នៅ​ឆ្នាំ ១៩៧០ ក្នុង​អាយុ ១០ ឆ្នាំ លោក Johnny Lui បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហុងកុង​ជាមួយ​គ្រួសារ​របស់​លោក​ដើម្បី​គេច​ចេញ​ពីសង្គ្រាម។ ប៉ុន្តែ លោក​មិន​ចាំ​ថា ការ​ចាក​ចេញ​របស់​លោក​ធ្វើ​ឡើង​មុន​ឬ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម​សីហនុ នៅ​ថ្ងៃ​ទី១៨ ​ខែ​មីនា ឆ្នាំ​១៩៧០ ដោយ​សេនាប្រមុខ​លន់ នល់ ឬ​យ៉ាង​ណា​នោះ​ទេ។

៥៤ ឆ្នាំ​ក្រោយ​មក ក្នុង​វ័យ​ ៦៤​ ឆ្នាំ អ្វីដែល Lui នៅ​តែ​ចងចាំ​ពី​កុមារ​ភាព​របស់​លោក​នៅ​កម្ពុជា​គឺ​ថា ​ផ្ទះ​របស់​លោក​​មាន​ទីតាំង​នៅ​ជិត​ព្រះ​បរម​រាជវាំង​ ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​លោក​​បាន​ចូល​រៀន​នៅ​សាលា​ចិន​មួយ​នៅ​ភ្នំពេញ។

ការចងចាំ​ផ្សេង​ទៀត​ដែល​លោក​មាន​នោះ​គឺ​ស្ពាន​ជ្រោយចង្វារ ហើយ​លោក​បាន​ឮ​អំពី​ក្រុម​ខ្មែរ​ក្រហម​ ប៉ុន្តែ​លោក​មិន​អាច​ដឹង​ថា ​មាន​សាច់​ញាតិ​ប៉ុន្មាន​នាក់​ដែល​មិន​បាន​ភៀស​ខ្លួន​ទៅ​ហុងកុង​ ជាមួយ​លោក បាន​បន្ត​រស់​នៅ​កម្ពុជា​ ហើយ​ថា​តើ​ពួក​គេ​នៅ​មាន​ជីវិត​ឬក៏​ត្រូវ​ខ្មែរ​ក្រហ​ម​សម្លាប់​ទាំង​អស់។ ក្រុម​គ្រួសារ​របស់​លោក​បាន​បាត់បង់​ទំនាក់​ទំនង​ជាមួយ​ពួក​គេ​តាំង​ពី​ពេល​នោះ​មក។

ទាំង​នោះ​គឺ​ជា​ការចងចាំ​តែ​ដែល​លោក​ Lui​​ ដែល​បច្ចុប្បន្ន​ជា​អ្នក​កាសែត អ្នក​អត្ថាធិប្បាយ​នយោបាយ និង​សេដ្ឋកិច្ច ​និង​ជា​អ្នក​បង្កើត​មាតិកា​ YouTube ​នៅ​ទីក្រុង​ហុងកុង​ នៅ​ចងចាំ​អំពី​អតីតកាល​របស់​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែង​ប្រាប់​រឿង​រ៉ាវ​ទាំង​នេះ​ក្នុង​ពេល​ចូលរួម​កម្មវិធី​រថភ្លើង​ ​ឡាវ-ចិន រៀប​ចំដោយ​សារព័ត៌មាន ​China Daily ​និង​បេសកកម្ម​របស់​ប្រទេស​ចិន​ប្រចាំង​អាស៊ាន។

សម្រាប់​បច្ចុប្បន្នភាព​កម្ពុជា ​លោក​បាន​ឮ​តែ​ពី​ព័ត៌មាន​អាក្រក់​ដែល​ជំរុញ​ចិត្ត​លោក​មិន​ឲ្យ​មក​លេង​ស្រុក​កំណើត​ ដែល​ព័ត៌មាន​ទាំង​នោះ​រួម​មាន​ការ​ចាប់​ជំរិត ការ​ជួញ​ដូរ​មនុស្ស និង​អសន្តិសុខ​សម្រាប់​ភ្ញៀវ​ទេសចរ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ចិត្ត​ខ្ញុំ ​​កម្ពុជា​ជា​ប្រទេស​ស្រស់​ស្អាត។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​ត្រឡប់​មក​កម្ពុជា​វិញ​ ឬ​មក​ទស្សនា​ទេ ព្រោះ​យើង​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​ កម្ពុជា​មិន​មាន​សុវត្ថិភាព​សម្រាប់​ជន​បរទេស ដោយ​សារ​មាន​ការ​ចាប់​ជំរិត ឬ​ប្លន់​ជា​ដើម។ ដូច្នេះ ​ខ្ញុំ​គិត​ថា ​មនុស្ស​មិន​ចង់​ទៅ​ស្រុក​ខ្មែរ​ទេ ដូចជា​ទៅ​​នៅ​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ»។

លោក​បន្ត​ថា​៖ «នៅ​ខេត្ត​ព្រះសីហនុ ​ខ្ញុំ​បាន​ឮ​ថា​មាន​ជនជាតិ​ចិន​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​ហើយ​យក​ទៅ​លក់​នៅ​សួន​ខេខេ។ សួន​ ខេខេ ជា​កន្លែង​ដែល​មនុស្ស​មួយ​ក្រុម​ដែល​បោក​ប្រាស់​អ្នក​ដទៃ​ ហើយ​បន្ទាប់​មក​ប្រហែល​ជា​ពួក​គេ​សម្លាប់»។

សួខ​ខេខេ តាម​ពិត​ស្ថិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ និង​ការ​បង្ខាំង​មនុស្ស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន។

បើតាម​លោក Lui ទេសចរ​ពី​ទីក្រុង​ហុងកុង​​ភាគ​ច្រើន​ទៅ​ទស្សនា​ប្រទេស​ថៃ ជប៉ុន ​និង​កន្លែង​នានា​ក្នុង​ប្រទេស​ចិន។

អ្នក​កាសែត​ម្នាក់​ទៀត​មក​ពី​ទីក្រុង​ហុងកុង​ដែរ គឺ​អ្នកស្រី​ Gao Peng ​នៅ ​Vlight Platform​ នៅ​លើ​ YouTube។ អ្នកស្រី​មិន​ធ្លាប់​ទៅ​ប្រទេស​កម្ពុជា​ទេ ​ប៉ុន្តែ​បាន​ឮ​ថា​ កម្ពុជា​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត។

ភ្ញៀវទេសចរជាតិ​មក​លេង​កម្សាន្ត​នៅ​មាត់​ឆ្នេរ ក្នុង​ខេត្ត​​ព្រះសីហនុ។ រូបថត យូសុះ អាប់ឌុល រ៉ាំហ៊ីម

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​ទៅ​ប្រទេស​កម្ពុជា​ទេ។ ខ្ញុំ​បាន​ឮ​អំពី​កម្ពុជា​តាម​អ៊ីនធឺណិត ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ខ្ញុំ​គ្រាន់​តែ​ឮ​ថា​កម្ពុជា​មាន​មិត្តភាព​ល្អ​​ជាមួយ​ប្រទេស​ចិន ហើយ​ជនជាតិ​ចិនជា​ច្រើន​ទៅ​ទីនោះ​ដើម្បី​បើក​អាជីវកម្ម ហើយ​ក៏​មាន​ភោជនីយដ្ឋាន​ចិន​នៅ​ទីនោះ​ដែរ»។

នៅ​ពេល​សួរ​អំពី​ព័ត៌មាន​អវិជ្ជមាន​អំពី​ប្រទេស​កម្ពុជា អ្នកស្រី​និយាយ​ថា បញ្ហា​សន្តិសុខ​គឺជា​រឿង​សំខាន់​សម្រាប់​ទេសចរ​បរទេស។

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ពិត​ឬ​មិន​ពិត​ទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ទៅ​ទី​នោះ​ទេ ប៉ុន្តែ​បញ្ហា​ពាក់​ព័ន្ធ​សន្តិសុខ​ជា​រឿង​សំខាន់។ មិន​ថា​ប្រទេស​ណា​ ឬ​ទីក្រុង​ណា​ទេ សន្តិសុខ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ។ ប៉ុន្តែ​ដូច​លើក​នេះ​អីចឹង​ យើង​បាន​ទៅ​លេង​ប្រទេស​ឡាវ​ ដែល​មិត្ត​ខ្ញុំ​ធ្លាប់​បាន​ឲ្យ​ខ្ញុំ​ប្រុង​ប្រយ័ត្ន​ ដូចជា​កុំ​នៅ​ម្នាក់​ឯង។ ប៉ុន្តែ​ពេល​ខ្ញុំ​មក​ដល់ ទីក្រុង​នេះ​ពិត​ជា​មាន​សុវត្ថិភាព​ណាស់»។

អ្នកស្រី​បន្ត​ថា៖ «ដូច្នេះ ​ខ្ញុំគិត​ថា​ពេល​ខ្លះ​ អ្នក​ត្រូវតែ​ពិសោធ​ដោយ​ខ្លួន​ឯង ​ដោយ​ទៅ​ទីក្រុង​នោះ​ផ្ទាល់​ ពេល​នោះ​អ្នក​នឹង​ដឹង​ការពិត។ ពេល​ខ្លះ​ បើ​យើង​ឮ​គេ​ប្រាប់​យើង យើង​គ្រាន់​តែ​ចាត់​ទុក​វា​ជា​​ឯកសារ​យោង​ទៅ​បាន​ហើយ។ សម្រាប់​​ប្រទេស​កម្ពុជា ប្រជាជន​ប្រហែល​ជា​ល្អ​ ព្រោះ​ប្រជាជន​អាស៊ីអាគ្នេយ៍​ជា​ធម្មតា​មាន​ចិត្ត​ល្អ ​សុភាព​រាបសារ ហើយ​ពួក​គេ​មាន​សហគមន៍ ​និង​វប្បធម៌​ដូច​គ្នា​ ឬ​ស្រដៀង​គ្នា»។

លោក ​Vilardo Gonzales Gabuang គឺជា​អ្នក​យកព័ត៌មាន​នៅ​កាសែត​ BusinessMirror ក្នុង​ប្រទេស ហ្វីលីពីន ​ដែល​បាន​ចូលរួម​កម្មវិធី​ទេសចរ​តាម​ផ្លូវរថភ្លើង​ ឡាវ-ចិន ផងដែរ។ នៅ​ពេល​សួរ​ថា​តើ​លោក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​​អំពី​ប្រទេសកម្ពុជា ​លោក​និយាយ​ថា លោក​គ្រាន់​តែ​បាន​ឮ​អំពី​ខ្មែរ​ក្រហម​ ប្រាសាទ​អង្គរវត្ត ​និង​ការ​លួច​វត្ថុ​បុរាណ​របស់​ខ្មែរ​តែ​ប៉ុណ្ណោះ។

នៅ​ជិត​ខាង​កម្ពុជា លោក​ Souksakhone Vaenkeo ​គឺ​ជានិពន្ធ​នាយក​រង​នៃ​កាសែត Vientiane Times ក្នុង​ប្រទេស​ឡាវ។ ទោះបីជា​ប្រទេស​របស់​លោក​​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា​ក៏​ដោយ​ក៏​លោក មិន​ធ្លាប់​មាន​ឱកាស​មក​លេង​កម្ពុជា​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឮ​រឿង​រ៉ាវ​ល្អៗ​ជា​ច្រើន​ អំពី​ប្រទេស​ជិត​ខាង​មួយ​នេះ។

លោក​និយាយ​ថា៖ «ដោយសារ​តែ​យើង​ជា​អ្នក​ជិត​ខាង ខ្ញុំ​បាន​ស្វែង​យល់​អំពី​ប្រទេស​កម្ពុជា​បាន​ច្រើន។ កាល​នៅ​រៀន ​យើង​បាន​ដឹង​ថា ឡាវ និង​កម្ពុជា​បាន​ប្រយុទ្ធ​ស្រប​គ្នា​ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង។ ក្នុង​សម័យ​រាជាណាចក្រ​ ស្តេច​យើង​បាន​ឮថា ស្ដេច​របស់​យើង​ព្រះនាម​ Fa Ngum ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ហើយ​បាន​រៀប​អភិសេក​ជាមួយ​នឹង​ព្រះនាង​ខ្មែរ»។

លោក​បន្ត​ថា៖ «នៅ​ពេល​និយាយ​អំពី​ប្រទេស​កម្ពុជា​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​ អ្វី​ដែល​ខ្ញុំ​គិត​គឺ​ប្រាសាទ​អង្គរវត្ត​ដែល​ល្បី​ល្បាញ​ខាង​ទេសចរណ៍​ និង​ខេត្ត​ព្រះសីហនុ​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ។ ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​វិធីដែល​ប្រទេស​របស់​អ្នក​ធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​យ៉ាង​លឿន​បំផុត។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ប្រជាជន​កម្ពុជា​មាន​ភាព​រួសរាយ​រាក់​ទាក់។ មាន​មិត្ត​ពី​កម្ពុជា​ដែល​ចូលរួម​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ជាមួយ​គ្នា​ដូចជា​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ​ដែល​មាន​ភាព​រាក់ទាក់»។

នៅ​ពេល​​សួរ​ថា​មាន​រឿង​អាក្រក់​ណា​ដែល​លោក​​ធ្លាប់​ឮ​អំពី​កម្ពុជា លោក​ថា លោក​មិន​ធ្លាប់​ឮ​ព័ត៌មាន​អាក្រក់​ទេ។

លោក​និយាយ​ដូច្នេះ​ថា​៖ «ខ្ញុំ​មិន​ដែល​បាន​ឮ​អំពី​រឿង​អវិជ្ជមាន​ណា​មួយ​អំពី​ប្រទេស​កម្ពុជា​ទេ យើង​មាន​ភាព​ស្រដៀង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​សប្បុរស​ និង​រួសរាយ​រាក់ទាក់»។

លោក ឈត ប៊ុនថង អ្នកស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ ​អប់រំ​ និង​ទេសចរណ៍​នៃ​រាជ្យបណ្ឌិត្យ​សភា​កម្ពុជា​ បាន​ថ្លែង​ថា តាម​ពិត​ព័ត៌មាន​អំពី​បញ្ហា​ឆបោក ឬ ចាប់​ជំរិត​មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ទេសចរណ៍​ទេ។ ប៉ុន្តែ ប្រសិន​បើ​មាន​ការ​ចាប់​ជំរិត ការ​ជួញដូរ​​មនុស្ស ឬ​ការ​ឆបោក​នោះ វា​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ភ័យ​ខ្លាច​ទោះ​ជា​រឿង​នោះ​មិន​កើត​ឡើង​លើ​ពួក​គេ​ក៏​ដោយ។

លោក​ថា បញ្ហា​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​អន្តរជាតិ​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ការ​ភ័យ​ខ្លាច។

សម្រាប់​បញ្ហា​​បច្ចុប្បន្ន លោក​បន្ត​ថា ចំនួន​ទេសចរ​មក​កម្ពុជា​នៅ​មាន​ចំនួន​តិច ដោយ​សារ​តែ​​បញ្ហា​កូវីដ១៩​ដែល​ទើប​តែ​បញ្ចប់ បន្ត​ពីក្រោយ​​ដោយ​ការងើប​ឡើង​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​នៅ​លើ​សាកលោក។ លើស​ពី​នេះ ការ​ប្រកួត​ប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ក៏ជា​កត្តា​ពាក់​ព័ន្ធ​ផងដែរ។

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​ថា សន្តិសុខ​នៅ​ក្នុង​កម្ពុជា​ពិត​ជា​ល្អ​ណាស់ ហើយ​លោក​អំពាវនាវ​ឲ្យទេសចរ​ចិន​មក​ទស្សនា​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន។​

លោក​ថ្លែង​ថា៖ «សូម​បញ្ជូនសារ​របស់​ខ្ញុំ​ទៅ​កាន់​ប្រជា​ជន​ចិន​ សូម​អញ្ជើញ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា យើង​នឹង​ផ្ដល់​គ្រប់​ឱកាស។ ប្រទេស​កម្ពុជា ជា​ប្រទេស​​អច្ឆរិយៈ ទេសចរ​ដែល​ទៅ​កាន់​ប្រទេស​កម្ពុជា និយាយថា​ ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពលរដ្ឋ​ដែល​មាន​សន្ដាន​ចិត្ត​ល្អ រាក់​ទាក់។ ប្រទេស​កម្ពុជា​មាន​ប្រាសាទ​បុរាណ​ច្រើន។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ចិន​ជាមិត្ត សូម​អញ្ជើញ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​អ្វី​ដែល​ប្រទេស​យើង​អាច​ផ្ដល់​ជូន​ យើង​មាន​ប្រជាជន​យើង​មាន​វប្បធម៌​យើង»។

បន្ទាប់​ពី​បាន​ដឹង​អំពី​ស្ថានភាព​ប្រទេស​កម្ពុជា លោក Lui និយាយ​ថា លោក​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​យ៉ាង​ខ្លីខាង​មុខ​នេះ។

លោក​និយាយ​ថា៖ «ពិត​ណាស់​ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ទស្សនា​ប្រទេស​កម្ពុជា ខ្ញុំ​ចង់​ដឹង​អំពី​ការ​ផ្លាស់ប្ដូរ​បន្ទាប់​ពី​ខ្ញុំ​បាន​ចាក​ចេញ»៕