ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) នឹង​មក​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃ​ទី ៦ ខែ​កក្កដា តប​តាម​ការ​អញ្ជើញ​របស់​លោក សុខ ចិន្តាសោភា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា ក្នុង​អំឡុង​ទស្សនកិច្ច​នេះ លោកស្រី Kamikawa នឹង​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក សុខ ចិន្តាសោភា។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​នា​ថ្ងៃទី១ កក្កដា ថា៖ «ទស្សនកិច្ច​របស់ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹង​រក្សា​សន្ទុះ​នៃ​ការ​ផ្លាស់ប្ដូរ​កម្រិត​ខ្ពស់​ជា​ញឹកញាប់ និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ជប៉ុន»។

ដំណើរ​ទស្សនកិច្ចលើកទី១របស់លោកស្រី ខាមីខាវ៉ា ​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​ទាំងពីរ​បាន​ដំឡើង​ទំនាក់ទំនង​របស់​ខ្លួន​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កាលពី​ឆ្នាំ​២០២៣។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ហាញ​ពី​ទំនាក់ទំនង​ «ដ៏​រឹង​មាំ» ដែល​មាន​ស្រាប់​រវាង​កម្ពុជា-ជប៉ុន។

លោក​ថា​​​ ទោះបី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​រឹងមាំ​រួច​ទៅ​ហើយ​ក៏​ដោយ ក៏​ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ថា ប្រទេស​ទាំងពីរ​ចង់​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត។ 

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី​១ កក្កដា ថា៖ ដំណើរ​ទស្សនកិច្ច​នេះ​អាច​បង្ហាញ​ពី​មហិច្ឆតា​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន ដែល​មាន​ស្រាប់ សេដ្ឋកិច្ច និង​​ការពារ​ជាតិ ខណៈ​ដែល​កម្ពុជា និង​ជប៉ុន​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រួច​ហើយ​សម្រាប់​លំហាត់​ហ្វឹកហ្វឺន​នៃ​ប្រទេស​ទាំងពីរ។

លោក​ថា កិច្ច​សហប្រតិបត្តិការ​ទាំងអស់​នេះ​ មិន​ត្រឹមតែ​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​អនុវត្ត វា​នឹង​មាន​ភាព​រឹងមាំ​និង​មាន​សន្ទុះ​ខ្លាំង​ផង​ដែរ ដោយសារ​តែ​ហេតុផល​ជាច្រើន។

លោក ឯក ប៊ុនលី ថ្លែង​ថា៖ «ទី​មួយ ជប៉ុន​ជា​ដៃគូ​ដ៏​ល្អ និង​យូរអង្វែង​សម្រាប់​កម្ពុជា ដោយ​សារ​ទីក្រុង​តូក្យូ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សេរី​និយម​អន្តរជាតិ ដែល​ស្រប​តាម​គោលការណ៍​របស់​ប្រទេស​កម្ពុជា។ លើស​ពី​នេះ ជប៉ុន​ក៏​ជា​ដៃគូ​ដែល​កម្ពុជា​អាច​ពឹង​ពាក់​បាន​ទៅ​លើ​ស្ថិរភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​សម្ពាធ​ពី​មហា​អំណាច​ធំៗ​ក្នុង​ការ​ជ្រើសរើស​ភាគី​ជា​ដៃគូ​សហការ»។ 

លោក​បន្ថែម​ថា៖ «ផ្ទុយទៅវិញ ជប៉ុន​មិន​បាន​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​ជ្រើសរើស​ភាគី​ណា​នោះ​ទេ ប៉ុន្តែ​ជប៉ុន​បាន​សហការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ និង​ទទួលស្គាល់​ជំហរ​អព្យាក្រឹតភាព​របស់​ទីក្រុង​ភ្នំពេញ។ ប្រទេស​ជប៉ុន​ក៏​បាន​គោរព និង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​គាំទ្រ​តប​ទៅ​វិញ​ក្នុង​ក្របខ័ណ្ឌ​តំបន់​សំខាន់ៗ​របស់​ប្រទេស​ជប៉ុន ដូចជា​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​ជប៉ុន​ជាដើម»។ 

លោក ឯក ប៊ុនលី យល់​ឃើញ​ថា ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង និង​ភាព​ជឿជាក់​នេះ ឱ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត ប្រទេស​ទាំងពីរ​គួរតែ​ស្វែងរក​ផ្នែក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Kamikawa នេះ ដូចជា​ការ​កែលម្អ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​កម្ពុជា-ជប៉ុន ការ​អប់រំ និង​កិច្ច​សហប្រតិបត្តិការ​នវានុវត្តន៍ និង​បច្ចេកវិទ្យា។ 

លោក​បញ្ជាក់​ថា៖ «ជាមួយ​នឹង​អត្រា​កំណើន​ជាង​៦​ភាគរយ ក្នុង​រយៈ​ពេល​ក្រោយ​កូវីដ ១៩ កិច្ច​សហប្រតិបត្តិការ​ទាំងអស់​នោះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ជប៉ុន ដែល​ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ផង​ដែរ​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ»។

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា និង​ជប៉ុន មាន​ឱកាស និង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាច្រើន​ទាំង​កម្រិត​តំបន់ និង​ទ្វេភាគី។ ជប៉ុន​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ ដែល​បាន​គាំទ្រ​ការ​អភិវឌ្ឍ​កម្ពុជា​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក។

លោក​ថ្លែង​ថា៖ «ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និង​គាំទ្រ​ដល់​កម្លាំង​ពលកម្ម​ជំនាញ​របស់​កម្ពុជា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) និង​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន ខណៈ​នៅ​កម្រិត​តំបន់ ប្រទេស​ទាំងពីរ​នឹង​ពិភាក្សា​អំពី​សន្តិសុខ​ក្នុង​តំបន់ និង​ការ​អភិវឌ្ឍ​អំពី​វិធីសាស្ត្រ​ដែល​កម្ពុជា និង​ជប៉ុន​អាច​គាំទ្រ​យន្តការ​ក្នុង​តំបន់​ក្នុង​ការ​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់»។

លោក​ ថុង ម៉េងដាវិត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី១ កក្កដា ថា លក្ខណៈ​សំខាន់​មួយ​នៃ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន គឺ​ការ​គាំទ្រ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​កម្ពុជា ដូចជា​ការ​គាំទ្រ​​ជំនួយ​បច្ចេកទេស  បរិក្ខារ និង​ការ​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​រក្សា​សន្តិភាព​របស់​ខ្លួន៕