្រមុខរដ្ឋាភិបាលក៏ត្រូវបានអានក្នុងឱកាសនោះផងដែរ ដែលបានបញ្ជាឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង»។ ក្នុងនោះ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័នថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ និង មានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀននេះក៏ត្រូវបានអាជ្ញាធរខេត្តផ្សេងៗទៀតប្រារព្ឋធ្វើផងដែរ។ ក្នុងនោះ ខេត្តស្វាយរៀងបានដុតបំផ្លាញគ្រឿងញៀនជាង ៣៧ ១៥៤ក្រាម, ខេត្តបន្ទាយមានជ័យ ២៣ ៤៤៦ក្រាម, បាត់ដំបង ២២ ២៥២ និងខេត្តត្បូងឃ្មុំចំនួនក្រាមជាង ៥ ៣៣៤ក្រាមជាដើម។
កម្មវិធីទូរសព្ទ័ដៃ App NoDrug ក៏ត្រូវបានផ្សព្វផ្សាយដល់អ្នកចូលរួមរាប់ពាន់នាក់ផ្សេងទៀតផងដែរ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ចាប់តាំងពីត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៣ ខែមេសាកន្លងមក កម្មវិធីទូរស័ព្ទApp NoDrug ត្រូវបានសាធារណជនទាញយកទៅប្រើប្រាស់ជាង ២ម៉ឺននាក់ហើយក្នុងរយ:ពេល ២ខែនេះ។
លោកបានបញ្ជាក់ថា៖ «ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និង អ្នករាយការណ៍ យើងបានវិភាគនិងចាត់ចែង ហើយរាល់ការរាយការណ៍ទាំងអស់ទទួលបានការឆ្លើយតប»៕