ពោធិ៍សាត់ៈ អាជ្ញាធរខេត្តពោធិ៍សាត់បាននឹងកំពុងតែរៀបចំទីតាំងថ្មីទំហំជាង ១៥០ហិកតា សម្រាប់ពលរដ្ឋដែលស្ម័គ្រចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ហើយទុកពេល ៣០ថ្ងៃឱ្យអ្នកមិនទាន់យល់ព្រមចេញទៅទទួលយកគោលនយោបាយដីធ្លីពីរាជរដ្ឋាភិបាល។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា ក្រុមការងាររបស់អាជ្ញាធរបានកំពុងតែសម្រុកប្រើប្រាស់គ្រឿងចក្រ ដើម្បីរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។ ទីតាំងថ្មីនោះមានទំហំ ១៥០ហិកតា ស្ថិតនៅចម្ងាយប្រមាណជា ៦គីឡូម៉ែត្រពីរង្វង់មូលដំរី ទីរួមស្រុកវាលវែង ដែលនៅជិតទីប្រជុំជនតែម្តង។
លោកអភិបាលមានប្រសាសន៍ថា៖ «យើងកំពុងតែរៀបចំទីតាំងថ្មីជាងមួយសប្តាហ៍មកហើយ ជាភូមិសាស្រ្តមួយមិនឆ្ងាយ។ វានៅជិតបង្កលក្ខណៈងាយស្រួលឱ្យគាត់។ ទីនោះមានហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ មានភ្លើង មានទឹក ហើយពួកគាត់មួយចំនួនបានទៅមើលរួចហើយ»។
ប្រជាពលរដ្ឋ ៩៨គ្រួសារ បាននឹងកំពុងតែរស់នៅតំបន់អន្ទង់អាំង ប៉ុន្តែក្នុងនោះ ៦៧គ្រួសារបាន យល់ព្រមចាកចេញទៅកាន់ទីតាំងថ្មីនោះ។ អាជ្ញាធរបានណែនាំពួកគាត់ឱ្យបន្តសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីត្រៀមរុះរើចាកចេញពីតំបន់អន្ទង់អាំង ទៅទីតាំងថ្មី ក្រោយពីទីតាំងថ្មីត្រូវបានរៀបចំចប់សព្វគ្រប់។
ក្នុងចំណោមពលរដ្ឋទាំង ៩៨ គ្រួសារនោះ មាន ៥គ្រួសារ ត្រូវបានអនុញ្ញាតឱ្យបន្តប្រមូលផលទុរេនរយៈពេលបីឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ។ ពួកគេត្រូវចូលរួមដាំដើមឈើនៅចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ប៉ុន្តែអាចកាន់កាប់ និងអាស្រ័យផលនៅទីតាំងថ្មីជាបណ្តោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមានសិទ្ធិស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។
ទោះយ៉ាងណា ប្រជាពលរដ្ឋចំនួន ៣១គ្រួសារមិនទាន់យល់ព្រមចាកចេញនៅឡើយទេ។ ហើយពួកគាត់ត្រូវបានណែនាំឱ្យពិចារណាសម្រេចចិត្ត ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា កន្លងមក។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី២៥ ខែមិថុនាបានសរសេរថា៖«ករណីផុតកំណត់រយៈពេល ៣០ថ្ងៃ នៅតែមិនព្រមសម្រេចចិត្ត រុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ»។
លោកអភិបាលខេត្តក៍បានឱ្យដឹងផងដែរថា ក្រុមការងារអន្តរក្រសួងបានពិភាក្សាគ្នាល្អិតល្អន់ហើយថា ផ្ទៃដីអាស្រ័យផលរបស់ពួកគាត់មានប៉ុន្មាននៅតំបន់អន្ទង់អាំង នោះពួកគាត់នឹងទទួលបានផ្ទៃដីទំហំដូចដើមវិញនៅទីតាំងចាស់។ លើសពីនោះ ចំពោះទីតាំងរស់នៅវិញក្រុមការងារនឹងធ្វើការគណនា ហើយអ្នកដែលធ្លាប់មានសំណង់ទីតាំងរស់នៅតូចចង្អៀតនឹងទទួលបានទំហំសមរម្យជាងមុន។
លោកបានបញ្ជាក់ថា៖«កន្លែងថ្មីហ្នឹង ពេលគាត់ស្ម័គ្រចិត្តដកចេញពីកន្លែងហ្នឹងពេលណា គឺយើងនឹងចេញប្លង់រឹង កម្មសិទ្ធិជូនគាត់តែម្តង តែមិនមែនថា ធ្វើទីតាំងថ្មីចប់ភ្លាមឱ្យគាត់រើចេញមកនៅតែម្តងនោះទេ គឺទាល់តែគាត់ទៅរៀបចំកន្លែងថ្មីមានលំនឹងហើយទើបចេញពីនោះមក»។
ទោះយ៉ាងណា ដោយសារតែរដូវនេះ មានភ្លៀងធ្លាក់ច្រើន ហេតុនេះមិនទាន់អាចកំណត់ឱ្យបានច្បាស់លាស់ទេថា ការរៀបចំទីតាំងថ្មីនោះនឹងត្រូវចប់នៅពេលណានោះទេ។
ក្រោយពីស្ម័គ្រចិត្តផ្លាស់ប្តូរទីតាំងហើយ អាជ្ញាធរក៏បានណែនាំឱ្យពួគាត់ចូលរួមដាំដើមឈើស្តារនៅតំបន់ចាស់ឡើងវិញ។
លោកអភិបាលខេត្តបន្តថា ការដាំដើមឈើឡើងវិញនោះគឺត្រូវបានត្រៀមរៀបចំរួចជាស្រេចហើយ។ ក្នុងនោះក៏មានការសិក្សាច្បាស់លាស់ពីប្រភេទដើមឈើដែលត្រូវយកទៅដាំ និងការថែទាំផងដែរ។
លោកបានបញ្ជាក់ថា៖«ដាំហើយថែទាំទៀត មិនមែនចេះតែដាំៗនោះទេ។ ក្នុងរយៈពេលតែ១ឆ្នាំ ឬ៣ឆ្នាំ ខ្ញុំគិតថាតំបន់ហ្នឹងនឹងប្រែប្រួលមកជាបៃតងវិញហើយ។ មានប្លង់មានអីត្រូវដាំត្រឹមត្រូវ ចេញមកមានសោភណ្ឌភាពតែម្តង។ បៃតងហើយ សោភណ្ឌភាពទៀត»៕